Everton នឹងប្រើកីឡដ្ឋាន Goodison Park សម្រាប់ក្រុមនារី ក្រោយក្រុមបុរសមានទីតាំងថ្មី
  • ថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១០:០០ នាទី ព្រឹក
Everton នឹងប្រើកីឡដ្ឋាន Goodison Park សម្រាប់ក្រុមនារី ក្រោយក្រុមបុរសមានទីតាំងថ្មី

ក្លិបបាល់ទាត់ Everton កំពុងសម្លឹងមើលឱកាសបន្តប្រើប្រាស់កីឡដ្ឋានចាស់ Goodison Park សម្រាប់ធ្វើជាទឹកដីថ្មីរបស់ក្រុមនារី ក្រោយពេលក្រុមបុរស ផ្លាស់ទឹកដីទៅកីឡដ្ឋានថ្មី Bramley Moore Dock នៅរដូវកាលក្រោយ។

TTN-Free-Banner-In-Article-PC

ក្រុមបុរស Everton គ្រោងចាកចេញពីកីឡដ្ឋានចាស់ Goodison Park នៅចុងបញ្ចប់រដូវកាល ២០២៤-២៥ ដើម្បីផ្លាស់ទៅកីឡដ្ឋានថ្មីដែលទើបសាងសង់រួច Bramley Moore Dock នៅតំបន់មាត់ទឹកជាប់ទីក្រុង Merseyside ប្រទេសអង់គ្លេស។ កីឡដ្ឋានថ្មីផ្ទុកមនុស្សចំនួន ៥២ ៨៨៨នាក់ របស់ Everton សាងសង់ដោយប្រើប្រាស់ប្រាក់ជាង ១ពាន់លានដុល្លារ។ 

កន្លងមក ក្លិប Everton ស្ថិតក្នុងលីគកំពូល Premier League ធ្លាប់បានបង្ហាញកម្រោងថា ទីតាំងកីឡដ្ឋានចាស់អាចនឹងត្រូវកម្ទេចចោល ហើយសាងសង់ជាផ្ទះល្វែងស្នាក់នៅឡើងវិញ ទីកន្លែងការងារ សួនច្បារ តាមរបៀបរស់នៅជាសហគម។ យ៉ាងណាមកដល់ពេលថ្មីនេះ ក្លិបហាក់មានបំណងចង់រក្សាកីឡដ្ឋាន Goodison មានអាយុកាលតាំងពីឆ្នាំ ១៨៩២ មក ឱ្យនៅបន្តឈរជើងដដែល ដោយផ្លាស់់ឱ្យក្រុមនារី យកធ្វើជាទឹកដីវិញ។

ជម្រើសមិនកម្ទេចកីឡដ្ឋាន​ Goodison Park ត្រូវបានស្ថិតក្នុងជាជម្រើសដែលឈានមុខ ខណៈលោក Marc Watts នាយកប្រតិបត្តិក្លិប បានប្រកាសប្រាប់បុគ្គលិកក្លិបថា ម្ចាស់ក្លិបបានគោលការស្វែងរកផ្ទះថ្មីសម្រាប់ធ្វើជាទឹកដីរបស់ក្រុមនារី Everton។ បច្ចុប្បន្នក្រុមនារី Everton ប្រើប្រាស់ទីលាន Walton Hall Park យ៉ាងកីឡដ្ឋាននេះមើលទៅតូចចញ្អៀត មិនអាចផ្ទុកអ្នកគាំទ្របានច្រើន និងមិនស្របតាមគោលការណ៍របស់ការប្រកួតលីគបាល់ទាត់នារីអង់គ្លេស Women’s Super League។ 

កីឡដ្ឋាន Goodison Park ស័ក្តិសមសម្រាប់ក្រុមនារី និងជាជម្រើសប្រសើរជាងការសាងសង់កីឡដ្ឋានថ្មី និងប្រើប្រាស់ប្រាក់ខ្ចះខ្ចាយ ខណៈក្លិបក៏ទើបតែប្រកាសខាតបង់ប្រាក់ ៧ឆ្នាំជាប់គ្នា ជាង ៥០០លានដុល្លារ៕


អ្នកសរសេរអត្ថបទ

 អ្នក​យកព័ត៌មាន​កីឡា

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង