របរធ្វើមួកស្លឹកត្នោត ចិញ្ចឹមអ្នកភូមិអូរស្លាត បន្តជំនាន់
  • ថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ២:០០ នាទី រសៀល
របរធ្វើមួកស្លឹកត្នោត ចិញ្ចឹមអ្នកភូមិអូរស្លាត បន្តជំនាន់

កណ្ដាល៖ ច្រើនទសវត្សរ៍ហើយ ដែលអ្នកភូមិអូរស្លាត ក្នុងស្រុកពញាឮ ប្រកបរបរធ្វើមួកស្លឹកត្នោត។ របរធ្វើមួកស្លឹកត្នោត ជាឆ្នាំងបាយចិញ្ចឹមអ្នកភូមិភាគច្រើន ជួយឱ្យពួកគេមានជីវភាពល្អប្រសើរ បន្ទាប់ពីរបរធ្វើស្រែ។

TTN-Free-Banner-In-Article-PC

សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖

«មួកស្លឹកត្នោត» ជាផលិតផលអត្តសញ្ញាណជាតិមួយ ដែលមានប្រជាប្រិយភាពខ្លាំងពិសេស ​អំឡុងពេលបុណ្យចូលឆ្នាំ និងបុណ្យប្រពៃណីជាតិនានា។ ក្រៅពីពាក់ការពារកម្ដៅថ្ងៃ មួកស្លឹកត្នោត ក៏ជាឧបករណ៍តាំងលម្អដ៏ពេញនិយម តុបតែងតាមផ្ទះ វត្តអារាម សាលារៀន ភោជនីយដ្ឋាន តាមស្ថាប័នរដ្ឋ-ឯកជន និងទីតាំងផ្សេងៗ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ។

លោកយាយ អ៊ិន យីន ជាពលរដ្ឋរស់នៅភូមិអូរស្លាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ដែលប្រកបរបរធ្វើមួកស្លឹកត្នោតជាង៥០ឆ្នាំហើយ បន្តពីឪពុកម្ដាយ។ ក្រៅពីធ្វើស្រែ របរធ្វើមួកស្លឹកត្នោត ជាប្រភពចំណូលដ៏សំខាន់ ដែលជួយជ្រោមជ្រែងជីវភាពគ្រួសារលោកយាយ អ៊ិន យីន រួមទាំងអ្នកភូមិអូរស្លាតមួយភាគធំឱ្យមានជីវភាពល្អប្រសើរ។ បើតាមលោកយាយ អ៊ិន យីន ជំនួញតូចដ៏សាមញ្ញមួយនេះ បានទំនុកបម្រុងកូន៦នាក់របស់ខ្លួន និងបន្តចិញ្ចឹមខ្លួនឯងក្នុងវ័យ៦០ឆ្នាំប្លាយបានយ៉ាងស្រួល។

អង្គុយលើគ្រែ ក្រោមផ្ទះឈើប្រក់ស័ង្កសី លោកយាយ អ៊ិន យីន និងកូនស្រី កំពុងមមាញឹកដេរមួកស្លឹកត្នោត ដែលកំពុងមានតម្រូវការខ្ពស់ក្នុងរដូវកាលចូលឆ្នាំខ្មែរ។ ក្នុងមួយថ្ងៃ លោកយាយ អ៊ិន យីន និងកូនស្រី ធ្វើមួកស្លឹកត្នោតបានប្រមាណ១០០មួក។ បើតាមស្ត្រីចំណាស់រូបនេះ ការធ្វើមួកស្លឹកត្នោត ត្រូវចំណាយពេលច្រើន ព្រោះត្រូវហាលស្លឹកត្នោតឱ្យស្ងួត បន្ទាប់មកកាត់តម្រឹម និងពត់ស្លឹកឱ្យត្រង់ស្មើ ទើបអាចយកមកដេរភ្ជាប់គ្នាធ្វើជាមួកបាន។

