ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងនៅចិន មានមនុស្សយន្តចូលរួមលើកដំបូងត្រូវពន្យាពេល
  • ថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៤០ នាទី ព្រឹក
ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងនៅចិន មានមនុស្សយន្តចូលរួមលើកដំបូងត្រូវពន្យាពេល

ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងនៅទីក្រុងប៉េកាំង ដែលនឹងមានមនុស្សយន្តចូលរួមរត់លើកដំបូងក្នុងប្រវត្តិសាស្ត្រ ត្រូវបានផ្អាកបណ្តោះអាសន្ត ព្រោះតែបញ្ហាអាកាសធាតុអាក្រក់ មានខ្យល់បក់ខ្លាំងក្នុងទីក្រុង អាចបង្កឱ្យប៉ះពាល់ដល់មនុស្សយន្តដួលរលំ អំឡុងពេលរត់។

TTN-Free-Banner-In-Article-PC

ទីក្រុងប៉េកាំង ពេលថ្មីនេះ បានប្រកាសពីដំណឹងអាកាសធាតុ នឹងមានខ្យល់បក់ខ្លាំង និងចុះត្រជាក់ ចាប់ពីថ្ងៃទី១១-១៣ ខែមេសា ដែលបញ្ហានេះគឺនឹងអាចកើតចំថ្ងៃ ដែលរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង។ ការប្រកាសអំពីអាកាសធាតុអាក្រក់ដែលទីក្រុងប៉េកាំង នឹងជួបប្រទះទាក់ទងនឹងខ្យល់បក់ខ្លាំងកាត់ទីក្រុង ក៏ជាលើកដំបូងផងដែរ រយៈពេលជិត ១សតវត្សរ៍។

អ្នកជំនាញ លើកឡើង និងបានព្រមានថាមនុស្សយន្តដែលត្រូវដាក់ឱ្យរត់ពាក់កណ្តាលម៉ារ៉ាតុង អាចនឹងជួបបញ្ហាប្រឈមទៅនឹងការដួលរលំ បង្កឡើងពីអាកាសធាតុមិនល្អ ព្រោះតែប្រព័ន្ធបច្ចេកវិទ្យាទាំងនោះមិនអាចធ្វើឱ្យស្របតាមកាលៈទេសៈនៃបញ្ហាអាកាសធាតុអាក្រក់បានឡើយ។ អ្នករៀបចំព្រឹត្តិការណ៍ ក៏បានសម្រេចចិត្តប្រកាសផ្អាក ការរត់ ដោយលើកទៅធ្វើនៅថ្ងៃទី១៩ ខែមេសា។

ដំបូងឡើយអ្នករៀបចំបានប្រកាសថា ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ក្នុងទីក្រុងប៉េកាំង នឹងអាចជាការរត់មនាមនុស្សយន្តចូលរួមរត់លើកដំបូង ហើយមនុស្សយន្តមានរូបរាងស្រដៀងទៅនឹងមនុស្ស និងរត់ដោយប្រើប្រាស់ជើងដូចទៅនឹងកីឡាកររត់ដទៃផ្សេងទៀតដែរ។ ព្រឹត្តិការណ៍ដដែលទៀតសោត ក៏នឹងមានអ្នកចូលរួមរត់ប្រមាណជាង ៣០ ០០០នាក់ ក្នុងនោះមនុស្សយន្តចំនួន ២០ មកពីក្រុមហ៊ុនបច្ចេកវិទ្យាចិន និងស្ថាប័ន រួមទាំងសកលវិទ្យាល័យផ្សេងៗគ្នាចូលរួមផងដែរ។

ទោះយ៉ាងណា មនុស្សយន្តដែលត្រូវដាក់ឱ្យរត់ ត្រូវបានអ្នករៀបចំកំណត់ពេលវេលារត់ដល់ទី ដោយមនុស្សយន្តទាំងអស់ត្រូវរត់បញ្ចប់ទី ក្នុងទំហំពេលវេលា ៣ម៉ោង ៣០នាទី ខណៈក្រុមការងារអាចដោះដូរថ្ម សម្រាប់មនុស្សយន្តបានដោយសេរីអំឡុងពេលរត់ ឬក៏អាចផ្លាស់ប្តូរមនុស្សចូលរួម ស្របតាមច្បាប់រត់បណ្តាក់គ្នា៕


អ្នកសរសេរអត្ថបទ

 អ្នក​យកព័ត៌មាន​កីឡា

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង