ឆ្នាំនេះ ខុសពីឆ្នាំមុន! លោក អុឹង គៀង មិនទៅស្រុក​ថ្ងៃចូលឆ្នាំ ព្រោះគ្មានថវិកាគ្រប់គ្រាន់
  • ថ្ងៃអង្គារ ទី១៥ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៥៩ នាទី ព្រឹក
ឆ្នាំនេះ ខុសពីឆ្នាំមុន! លោក អុឹង គៀង មិនទៅស្រុក​ថ្ងៃចូលឆ្នាំ ព្រោះគ្មានថវិកាគ្រប់គ្រាន់

ភ្នំពេញ៖ កំពុងអង្គុយលើស៊ីក្លូពាក់កាសត្រចៀក យកដៃទល់ចង្កា បុរសចំណាស់ពាក់អាវពណ៌ឈាមជ្រូកមួយរូប ហាក់ស្រងូតស្រងាត់ម្នាក់ឯង។ អ្នកធាក់ស៊ីក្លូចំណាស់ៗផ្សេងទៀត កំពុងអង្គុយចាំភ្ញៀវនៅខាងជើងរបងសារមន្ទីរជាតិភ្នំពេញ។ នាម៉ោងជាង៤រសៀល ស៊ីក្លូមួយចំនួន ក៏បានដឹកភ្ញៀវចេញពីទស្សនាសារមន្ទីរជាតិ។ ប៉ុន្តែលោក អុឹង គៀង កំពុងអង្គុយលើស៊ីក្លូពាក់កាសត្រចៀក គ្មានភ្ញវនោះទេ។
TTN-Free-Banner-In-Article-PC

 
 

កាលពីវ័យ ៧៥ឆ្នាំ លោក អុឹង គៀង បានសម្រេចចិត្តចាកចេញពីស្រុកកំណើតមករាជធានីភ្នំពេញ ដើម្បីរកប្រាក់កម្រៃចិញ្ចឹមជីវិត ក្រោយពេលធ្វើកសិកម្មមិនសមប្រកប។ គិតត្រឹមឆ្នាំ២០២៥នេះ លោក អុឹង គៀង បានប្រកបរបរធាក់ស៊ីក្លូ ៥ឆ្នាំមកហើយ។ រស់នៅរាជធានីភ្នំពេញតែម្នាក់ លោក អុឹង គៀង ខិតខំសន្សំលុយ ដែលសល់ពីទិញបាយបន្តិចបន្តួចឱ្យប្រពន្ធនៅស្រុកកំណើត។ ១ម៉ឺន៥ពាន់រៀល ជាចំណូល ដែលលោករកបានច្រើនបំផុតក្នុងមួយថ្ងៃ។
 
«ថ្ងៃខ្លះ បានច្រើនបំផុត១៥ ០០០រៀល។ ថ្ងៃខ្លះ អត់ប៉ុន្មានថ្ងៃជាប់គ្នាក៏មាន។ ពេលខ្លះ បានគេចែកបាយ គេចែកអង្ករ។ ហើយអង្ករសល់ ផ្ញើទៅផ្ទះនៅស្រុក។» នេះជាការរៀបរាប់របស់លោក អ៊ឹង គៀង។ ព្រលឹមស្រាងៗលោកតាពិសាកាហ្វេមួយកែវ ហើយមិនពិសាបាយនោះទេ។ កាហ្វេរួច លោកតាធាក់ស៊ីក្លូទៅរកអ្នកជិះ។ បាយរសៀល និងបាយល្ងាច ភាគច្រើនលោក អុឹង គៀង ចំណាយ៤ពាន់រៀលក្នុងមួយពេល។ 
 


នៅពេលដែលត្រូវបានសួរថា តើលោកអញ្ជើញទៅស្រុកឬទេ ចូលឆ្នាំថ្មីនេះ? លោក អុឹង គៀង ស្រក់ទឹកភ្នែកភ្លាម។ ទឹកភ្នែកហូរ ព្រោះលោកមិនមានប្រាក់គ្រប់គ្រាន់នោះឡើយ។ អ្នកធាក់ស៊ីក្លូរូបនេះ សម្រេចចិត្តមិនទៅចូលឆ្នាំខ្មែរ ប៉ុន្តែលោកនឹងផ្ញើថវិកាបន្តិចបន្តួចដល់ភរិយា។ 
 
លោក អ៊ឹង គៀង រៀបរាប់ទាំងទឹកភ្នែកដូច្នេះ៖ «ឆ្នាំនេះ ខ្ញុំអត់ទៅទេ។ វា ខ្វះខាតថវិកា ហើយយើងផ្ញើលុយឱ្យគេធ្វើបុណ្យ ធ្វើទានទៅ»។ ក្នុងមួយខែៗ លោក អឹុង គៀង ផ្ញើថវិកាទៅកាន់គ្រួសារចន្លោះពី ១០ម៉ឺន ទៅ២០ម៉ឺនរៀល តាមលទ្ធភាព ដែលលោករកបាន។ អំណោយនានា ដែលគេចែកជូនលោក អុឹង គៀង ក៏គាត់ផ្ញើទៅកាន់ភរិយាដែរ។ 
 
បុរសវ័យ៨០ឆ្នាំរូបនេះ ចង់បន្តធាក់ស៊ីក្លូ រហូតដល់ពេលលោកលែងមានកម្លាំង ទោះបីកូនៗរបស់លោកតែងតែសុំឱ្យឈប់។ វ័យជរា ក៏ពិតមែន ប៉ុន្តែលោកនៅមានកម្លាំង ដើម្បីធាក់ស៊ីក្លូ។ របរធាក់ស៊ីក្លូ ជាជម្រើសនៃជីវិតរបស់លោក អុឹង គៀង ហើយលោកមិនចង់ឈប់ធាក់នោះទេ បើកម្លាំងនៅមាន៕ 
 

 

អ្នកសរសេរអត្ថបទ

ជម្រាបសួរមិត្តអ្នកអាន! នៅឆ្នាំ២០១៩ ខ្ញុំ សែម វណ្ណា (Sem Vanna) មានឱកាសចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ ផ្នែកផលិតវីដេអូ និងបទយកការណ៍។ បច្ចុប្បន្ន ខ្ញុំ ផ្ដោតលើព័ត៌មានបេតិកភណ្ឌ វប្បធម៌ និងសង្គម។ ក្រៅពីសរសេរព័ត៌មានសង្គមទូទៅ ខ្ញុំ ក៏បានចូលរួមផលិតវីដេអូឯកសារអំពីរមណីយដ្ឋានអង្គរផងដែរ៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សែម វណ្ណា