រៀងរាល់៣-៤ថ្ងៃ មានឈ្មួញមកប្រមូលទិញម្ដង ហើយអ្នកស្រីលក់បានមួកមួយតម្លៃ២ពាន់រៀលក្នុងតម្លៃបោះដុំ ប៉ុន្តែបើលក់រាយមួកមួយតម្លៃ៤-៥ពាន់រៀល។ លោកយាយ អ៊ិន យីន បញ្ជាក់ថា ឈ្មួញដែលប្រមូលមួកស្លឹកត្នោតពីភូមិអូរស្លាត ភាគច្រើនយកទៅលក់បន្តតាមបណ្ដាខេត្តនានា ដូចជាសៀមរាប បាត់ដំបងជាដើម។ «តាមមាន មានច្រើនដេរច្រើន បើមួកតិចដាក់តិចអ៊ីចឹងទៅ។ ដេរបាន១០០-២០០មួក ម៉ូយមកយកបាត់ទៅ អត់បានរាប់ថាមួយរដូវលក់ប៉ុន្មានមួកទេ។​ អត់បានរាប់ ព្រោះបានអ៊ីចឹងម៉ូយមកយក ដេរអត់ទាន់ឱ្យគេផង។ អ្នកភូមិនេះដេរទាំងអស់តែឥឡូវគេចូលរោងចក្រអស់ទៅ នៅតែចាស់ៗ។ ពីមុនមកច្រើន បើខែអុំទូកវិញដេរយកទៅលក់នៅភ្នំពេញមួយភូមិនេះសឹងទាំងអស់។ ពីមុនខ្ញុំទៅលក់ដែរ តែឥឡូវខ្ញុំទៅលក់អត់កើត​ ព្រោះភ្នែកងងឹតផង ហើយដើរមិនរួចផង»។ នេះជាការលើកឡើងរបស់លោកយាយ អ៊ិន យីន។

ស្រ្តីវ័យ៦៧ឆ្នាំរូបនេះ អះអាងថា មួកស្លឹកត្នោតត្រូវបានគេប្រើប្រាស់តាំងពីយូរណាស់មកហើយ ហើយពេញនិយមខ្លាំងបំផុតអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ និងអុំទូក។ ពេញនិយម ក៏មួកស្លឹកត្នោតវត្ថុបុរាណប្រពៃណីមួយក្នុងចំណោមសម្ភារៈផ្សេងទៀត ដែលត្រូវបានពលរដ្ឋខ្មែរ បន្តប្រើប្រាស់មកដល់បច្ចុប្បន្ន។ វត្តមានព្រឹត្តិការណ៍សង្រ្កាន្ត ទាំងអង្គរសង្រ្កាន្ត និងសង្រ្កាន្តតាមបណ្ដាខេត្តនារយៈពេលកន្លងមកនេះ ក៏ជាផ្នែកមួយជំរុញការគាំទ្រ និងប្រើប្រាស់វត្ថុប្រពៃណី ដូចជាមួកស្លឹកត្នោតនេះផងដែរ។ លោកយាយ អ៊ិន យីន លើកឡើងដូច្នេះ៖«នៅតែមានដេររហូតចឹង រឿងមួកនេះអត់ចោលទេ ព្រោះថាមួកនេះពេញនិយមឱ្យតែខែបុណ្យទានពេញលក់ដាច់ជាពិសេសចូលឆ្នាំហ្នឹងហើយ។ បើចូលឆ្នាំគេយកទៅតាំងពិព័រណ៍ បើអុំទូកគេពាក់ដើរលេង»។ 

នេះគឺជាអ្នកស្រី លឹម​ នាថ អ្នកជំនាន់ក្រោយ ដែលបន្តមុខរបរដេរមួកស្លឹកត្នោតពីលោកយាយ អ៊ិន យីន។ ធំធាត់ក្នុងគ្រួសារធ្វើមួកស្លឹកត្នោត អ្នកស្រី នាថ ចេះដេរមួកស្លឹកត្នោតតាំងពីក្មេងដូចម្ដាយដែរ ហើយធ្លាប់លក់មួកស្លឹកត្នោតនៅភ្នំឧដុង្គទៀតផង។ «មុនយើងយកទៅលក់ខ្លួនឯង ខែបុណ្យទាន ចូលឆ្នាំអ៊ីចឹង យើងយកទៅដើរលក់។ បើចូលឆ្នាំយើងដើរលក់នៅភ្នំ យកទៅលក់ខ្លួនឯង ។​ ទើបរយៈពេលប៉ុន្មានឆ្នាំនេះ មានភ្ញៀវចុះមកកម្មង់ យើងធ្វើឱ្យគេ គេមកយកដល់ផ្ទះ»។ នេះជាការលើកឡើងរបស់អ្នកស្រី លឹម នាថ។

ដេរមួកបណ្ដើរនិយាយបណ្ដើរ អ្នកស្រី លឹម នាថ ថា បានផ្អាកពីការងាររោងចក្រ ហើយងាកមកចាប់អាជីពដេរមួកស្លឹកត្នោតជាមួយម្ដាយនៅផ្ទះ រយៈពេលជាង១០ឆ្នាំហើយ។ របរដេរមួកស្លឹកត្នោតនៅផ្ទះ នាថ មានពេលអាចមើលថែទាំកូនស្រីអាយុ២ឆ្នាំម្នាក់ មើលថែឪពុកម្ដាយ និងធ្វើស្រែផងដែរ។ ស្រ្តីវ័យ៣២ឆ្នាំរូបនេះ លើកឡើងថា៖«យើងអត់មានការងារអីទៀត។ បើការងាររោងចក្រយើងចោលផ្ទះ តែបើយើងមានការងារធ្វើនៅផ្ទះ ចេះតែធ្វើទៅបានមើលកូនផង។ […] យាយតា (ឪពុកម្ដាយ) គាត់ធ្វើស្រែ ជួយគាត់បានមួយភ្លែតៗ ហាលស្រូវ»។ 

អ្នកស្រី លឹម នាថ មិនបានកត់ត្រាពីចំណូលប្រចាំខែនៃរបរមួកស្លឹកត្នោតនេះឡើយ។ នោះក៏ព្រោះ ចំណូលរកបានមិនទៀងទាត់ ពេលខ្លះលក់បានតិច ពេលខ្លះក៏លក់បានច្រើន ចំណូលទាំងអស់នោះ ត្រូវបង្វិលទៅទិញវត្ថុធាតុដើមវិញ ដូចជាស្លឹកត្នោត អំបោះ ក្រណាត់ ថ្លៃភ្លើង និងចំណាយលើជីវភាពរស់នៅប្រចាំថ្ងៃជាដើម។ អ្នកស្រី លឹម នាថ បន្តដូច្នេះ៖«និយាយរួមអត់គិតជាខែទេ អត់ដែលបានរាប់ខែ ព្រោះយើងដេរបានតិចតួច យើងលក់។ ពេលគេមកទិញយើងលក់ មិនចាំបាច់ដល់ខែទេ ព្រោះយើងត្រូវការលុយហ្នឹងបង្វិលទៅទិញស្លឹកមកបន្តទៀត។ ស្លឹកត្នោតមួយរទេះតូចតម្លៃ៥ម៉ឺនរៀល»។ 

បើតាមអ្នកស្រី នាថ ស្លឹកត្នោតធាងធំ អាចធ្វើមួកបាន២-៣មួក ប៉ុន្តែបើធាងតូច ធ្វើបានត្រឹម១ប៉ុណ្ណោះ។

និយាយចំពោះអ្នកស្រី នាថ របរមួកស្លឹកត្នោតជាប្រភពចំណូលដ៏សំខាន់ ដែលជួយផ្គត់ផ្គង់ជីវភាពគ្រួសារអ្នកស្រីឱ្យប្រសើរ​ និងចិញ្ចឹមកូនចៅបន្តជំនាន់។ ទន្ទឹមនឹងនេះ អ្នកស្រីចង់ឱ្យមានពលរដ្ឋកាន់តែច្រើនគាំទ្ររបរប្រពៃណី ដើម្បីបន្តផ្ដល់ចំណូលចិញ្ចឹមគ្រួសារ។ «និយាយរួមទី១សប្បាយចិត្ត នៅពេលដែលគេគាំទ្រមួកស្លឹកត្នោត។ យើងអ្នកដេរ អ្នកផលិតអ៊ីចឹងមានអារម្មណ៍សប្បាយចិត្តនៅពេលគេជួយគាំទ្ររបស់ខ្មែរ ណាមួយរបស់យើងធ្វើផ្ទាល់ដៃទៀត»។​ នេះជាការលើកឡើងរបស់អ្នកស្រី លឹម នាថ។

