ថៃ ប្រកាសច្បាប់ថ្មីប្រឆាំងការបោកប្រាស់តាមអនឡាញ
  • ថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៣:៥៩ នាទី រសៀល
ថៃ ប្រកាសច្បាប់ថ្មីប្រឆាំងការបោកប្រាស់តាមអនឡាញ
នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ។ រូបភាព ៖ X/@ingshin

ថៃ​បាន​ចេញ​ក្រឹត្យ​បន្ទាន់​មួយ ​ដែល​តម្រូវ​ឱ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ ប្រតិបត្តិករ​ទូរគមនាគមន៍ និង​បណ្តាញ​សង្គម ​ចែករំលែក​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ការពារ​ការ​បោកប្រាស់តាមអនឡាញ។

TTN-Free-Banner-In-Article-PC

ក្រឹត្យថ្មីដែលចូលជាធរមានចាប់ពីថ្ងៃទី១៣ ខែមេសា តម្រូវឱ្យស្ថាប័នហិរញ្ញវត្ថុ ប្រតិបត្តិករទូរគមនាគមន៍ និងបណ្ដាញសង្គមពិនិត្យ ផ្តល់ព័ត៌មាន និងបង្កកគណនី ប្រតិបត្តិការហិរញ្ញវត្ថុ និងសេវាទូរគមនាគមន៍ ដែលសង្ស័យថាពាក់ព័ន្ធនឹងការបោកប្រាស់តាមអនឡាញ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល លោក Prasert Jantararauangtong បាននិយាយថា ក្រឹត្យថ្មីនេះមានគោលបំណងការពារប្រជាពលរដ្ឋពីការបោកប្រាស់តាមទូរស័ព្ទ និងអ៊ីនធឺណិត។ ភ្នាក់ងារ និងអាជីវកម្មដែលមិនគោរពតាមក្រឹត្យនេះអាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ៥០០ ០០០ (១៥ ០០០ដុល្លារ)។ បុគ្គលដែលទទួលខុសត្រូវ ប៉ុន្តែមិនគោរពតាម អាចត្រូវបានពិន័យជាប្រាក់រហូតដល់ ៣០០០ដុល្លារ ឬដាក់ពន្ធនាគាររហូតដល់មួយឆ្នាំ។

ប្រតិបត្តិករទូរគមនាគមន៍ដែលខកខានក្នុងការធានាថាអតិថិជនទូរស័ព្ទចល័តត្រូវបានចុះឈ្មោះឱ្យបានត្រឹមត្រូវ ដើម្បីការពារការបោកប្រាស់អនឡាញ អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ៣០០០ដុល្លារ។ ភាគីដែលប្រមូល លាតត្រដាង ឬប្រើប្រាស់ទិន្នន័យរបស់អ្នកស្លាប់ ដែលអាចជួយសម្រួលដល់ការបោកប្រាស់ ក៏អាចនឹងត្រូវទទួលទោសដូចគ្នាដែរ។

អាជ្ញាធរក៏បានធ្វើវិសោធនកម្មបទបញ្ញត្តិដែលតម្រូវឱ្យមានការដោះដូរទ្រព្យសម្បត្តិឌីជីថលបរទេស ដើម្បីស្នើសុំអាជ្ញាប័ណ្ណដើម្បីផ្តល់សេវានៅក្នុងប្រទេសថៃ។

កន្លងមក ប្រទេសនេះបានប្រឈមនឹងបញ្ហាក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីការពារប្រតិបត្តិការគួរឱ្យសង្ស័យ លើការផ្លាស់ប្តូរទ្រព្យសម្បត្តិឌីជីថលបរទេសដែលត្រូវបានគេសង្ស័យថា បានជួយសម្រួលដល់ការផ្ទេរប្រាក់សម្រាប់បណ្តាអង្គភាពបោកប្រាស់។ វិសោធនកម្មថ្មីនេះ ក៏ចូលជាធរមានចាប់ពីថ្ងៃទី១៣ ខែមេសា។

ថ្មីៗនេះ ថៃបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយចិន ដើម្បីបង្ក្រាបការជួញដូរមនុស្ស និងការក្លែងបន្លំតាមអនឡាញដោយហៅវាថាជា«បញ្ហាសន្តិសុខជាតិ»។ អ្នកសង្កេតការណ៍ប៉ាន់ស្មានថា មជ្ឈមណ្ឌលបោកប្រាស់នៅអាស៊ីអាគ្នេយ៍បានបោកប្រាស់ជនរងគ្រោះរាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ មនុស្សរាប់សែននាក់ត្រូវបានចាប់ខ្លួនដោយក្រុមឧក្រិដ្ឋជន និងបង្ខំឱ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលបន្លំនៅទូទាំងតំបន់៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង