អង្គរសង្ក្រាន្ត បានចូលរួម​បំផុសស្មារតីស្នេហាជាតិ ​ការលើកស្ទួយទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាន
  • ថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៥:៣៦ នាទី ល្ងាច
អង្គរសង្ក្រាន្ត បានចូលរួម​បំផុសស្មារតីស្នេហាជាតិ ​ការលើកស្ទួយទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាន

សម្តេច ហ៊ុន ម៉ាណែត មានមោទកភាពចំពោះការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលបន្តប្រារព្ធឡើងនៅទឹកដីខេត្តសៀមរាប ជាង ១០ឆ្នាំមកនេះ ក្នុងគោលបំណងលើកតម្កើងវប្បធម៌ ប្រពៃណីជាតិ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងទឹកចិត្តល្អរបស់ពលរដ្ឋខ្មែរ។

TTN-Free-Banner-In-Article-PC

សម្រាប់ប្រមុខរាជរដ្ឋាភិបាល ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពុំត្រឹមតែជាឱកាសចូលឆ្នាំថ្មី ប្រ​ពៃណីជាតិខ្មែរនោះទេ តែព្រឹត្តិការណ៍នេះបានក្លាយជាកម្លាំងជំរុញទេសចរណ៍គ្រប់ទម្រង់រួមមាន ទេសចរណ៍វប្បធម៌, ​ប្រពៃណី ប្រវត្តិសាស្ត្រ និងទេសចរណ៍ធម្មជាតិផង។ 

ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅរសៀលថ្ងៃទី១៤ ខែមេសា នៅទីតាំងភូមិខ្ញុំ មុខប្រាសាទអង្គរវត្ត សម្តេច នាយករដ្ឋមន្ត្រី បានថ្លែងថា បានក្លាយជាចំណែកមួយ ក្នុងការជំរុញភាពរីកចម្រើននៅក្នុងខេត្តសៀមរាប និងសេដ្ឋកិច្ចជាតិ។ 

មិនតែប៉ុណ្ណោះ ​ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ​ក៏បានសម្រេចនូវស្មារតីរបស់ព្រឹត្តិការណ៍ដែរ នោះការ បំផុសស្មារតីស្នេហាជាតិក្នុងសង្គម, ជំរុញ​លើកស្ទួយទេសចរណ៍ និង​លើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន ។ 

ពីពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅរសៀលថ្ងៃទី១៤ ខែមេសា នៅទីតាំងភូមិខ្ញុំ មុខប្រាសាទអង្គរវត្ត សម្តេច នាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ ៖«គោលដៅសំខាន់នៃការរៀបចំអង្គរសង្ក្រាន្ត ពីមុនខ្ញុំគិតថា ក៏ដូចជានៅឆ្នាំនេះ គោលបំណងធំ៣ ទី១ បំផុសស្មារតីស្នេហាជាតិ តាមរយៈរួមគ្នា សាមគ្គីគ្នាជាកម្លាំងជាតិមួយ ដើម្បីលើកតម្កើងវប្បធម៌ ប្រពៃណីជាតិខ្មែរ។ ទី២ គឺបំផុសការផ្សព្វផ្សាយនូវវិស័យទេសចរណ៍ និងទី៣គឺលើកស្ទួយសកម្មភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងក្រុងសៀមរាប និងតំបន់ទេសចរណ៍មួយចំនួន នៅទូទាំងប្រទេស។ ​តាមរបាយការណ៍របស់ ឯកឧត្តមអភិបាល(ខេត្ត) និងឯកឧត្តម ហ៊ុន ម៉ានី ហើយតាមព័ត៌មានដែលខ្ញុំបានពីក្រុមការងារ ក៏ដូចជាខ្លួនខ្ញុំផ្ទាល់[…] អាចនិយាយយ៉ាងមោទកភាពថា គោលបំណងទាំង៣នេះ គឺបានសម្រេច។»។

ក្រៅពីថ្លែងនូវមោទកភាពចំពោះព្រឹត្តិការណ៍វប្បធម៌ដ៏ធំនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏រំពឹងដែរថា អង្គរសង្ក្រាន្ត ឆ្នាំ២០២៥នេះ នឹងបន្តទាក់ទាញនូវកំណើនទេសចរកាន់តែច្រើនជាងការរៀបចំមុនៗបន្ថែមទៀត។ យោងតាមរបាយការណ៍ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៣ ទាក់ទាញបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១៨ម៉ឺននាក់ និងបានហក់កើនឡើង ដល់ប្រមាណ ១២លាននាក់ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