ចូលឆ្នាំខ្មែរ៖ ​ចម្រៀងពីរោះៗសម្រាប់រាំកម្សាន្ត និងកំពុងល្បីតាមបណ្ដាញសង្គម
  • ថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
ចូលឆ្នាំខ្មែរ៖ ​ចម្រៀងពីរោះៗសម្រាប់រាំកម្សាន្ត និងកំពុងល្បីតាមបណ្ដាញសង្គម

ភ្នំពេញ៖ បទចម្រៀងចូលឆ្នាំប្រពៃណីខ្មែរ ត្រូវបានចាក់ផ្សាយលើហ្វេសប៊ុក តិកតុក និង​យូធូបជាបន្តបន្ទាប់។ តារាចម្រៀងល្បីៗ និងផលិតកម្មល្បីៗ បានបញ្ចេញបទចម្រៀង​ចូលឆ្នាំខ្មែរ ហើយបទចម្រៀងទាំងនោះ កំពុងពេញនិយម។ ប៉ុន្តែ សារព័ត៌មានថ្មីៗ២៥ សូម​លើកយកបទចម្រៀង ដែលពីរោះមួយចំនួន។
TTN-Free-Banner-In-Article-PC

 
បទ«ចែចង់» ច្រៀងដោយ វណ្ណថាន នរិទ្ធ និងវណ្ណដា កំពុងពេញនិយម ស្ថិតនៅលំដាប់ទី១ លើបណ្តាញយូ​ធូប ដែលមានអ្នកទស្សនាចំនួនជាង ៣លានដង ក្រោយផ្សាយបាន​រយៈ​ពេល​ប្រមាណ១សប្តាហ៍ដំបូង។ បទចម្រៀងនេះ មានការបញ្ចេញមតិលើយូធូប​ជា​ង​៣​ពាន់​​ គិតត្រឹមព្រឹកថ្ងៃទី១១ ខែមេសា។ ចម្រៀងនេះ មានសំនៀងរដឺន ដែលរៀបរាប់អំពីសម្រស់នារីស្រស់សោភា។ 
 
 

«…ត្រឹមខ្នងក៏បងស្រលាញ់…» ជាឃ្លាមួយ ដែលនរិទ្ធរៀបរាប់ក្នុងបទចម្រៀង។ «…គន់យូរ អូន​ស្អាតផូផង់ បងដូចក្រឡង់ ចង់ក្រេបផ្កា…» នេះជាឃ្លាមួយរបស់លោក វណ្ណថាន។ តា​រាល្បីប្រចាំប្រទេស លោក វណ្ណដា ច្រៀងឃ្លាមួយថា «…ត្រយាយំឆ្លើយ អីណែត្រយ៉ងយំឆ្លង ត្រយូងចេញផ្លែ បងចាប់ដៃអូនត្រង ត្រគាកអូនសើយ អីនែចង្កេះអង្រ្កង..»។
 
បទ «ព្រះនាងរាំវង់» របស់លោក ម៉ម ពេជ្ជរិទ្ធ និងព្រះនាង នរោត្តម ជេនណា ពីរោះស្ដាប់ និង​មិន​មានពាក្យបងអូននោះឡើយ។ បទនេះ មិនស្ថិតនៅក្នុងបញ្ជីអ្នកស្ដាប់​ច្រើនទាំង​១០​របស់យូធូបនោះទេ ប៉ុន្តែជាបទចម្រៀងចូលឆ្នាំប្រពៃណីខ្មែរ ដ៏ពីរោះមួយ ដែលលោកអ្នក មិនគួរ​រំ​លង។ 

 

បទនេះ ​រំលេចទស្សនីយភាពដ៏សប្បាយរីករាយនៃប្រពៃណីបុណ្យចូលឆ្នាំខ្មែរ  រាប់តាំងពី​ការ​រួមគ្នារៀបចំ ដើម្បីប្រារព្ធពិធីជាមួយគ្នាប្រចាំស្រុកភូមិ និងលេងល្បែងប្រជាប្រិយ។ បទ​ចម្រៀងនេះ បានបង្ហាញវប្បធម៌ ប្រពៃណីខ្មែរយ៉ាងច្រើន ដែលពលរដ្ឋខ្មែរ ចង់ឃើញមាន​ការ​ផ្សព្វផ្សាយបែបនេះកាន់តែច្រើន។ 
 
«ចម្រៀងឆ្នាំថ្មី ដែលខ្ញុំពេញចិត្តជាងគេបំផុតក្នុងឆ្នាំនេះ ខណៈសិល្បករ ជាច្រើនបានខិតខំបញ្ចេញស្នាដៃសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ពិតជាអរគុណសម្រាប់ការខិតខំប្រឹងប្រែង បង្ហាញស្នាដៃថ្មី អមជាមួយការ បង្ហាញនូវអត្តសញ្ញាណជាតិខ្មែរយើង»។ នេះជាខ្លឹមសារបញ្ចេញយោបល់មួយក្នុងចំណោមមតិជាង៤០០នាក់។ 
 
បទ «ម៉េចហើយជីវិត?» ច្រៀងដោយ ព្រាប សុវត្ថិ ជាបទពេញនិយមសម្រាប់យុវវ័យ។ …អាម៉េចហើយជីវិតអ្ហើយទៅមុខបន្តទៀតកើតទេ ខ្ញុំsadគេបោកមុខឡូយដែរម៉េចក៏ចាញ់បោកគេ..នេះជាឃ្លាដ៏ល្បីក្នុងតិកតុក។ បទនេះ មានភ្លេងគួរឱ្យចង់រាំលេងកម្សាន្តក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ។ 

 

គិតត្រឹមថ្ងៃទី១១ ខែមេសា បទនេះ មានអ្នកទស្សនាចំនួនជាង ៥លានដងលើយូធូប។ បទនេះ មានអ្នកបញ្ចេញមតិជាង២ពាន់នាក់។ ក្រៅពីបទនេះ ផលិតកម្ម Galaxy ក៏មានបទពិរោះៗជាច្រើនទៀត ដូចជា បទ សៅអើយនាងសៅ ច្រៀងដោយ ខេមរៈ សិរីមន្ត និងបទតា លុងខេមរៈខ្មែរ West Side។ 
 
បទ «ចាក់ក្រឡេកទយ» ក៏មិនណយដែរ។ ច្រៀងដោយ សុគន្ធ និសា បទចាក់ក្រឡេកទយ ក៏ល្បីលើបណ្ដាញសង្គមខ្លាំងដែរ។ បទនេះ មានភ្លេងគួរឱ្យចង់រាំ និងធ្វើត្រាប់តាម។ មើលរាំឡើងកុង​ ជាន់ដីឡើងផុង​ ឡើងកំប៉ិតកំប៉ុង​ មើលរាំឡើងទយ​ ជាឃ្លាដែលល្បីខ្លាំង។ 

 

ចាក់ក្រឡេកទយ មានអ្នកទស្សនាលើយូធូបជាង ២លានដង ដែលមានអ្នកបញ្ចេញមតិជិត១ពាន់នាក់។ បទនេះ ជាប្រភេទបទសម្រាប់រាំកម្សាន្ត និងមានរសជាតិប្លែកមួយបែប។ ក្រៅពីបទនេះ សុគន្ធ និសា ក៏មានបទ សង្ក្រាន្តចួបស្នេហ៍ ដែលថតនៅទឹកដីសៀមរាបអង្គរ។ 
 
បទ «ឱក្រមុំៗបងអើយ» របស់អ្នកកម្លោះសង្ហារ ទេព ពិសិដ្ឋ ល្បីពេញតិកតុក និងជាប់លំដាប់ថ្នាក់លេខ៤លើយូធូប ដែលមានអ្នកស្ដាប់ជាង ៩លានដង។ បទចម្រៀងនេះ បានផ្សាយជាផ្លូវការនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ដែលមានអ្នកបញ្ចេញមតិជិត៤ពាន់នាក់ គិតត្រឹមថ្ងៃទី១១ ខែមេសា។ 

 

«ឮភ្លេងចង់រាំ ស្ដាប់អត្ថន័យចង់យំ មើលវីដេអូចង់សើច» នេះជាមតិរបស់អ្នកស្ដាប់មួយរូបលើយូធូប។ ជាការពិត បទចម្រៀងនេះ មានភ្លេងគួរឱ្យចង់រាំ និងមានអត្ថន័យឈឺចាប់ ដែលសង្សាររបស់បុរសរូបនោះ បានចាកចេញទៅរាជធានី​ និងស្រឡាញ់បុរសផ្សេង ចោលកម្លោះស្រុកស្រែ។
 
បទ «ពីរលានបានហើយ» ច្រៀងដោយ សួរ ប៊ុតរិទ្ធី (Sour Botrithy) មានអ្នកស្ដាប់១,៥លាននាក់ ដែលបានចាក់ផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥។ បទនេះ ឈរនៅលំដាប់ថ្នាក់លេខ៥ លើយូធូប គិតត្រឹមថ្ងៃទី១១ ខែមេសា។ បុរសមួយរូប នាំបុរសមួយក្រុមទៅតថ្លៃបណ្ដាការជាមួយឪពុករបស់នារី ដែលគេស្រឡាញ់។ បទនេះ ពិតជាពិរោះ និងមិនប្រើពាក្យអសុរោះ។ 
 
 

«ពិរោះបងប្រុស» នេះមតិរបស់តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ។ បទនេះ មានអ្នកបញ្ចេញមតិយោបល់ជិត១ពាន់នាក់។ កាលពីឆ្នាំ២០២៤ តារាចម្រៀងរូបនេះ បានបញ្ចេញបទ «ឪក្មេកដែលខ្ញុំប្រាថ្នា» ក៏ល្បីល្បាញផងដែរ។ បទនេះ​ មានអ្នកស្ដាប់សរុប២៦លានដងលើយូធូបគិតត្រឹមថ្ងៃទី១១ ខែមេសានេះ។ 
 
ក្រៅពីបទខាងលើនេះ តារាចម្រៀងជាច្រើនទៀត ក៏បានបញ្ចេញបទចម្រៀងសម្រាប់ចូលឆ្នាំខ្មែរដ៏ពិរោះជាច្រើនបទ។ បទ ក្រមុំសក់ត្រង់ ច្រៀងដោយក្មេងខ្មែរ, បទ រាំឌីស្កូ ដោយ វុទ្ធា និងរ៉េងហ្គូ, បទ ឆ្នាំហ្នឹងសៀមរាបសប្បាយខ្លាំង ដោយ ខេមរៈ សិរីមន្ត, និងបទ សង្ក្រាន្តមកដល់ហើយ ដោយ ឱក សុគន្ធកញ្ញា៕ 

អ្នកសរសេរអត្ថបទ

ជម្រាបសួរមិត្តអ្នកអាន! នៅឆ្នាំ២០១៩ ខ្ញុំ សែម វណ្ណា (Sem Vanna) មានឱកាសចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ ផ្នែកផលិតវីដេអូ និងបទយកការណ៍។ បច្ចុប្បន្ន ខ្ញុំ ផ្ដោតលើព័ត៌មានបេតិកភណ្ឌ វប្បធម៌ និងសង្គម។ ក្រៅពីសរសេរព័ត៌មានសង្គមទូទៅ ខ្ញុំ ក៏បានចូលរួមផលិតវីដេអូឯកសារអំពីរមណីយដ្ឋានអង្គរផងដែរ៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម វណ្ណា