វិនិយោគិនចិន លែងចាប់អារម្មណ៍ទីផ្សារអចលនទ្រព្យនៅបរទេស
- ថ្ងៃអង្គារ ទី១៥ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១០:១៩ នាទី យប់

តំបន់អចលនទ្រព្យ Evergrande Group នៅទីក្រុងប៉េកាំង។ រូបភាព ៖ AFP
កន្លងមក វិនិយោគិនចិនធ្លាប់តែបោះទុនរាប់សែនដុល្លារទៅក្នុងវិស័យអចលនទ្រព្យនៅបរទេស ខណៈសេដ្ឋកិច្ចកំពុងរីកចម្រើន។ ប៉ុន្តែបច្ចុប្បន្ន លំហូរទុនទាំងនេះ បានជាប់គាំងនៅពេលដែលសេដ្ឋកិច្ចនៅទ្រឹង ហើយទីផ្សារអចលនទ្រព្យក្នុងស្រុកធ្លាក់ចុះ ដែលបណ្តាលឲ្យនិន្នាការពីមុនហាក់ដើរបញ្ច្រាស់ទៅវិញ។

កាលពីប៉ុន្មានឆ្នាំមុន វិនិយោគិនចិនដែលមានទ្រព្យកម្រិតមធ្យមបានបញ្ចូលដើមទុនទៅទីផ្សារអចលនទ្រព្យនៅបរទេស ដោយទាញយកអត្ថប្រយោជន៍ក្នុងបរិបទសេដ្ឋកិច្ចរីកចម្រើន ដើម្បីបង្កើនទ្រព្យសម្បត្តិរបស់ពួកគេ។
លោក Stephen Yao ជាភ្នាក់ងារទេសចរណ៍នៅខេត្ត Guangdong បានប្រាប់កាសែត South China Morning Post ថា លោកបានហោះហើរជាទៀងទាត់ទៅថៃ ដើម្បីជួយវិនិយោគិនទិញផ្ទះល្វែងនៅទីក្រុងបាងកក និងប៉ាតាយ៉ាក្នុងឆ្នាំ ២០១៧-២០១៨។
អំឡុងពេលនោះ លោកបានធ្វើដំណើររាប់សិបដង ជួយអ្នកធ្វើការក្នុងវិស័យទេសចរណ៍ ការនាំចេញ ឬសេវាកម្មពីទីក្រុងលំដាប់ទីពីររបស់ចិននេះ ដោយផ្ទះល្វែងនីមួយៗមានតម្លៃចន្លោះពី ៥០ម៉ឺនយ័ន(៦៨ ៤០០ដុល្លារ) ទៅ ២លានយ័ន (ប្រមាណ ២៧ម៉ឺនដុល្លារ)។
ប៉ុន្តែបច្ចុប្បន្ន វិបត្តិសេដ្ឋកិច្ច និងអចលនទ្រព្យក្នុងស្រុកបានផ្លាស់ប្តូររូបភាព។ លោក Yao កម្រហោះហើរណាស់ ពុំសូវមានអតិថិជនដូចមុន ហើយលោកឃើញសហការីជាច្រើនក្នុងវិស័យនេះប្តូររបៀបរកស៊ី។
សេដ្ឋកិច្ចរបស់ចិននាពេលនេះ កំពុងប្រឈមនឹងទស្សនវិស័យមិនល្អ។ អ្នកជំនាញព្យាករថា កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះនឹងឈានដល់ត្រឹមតែ ៤,៥ភាគរយប៉ុណ្ណោះ។ តម្លៃផ្ទះក្នុងស្រុក មានហានិភ័យនៃការធ្លាក់ចុះយ៉ាងខ្លាំង ដោយក្តីរំពឹងនៃការស្ទុះងើបឡើងវិញដើម្បីជំរុញកំណើននៅឆ្នាំ ២០២៦។
លោក Tyran Kam អ្នកជំនាញមកពី Fitch Ratings ដែលជាទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ឥណទានឈានមុខគេមួយរបស់ពិភពលោកបានបង្ហាញថា វិស័យអចលនទ្រព្យកំពុងជួបបញ្ហាជាមួយនឹងតម្លៃអចលនទ្រព្យខ្ពស់ ទីផ្សារការងារមិនស្ថិតស្ថេរ និងតម្លៃផ្ទះលើសពីលទ្ធភាពជាច្រើន។
ក្នុងន័យស្រដៀងគ្នានេះ ក្រុមហ៊ុន HSBC Asset Management បានព្រមាននៅក្នុងព្រឹត្តិបត្រខែកុម្ភៈរបស់ខ្លួនថា ទ្រព្យសម្បត្តិប្រជាជនភាគច្រើនផ្អែកលើអចលនទ្រព្យ ការធ្លាក់ចុះនាពេលបច្ចុប្បន្នអាចនាំឱ្យមានបរិត្តផរណាអូសបន្លាយ ដែលគំរាមកំហែងដល់ស្ថិរភាពសេដ្ឋកិច្ច។
