- ថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១០:៣៩ នាទី ព្រឹក

រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក Marco Rubio បានជូនពរប្រជាជនខ្មែរ អំឡុងបុណ្យចូលឆ្នាំខ្មែរ និងសហគមន៍ខ្មែរ-អាម៉េរិកាំង នៅអាម៉េរិកទាំងអស់ ជូនពរជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គល។
«ក្នុងនាមសហរដ្ឋអាម៉េរិក ខ្ញុំសូមជូនពរ ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ជុំវិញពិភពលោក ជួបតែសេចក្តីសុខ សេចក្តីចម្រើន ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សូមទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ ជូនដល់លោកអ្នក និងក្រុមគ្រួសារ»។ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក Marco Rubio បានជូនពរប្រជាជនខ្មែរបែបនេះ អំឡុងបុណ្យចូលឆ្នាំថ្មី ២០២៥។
បើតាមសំណេរនៅលើវេបសាយក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី១៣ ខែមេសា អាម៉េរិកទន្ទឹងរង់ចាំភាពជាដៃគូជាមួយកម្ពុជា នៅពេលពេលប្រទេសទាំងពីរបានប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងអាម៉េរិក និងកម្ពុជា។
ថ្មីៗនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកម្ពុជាមានភាពតានតឹងខ្លាំង ដោយទីក្រុងវ៉ាស៊ីនតោនបានប្រកាសពន្ធទៅមក ឬពន្ធបដិការ (Reciprocal Tariff) លើកម្ពុជាក្នុងអត្រា ៤៩ភាគរយ។ យ៉ាងណាមិញ នៅថ្ងៃទី៩ មេសា លោក ដូណាល់ ត្រាំ ប្រកាសទម្លាក់ពន្ធបដិការត្រឹម១០ ភាគរយ សម្រាប់ប្រទេសទាំងអស់ដែលស្នើចរចា។ ក្នុងនោះកម្ពុជាត្រូវបានទម្លាក់ពី ៤៩ភាគរយ ដល់ត្រឹម ១០ភាគរយប៉ុណ្ណោះ ក្នុងរយៈពេល៩០ថ្ងៃ។
កម្ពុជា នឹងបញ្ចូនលោក ស៊ុន ចាន់ថុល ជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអតីតរដ្ឋមន្រ្តីពាណិជ្ជកម្ម ទៅចរចាជាមួយអាម៉េរិកក្នុងពេលឆាប់ៗខាងមុខ។
បើតាមក្រសួងពាណិជ្ជកម្ម លិខិតរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលិខិតរបស់លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៤ ខែមេសា បានបង្ហាញឆន្ទៈក្នុងការចរចារកដំណោះស្រាយ និងបញ្ចុះអត្រាពន្ធពី ៣៥ មកត្រឹម ៥ភាគរយ លើ១៩ក្រុមមុខទំនិញរបស់អាម៉េរិកមកកម្ពុជា។
ទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអាម៉េរិក សម្រេចបាននូវកំណើនជាលំដាប់ នារយៈពេល៥ឆ្នាំចុងក្រោយនេះ។ ពោលចាប់ពីចាប់២០២០ ដល់២០២៤ ទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក មួយនេះ សម្រេចបានដល់ប្រមាណ ៤០ ពាន់លានដុល្លារ ខណៈការនាំចូលវិញ មានត្រឹមប្រមាណ ១ ៤០០លានដុល្លារប៉ុណ្ណោះ៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
