- ថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៧:៣០ នាទី ល្ងាច

អង្គការនៃប្រទេសនាំចេញប្រេង (OPEC) បានលើកឡើងថា សមាជិក OPEC+ ចំនួន៨ រួម មាន អារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និង អូម៉ង់ បានយល់ព្រមបង្កើនការផ្គត់ផ្គង់ច្រើនជាងការរំពឹងទុកនៅខែក្រោយ។

កាលពីថ្ងៃទី៣ ខែមេសា ប្រទេសចំនួន ៨ នៃអង្គការប្រទេសនាំចេញប្រេង (OPEC) និង សម្ព័ន្ធមិត្តរបស់ខ្លួនដែលត្រូវបានគេស្គាល់ថាជា OPEC+ បានយល់ព្រមជំរុញផែនការ បង្កើនផលិតកម្មប្រេងឆៅដោយបន្ថែម ៤១១ ០០០បារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែឧសភា ឆ្នាំ ២០២៥។ ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីប្រេងឆៅបន្តអូសបន្លាយការធ្លាក់ថ្លៃ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃទី៣ ខែមេសា អង្គការ OPEC បាននិយាយថា សមាជិក OPEC + ចំនួន ៨ រួមមានអារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អេមីរ៉ាត អារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ បានយល់ព្រមបង្កើនការផ្គត់ផ្គង់ លើសពីការរំពឹងទុកនៅខែក្រោយ។
កាលពីខែមីនា OPEC+ បានប្រកាសថា ខ្លួននឹងបត់បែនបបន្តិចម្តងៗ កាត់បន្ថយការផលិត ដោយស្ម័គ្រចិត្តចំនួន ២,២លានបារ៉ែលក្នុងមួយថ្ងៃ ដោយបង្កើនទិន្នផល ១៣៨ពាន់បារ៉ែល ក្នុងមួយថ្ងៃ ចាប់ពីខែមេសា ឆ្នាំ២០២៥ ដល់ខែកញ្ញា ឆ្នាំ២០២៦។
ផែនការបន្ធូរបន្ថយការកាត់បន្ថយផលិតកម្មដោយស្ម័គ្រចិត្តនេះ ដើមឡើយ គ្រោងអនុវត្តន៍នៅខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសមាជិក OPEC+ ចំនួន៨ រួមទាំងអារ៉ាប៊ីសាអូឌីត រុស្ស៊ី អេមីរ៉ាតអារ៉ាប់រួម និងអ៊ីរ៉ាក់ បានលើកឡើងជាច្រើនដង ស្របពេលមានការព្រួយបារម្ភក្នុងចំណោមពាណិជ្ជករអំពីការផ្គត់ផ្គង់លើសនៅក្នុងទីផ្សារ។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៅថ្ងៃទី៣ ខែមេសា OPEC + បានប្រកាសថា ខ្លួននឹងបង្កើនផលិតកម្ម ៤១១ ០០០បារ៉ែលក្នុងមួយថ្ងៃ នៅខែក្រោយ ដោយលើកហេតុផលថា «មូលដ្ឋានគ្រឹះទីផ្សារបន្តមានសុខភាពល្អ ហើយទស្សនវិស័យទីផ្សារមានភាពវិជ្ជមាន»។
ការសម្រេចចិត្តចុងក្រោយ របស់អ្នកផលិត OPEC+ បានធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះខ្លាំងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធបដិការ កាលពីថ្ងៃទី២ ខែមេសា៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