វិស័យអចលនទ្រព្យ ជាបណ្តាញការវិនិយោគដ៏ទាក់ទាញបំផុតសម្រាប់ប្រជាជនចិនដែលចង់ក្លាយជាអ្នកមាន។ អាផាតមិនខ្នាតតូចនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅថៃមានភាពទាក់ទាញ ដោយសារតម្លៃសមរម្យ និងទីតាំងភូមិសាស្រ្តងាយស្រួល។ ប៉ុន្តែជំងឺរាតត្បាតកូវីដ-១៩ បានប្រែក្លាយចំណាត់ថ្នាក់នេះ។ ការធ្លាក់ចុះនៃប្រាក់ចំណូល និងការធ្លាក់ចុះនៃតម្លៃទ្រព្យសកម្មក្នុងស្រុកបានធ្វើឱ្យការវិនិយោគបរទេសក្លាយជាបន្ទុកហិរញ្ញវត្ថុ។
បន្ទាប់ពីបានបើកដំណើរការឡើងវិញក្នុងខែមករា ឆ្នាំ២០២៣ ដោយបញ្ចប់រយៈពេល ៣ឆ្នាំនៃឆ្នាំកូវីដ លោក Yao ត្រូវបានប្រគល់ភារកិច្ចក្នុងការស្វែងរកអ្នកទិញអចលនទ្រព្យជាង២០០កន្លែង ដែលអតិថិជនរបស់លោកធ្លាប់កាន់កាប់នៅអាស៊ីអាគ្នេយ៍។ ទោះបីជានៅតែមានប្រាក់ចំណូលពីការជួល ក៏មនុស្សជាច្រើនមិនអាចមានលទ្ធភាពធ្វើការទូទាត់ចុងក្រោយ ឬរក្សាភាពជាម្ចាស់បានឡើយ។ លោក Yao បាននិយាយថា ៖«ពួកគេជាប់គាំងដោយលុយ ព្រោះតែអាជីវកម្មបរាជ័យ ភាពអត់ការងារធ្វើ ឬបំណុល»។
ទីផ្សារអន្តរជាតិ ក៏រងផលប៉ះពាល់យ៉ាងខ្លាំងពីវិស័យនេះដែរ។ នៅថៃ ឧស្សាហកម្មកន្លែងស្នាក់នៅសម្រាប់បម្រើភ្ញៀវទេសចរចិនកំពុងធ្លាក់ចុះ ខណៈតម្លៃប្រតិបត្តិការកើនឡើង។ យោងតាមអាជ្ញាធរទេសចរណ៍ថៃ វិស័យទេសចរណ៍របស់ប្រទេសនេះត្រូវបានរងផលប៉ះពាល់បន្ថែមទៀតនៅពេលដែលអ្នកទេសចរ ១០ ០០០នាក់ បានលុបចោលការធ្វើដំណើររបស់ពួកគេកាលពីដើមឆ្នាំនេះ ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព។
នៅអូស្ត្រាលី វិនិយោគិនចិនជាអ្នកទិញផ្ទះលំដាប់កំពូលជាយូរមកហើយ ទិន្នន័យក្រុមប្រឹក្សាភិបាលពិនិត្យការវិនិយោគបរទេស (AFR) ថ្មីៗនេះបង្ហាញថា វិនិយោគិនចិននឹងចំណាយត្រឹមតែ ២,៦ពាន់លានដុល្លារលើផ្ទះចំនួន ១៩៩៨ខ្នង ក្នុងឆ្នាំ ២០២៣-២០២៤ ពោលគឺធ្លាក់ចុះពី ៣,៤ពាន់លានដុល្លារលើផ្ទះចំនួន ២០៦១ខ្នងកាលពីឆ្នាំមុន។ AFR ក៏បានរាយការណ៍ផងដែរថា មនុស្សមួយចំនួនថែមទាំងបានលក់ទ្រព្យសម្បត្តិក្នុងតម្លៃទាប ដើម្បីគេចពីការខាតបង់។
លោក Peter Li មកពីទីភ្នាក់ងារ Plus នៅទីក្រុងស៊ីដនី បានពន្យល់ថា ថ្លៃថែទាំគឺហួសពីមធ្យោបាយដែលពួកគេត្រូវបោះបង់ចោល។ នៅវៀតណាម ដ្បិតតែតម្លៃផ្ទះនៅទីក្រុងហូជីមិញបានកើនឡើងជាង ២០ភាគរយក្នុងមួយឆ្នាំ ក៏លោក Frankie Wang នៅតែជួបការលំបាកក្នុងការលក់គម្រោង ទៅឱ្យវិនិយោគិននៅខេត្តក្វាងទុងកាលពីចុងឆ្នាំមុន ដោយសារពួកគេខ្វះទាំងលុយ និងការលើកទឹកចិត្ត។
ការស្ទង់មតិពីសាកលវិទ្យាល័យ Shanghai Jiao Tong និង Charles Schwab បង្ហាញថា ទ្រព្យរបស់អ្នកមានកម្រិតមធ្យមនៅចិន កាន់តែមានការប្រុងប្រយ័ត្ន ដោយកំណត់ការចំណាយលើទំនិញប្រណីត រួមទាំងអចលនទ្រព្យបរទេសស្របពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។ ទោះបីជាខែសីហា ឆ្នាំមុន បានកត់ត្រាសញ្ញាភ្លឺមួយចំនួនដោយសារគោលនយោបាយគាំទ្រក៏ដោយ ទំនុកចិត្តក្នុងការផលិត និងការប្រើប្រាស់នៅតែមានភាពផុយស្រួយ។

តំបន់អចលនទ្រព្យរបស់ក្រុមហ៊ុន Vanke នៅទីក្រុង Zhengzhou ។ រូបភាព ៖ AFP
កាលពីមុន ការទិញដ៏ធំដោយមហាសេដ្ឋីដូចជា Wang Jianlin នៅពាក់កណ្តាលទសវត្សឆ្នាំ២០១០ បានបង្កឱ្យមានរលកនៃការវិនិយោគបរទេសក្នុងចំណោមអ្នកមានកម្រិតមធ្យម របស់ចិន។ គម្រោងនៅក្នុងប្រទេសថៃ វៀតណាម ម៉ាឡេស៊ី និងជប៉ុនត្រូវបានសាងសង់ឡើង ដើម្បីបំពេញតម្រូវការរបស់ជនជាតិចិនដែលមានទ្រព្យសម្បត្តិ ប៉ុន្តែឥឡូវនេះពួកគេប្រឈមនឹងហានិភ័យនៃការបរាជ័យ។ Forest City ក្នុងរដ្ឋ Johor ប្រទេសម៉ាឡេស៊ី ដែលជាគម្រោងតម្លៃ ១០០ពាន់លានដុល្លារដោយ Country Garden អាចជាករណីមួយបងហាញពីភាពជាប់គាំងនៃអចលនទ្រព្យ។ វាត្រូវបានគេរំពឹងថា នឹងស្វាគមន៍អ្នកស្រុកចំនួន ៧០ម៉ឺននាក់នៅឆ្នាំ ២០៣៥ ប៉ុន្តែឥឡូវនេះមានតិចជាង ១ភាគរយនៃគោលដៅ។ នេះបើយោងតាមលោក Patricia Li ដែលបានទិញផ្ទះល្វែងពីរនៅទីនោះក្នុងឆ្នាំ ២០១៧។
ចំណែកនៅក្នុងស្រុកចិនវិញ គោលនយោបាយរឹតបន្តឹងចាប់តាំងពីឆ្នាំ២០២១ បានជំរុញឱ្យក្រុមហ៊ុនអចលនទ្រព្យដូចជា Evergrande និង Country Garden មានបញ្ហា។ Country Garden ដែលធ្លាប់ជារូបតំណាងឧស្សាហកម្មអចលនទ្រព្យរបស់ចិន ឥឡូវនេះប្រឈមនឹងការសងបំណុលចំនួន ២,៥ពាន់លានដុល្លារដែលនឹងត្រូវបង់នៅចុងឆ្នាំនេះ ហើយហានិភ័យនៃការខកខានអាចបន្តធ្វើឱ្យសេដ្ឋកិច្ចទន់ខ្សោយរួចទៅហើយ។
ការរួមបញ្ចូលគ្នានៃទីផ្សារអចលនទ្រព្យដែលកំពុងធ្លាក់ចុះ កំណើនសេដ្ឋកិច្ចយឺត និងការធ្លាក់ចុះនៃទ្រព្យសម្បត្តិគ្រួសារបានធ្វើឱ្យវិនិយោគិនចិនបាត់បង់ចំណាប់អារម្មណ៍លើអចលនទ្រព្យបរទេស។ អចលនទ្រព្យនៅថៃ អូស្ត្រាលី ឬវៀតណាម ដែលធ្លាប់ជានិមិត្តរូបនៃភាពជោគជ័យ ឥឡូវនេះបានក្លាយជាការឈឺចាប់ផ្នែកហិរញ្ញវត្ថុ។ លោក Yao បានថ្លែងថា៖ «លំនឹង និងទិដ្ឋភាពភូមិសាស្ត្រនយោបាយបានផ្លាស់ប្តូរទាំងស្រុង»៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: