Phnom Penh insolite ជាកម្មវិធីដើរ​ស្គាល់​ភ្នំពេញតាម​របៀប​ប្លែក ដោយចេញដំណើរ​ពី​ស្ថានីយ​រថភ្លើង
  • ថ្ងៃអង្គារ ទី១៥ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៣៩ នាទី យប់
Phnom Penh insolite ជាកម្មវិធីដើរ​ស្គាល់​ភ្នំពេញតាម​របៀប​ប្លែក ដោយចេញដំណើរ​ពី​ស្ថានីយ​រថភ្លើង

ភ្នំពេញ៖  លោក ឃុន វណ្ណៈ បានបង្កើតដំណើរ Phnom Penh insolite (អាំងសូលីត) ជា​មួយ​លោក PEZARD Emmanuel។ Phnom Penh insolite មិនមែនជាឈ្មោះផ្លូវថ្មើរជើងទេ មិនមែន​ជាទីភ្នាក់ងារទេសចរណ៍ទេ ប៉ុន្តែ Phnom Penh insolite ជាកម្មវិធីដើរកម្សាន្ត​ក្នុងរាជ​ធានី​ភ្នំពេញ។ ភ្ញៀវអាចស្នើសុំឱ្យលោក វណ្ណៈ នាំពួកគាត់ដើរតាមផ្លូវលំ ក្នុង​កណ្ដាល​ទីក្រុងបាន ដោយ​ណាត់​ជួប​គ្នា​នៅ​ស្ថានីយអយស្ម័យយាន​ភ្នំ​ពេញ (ស្ថានីយ​រថភ្លើង)។ នៅ​ឯស្ថានីយអយស្ម័យយាន លោក វណ្ណៈ ជជែក​អំពី​រឿង​អតីតកាល​ជា​ច្រើន ទាក់ទង​អំពី​រថភ្លើង ដែល​គាត់​ធ្លាប់​ជួប​កាល​ពី​កុមារភាព។
TTN-Free-Banner-In-Article-PC

ដំណើរ Phnom Penh insolite ប្រើ​ពេលវេលា​ជិត៤ម៉ោង ដោយក្នុងដំណើរនេះ គឺ​ជា​ឱកាស​​ដែលគេនឹងជួបជាមួយ​ប្រជាពលរដ្ឋ ដែល​ស្នាក់​នៅ ឬ​ធ្វើ​ការ​កន្លែង​នោះ។ អ្នក​ភ្នំពេញ​ទាំង​អស់​នោះ ម្នាក់ៗ​មាន​ចំណុចពិសេស​​ប្លែកៗគ្នា ដូច​ជា​មុខរបរ សកម្មភាព ទម្លាប់ ស្នាដៃ ឬ​វត្ថុ​​ដែល​​ខុស​គេ។ កាល​ពី​នៅ​វ័យ​ក្មេង លោក វណ្ណៈ បាន​រៀន​ផ្នែក​ធនាគារ។ បន្ទាប់​មក គាត់​រៀនបន្ថែម​វគ្គ​ថតរូប ដើម្បី​ក្លាយ​ទៅ​ជា​សិល្បករ​ថតរូប។ ឥឡូវនេះ​ គាត់​ក៏​ជាវិចិត្រករផងដែរ ជាពិសេស​គាត់​ចាប់​អារម្មណ៍​នឹង​គូរ​សត្វ​ឆ្មា។ ដើម្បីដើរស្គាល់ Phnom Penh insolite ត្រូវ​តេ​ទូរស័ព្ទ​ទៅ​កាន់​លេខ ០៧៧ ២១ ២១ ៧៣ ​ឬ​ផ្ញើ​សារ​អេឡិចត្រូនិកទាក់​ទង់​លោក វណ្ណៈ ទៅ [email protected] ។ Insolite គឺ​ជា​ពាក្យ​បារាំង​ ដែល​មាន​ន័យ​ថា​ មិន​ធម្មតា ចម្លែក ខុសគេប្លែក។

ស្ថានីយអយស្ម័យយានភ្នំពេញ ត្រូវបាន​សាងសង់​កាល​ពី​សម័យ​អាណានិគម​បារាំង ក្នុង​ឆ្នាំ​១៩៣២។ គឺជា​ស្នាដៃ​របស់​ស្ថាបត្យករ​ DESBOIS Jean (កើត​ឆ្នាំ១៨៩១ ស្លាប់​ឆ្នាំ​១៩៧១)។ អគារ​នេះ​ធ្វើ​អំពី​បេតុង​អាមេ។ 

គួរកត់សម្គាល់ថា កម្ពុជាមានផ្លូវរថភ្លើងចំនួន២ខ្សែ គឺខ្សែភាគខាងជើង និងខ្សែភាគខាង​ត្បូង ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ។ ខ្សែភាគខាងជើង ពីរាជធានីភ្នំពេញ ទៅ​ក្រុងប៉ោយប៉ែត មានប្រវែងសរុប ៣៨៦គីឡូម៉ែត្រ និងបានចាប់បើកដំណើរការទាំងស្រុង​ឡើង​វិញ នៅខែកក្កដា ឆ្នាំ២០១៨។ ចំណែកខ្សែភាគខាងត្បូង ពីភ្នំពេញ ទៅខេត្តព្រះ​សីហនុ មានប្រវែង ២៦៤គីឡូម៉ែត្រ និងបានបើកឱ្យដំណើរការឡើងវិញ នាខែមេសា ឆ្នាំ២០១៦។ ឆ្នាំ២០១៧ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (រាជាយស្ម័យយាន​កម្ពុជា) ទទួលបាននូវ​សម្បទានរយៈពេល៣០ឆ្នាំ លើការដឹកជញ្ជូនតាមរថភ្លើងក្នុងប្រទេស។ 

អំឡុង​ពេលជំងឺកូវីដ-១៩ បានរាលដាលនៅកម្ពុជា ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ដែល​គ្រប់គ្រង​ការ​ជិះអយស្ម័យយានទូទាំងប្រទេស បានផ្អាកការជិះរថភ្លើង លើខ្សែទាំង​២សម្រាប់​អ្នក​ដំណើរ ម្តងជាពីរដង។ ការធ្វើដំណើរតាមរថភ្លើងនេះ ត្រូវ​បាន​បើក​ឡើង​វិញ កាលពី៣ឆ្នាំមុន ​នៅក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩។
តាមពិត ខ្សែរថភ្លើងដំបូងបង្អស់ ត្រូវបានបើកឆ្នាំ១៨៩៥។ វាចេញពីកំពង់ផែមាត់ពាម ទៅដល់ក្រុងសៀមរាប។ ដោយឡែក មិនសល់អ្វីសោះពីផ្លូវដែក៨គីឡូម៉ែត្រនោះទ។

នៅស្ថានីយអយស្ម័យយានភ្នំពេញ មានក្បាលរថយន្តភ្លើងចំណាស់ចំនួន២ ដែលត្រូវបាន​គេ​ទុក​ចោល ដោយសារតែវាខូចប្រើលែងកើត។ ដ្បិតប្រើការមិនបាន តែក្បាល​រថភ្លើង​ចំណាស់នេះ ក៏ជាផ្នែកមួយដែលគួរជាទីចាប់អារម្មណ៍របស់អ្នកដំណើរទូទៅដែរ៕

អត្ថបទទាក់ទង

 
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

នាយយ៉ាន