ចេញពីផ្ទះអ្នកស្រី លឹម​ នាថ ខ្ញុំបានទៅផ្ទះអ្នកភូមិអូរស្លាតម្នាក់ទៀត ដែលធ្វើមួកស្លឹកត្នោតដូចគ្នា។ លោកយាយ ថូ វ៉ាន់ ប្រកបរបរធ្វើមួកស្លឹកត្នោត បើគិតទៅជាង៤០ឆ្នាំហើយមកដល់ពេលបច្ចុប្បន្ន។ មានវ័យ៦៧ឆ្នាំ តែលោកយាយ ថូ វ៉ាន់ ហាក់មាំទាំ និងសកម្មលើរបរមួកស្លឹកត្នោត ទាំងដេរដៃ ដេរដោយម៉ាស៊ីន និងកាត់ស្លឹកជាដើម។ ក្នុងឈុតសម្លៀកបំពាក់​ផ្កាពណ៌ទឹកក្រូច សក់ខ្លីត្រឹមក លោកយាយ ថូ វ៉ាន់ កំពុងមមាញឹកដេរមួក ជាមួយគំនរស្លឹកត្នោត និងមួកដែរដេររួច លើគ្រែឫស្សីខាងមុខផ្ទះ យ៉ាងយកចិត្តទុកដាក់។

ដៃកាន់ម្ជុលដេរមួកបណ្ដើរ លោកយាយ ថូ វ៉ាន់ រៀបរាប់បណ្ដើរថា ខ្លួនបន្តរបរនេះពីម្ដាយតាំងពីឆ្នាំ១៩៧០មក ហើយបច្ចុប្បន្នលោកយាយ ក៏កំពុងផ្ទេរចំណេះជំនាញ បង្រៀនកូនឱ្យចេះធ្វើមួកស្លឹកត្នោតនេះផងដែរ។ លោកយាយ ថូ វ៉ាន់ រម្លឹកថា ពីមុនអ្នកភូមិអូរស្លាតធ្វើមួកស្លឹកត្នោតច្រើន សឹងតែពេញមួយភូមិ តែឥឡូវនេះសល់អ្នកធ្វើប្រមាណ១០ផ្ទះប៉ុណ្ណោះ។ «ដេរច្រើនក្នុងសង្គមចាស់ ដេរមួករាប់ពាន់។ ឥឡូវនៅដេរដែរ ខ្លះគេទៅធ្វើការរោងចក្រ មិនបាននៅដេរ បើទំនេរខ្លះក៏គេជួយម៉ែឪគេដេរអ៊ីចឹងទៅ។ ចាស់ៗមុនៗដេរច្រើនណាស់ សឹងថាមួយភូមិហ្នឹងទាំងអស់ បើអស់ចាស់ៗទៅក្មេងអត់ចេះ។ កូនខ្ញុំ ក៏ខ្ញុំបង្រៀនដែរ»។ នេះជាការលើកឡើងរបស់លោកយាយ ថូ​ វ៉ាន់។

ស្រ្តីវ័យ៦៧ឆ្នាំរូបនេះ សោកស្ដាយបើសិនរបរមួកស្លឹកត្នោតបាត់បង់ លែងមានអ្នកធ្វើ និងការគាំទ្រពីពលរដ្ឋខ្មែរ។ «ចង់ឱ្យគេគាំទ្រជាតិខ្មែរឱ្យបានច្រើនរឹតតែល្អកុំឱ្យបាត់បង់របស់ខ្មែរបុរាណមុន។ ចង់ឱ្យគេគាំទ្របានច្រើនរឹតតែអរ»។ នេះជាការលើកឡើងរបស់លោកយាយ ថូ វ៉ាន់ ដែលបន្តថា តាំងពីមុនរហូតដល់បច្ចុប្បន្ន មួកស្លឹកត្នោតត្រូវប៉ាន់ខ្លាំងនារដូវចូលឆ្នាំខ្មែរ និងបុណ្យអុំទូក។ ចំពោះតម្លៃលោកយាយ ថូ វ៉ាន់ លក់បាន១០០មួក តម្លៃ២០ម៉ឺនរៀល៕


អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ផាត ដាណេ