- ថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៤:០០ នាទី រសៀល

រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira នៅថ្ងៃទី១៦ ខែមេសា បានប្រកាសពីគម្រោងទិញហ្គាសបន្ថែមពីអាម៉េរិក មុនជំនួបមន្រ្តីប្រទេសទាំងពីរចរចាទម្លាក់ពន្ធគយបដិការ។ ថៃ ចង់ទិញហ្គាសទំហំ ៦០០លានដុល្លារពីអាម៉េរិក បន្ថែមពីលើកិច្ចព្រមព្រៀងរយៈពេល ១៥ឆ្នាំ។
កន្លងមក ថៃ និងអាម៉េរិក បានចុះកិច្ចព្រមព្រៀងទិញហ្គាសនាំចូលពីអាម៉េរិក ១លានតោន ដែលមានតម្លៃ ៥០០លានដុល្លារ ក្នុងមួយឆ្នាំ ដោយនាំចូលរយៈពេល ១៥ឆ្នាំ។ គម្រោងនេះ នឹងចាប់ផ្តើមពីឆ្នាំ២០២៦។ មុនចរចាទម្លាក់ពន្ធគយ នៅសប្តាហ៍ក្រោយ ថៃប្រកាសទិញហ្គាស ១លានតោនបន្ថែម ក្នុងរយៈពេល ៥ឆ្នាំ ដែលមានតម្លៃប្រមាណ ៦០០លានដុល្លារ។
តាមការបញ្ជាក់របស់លោក Pichai Chunhavajira រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ នៅថ្ងៃទី១៦ ខែមេសា ថៃចង់ទិញហ្គាសបន្ថែមនេះ ធ្វើឡើងក្រោមហេតុផល ថៃចង់ធ្វើជាប្រទេសចែកចាយហ្គាសនៅក្នុងតំបន់។ ទន្ទឹមនេះ ថៃចង់ទិញសារធាតុ ethane ៤០ម៉ឺនតោន ដែលមានតម្លៃ ១០០លានដុល្លារថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ថៃ ដែលរងពន្ធគយបដិការរបស់អាម៉េរិកចំនួន ៣៦ភាគរយ នឹងមានជំនួបជាមួយមន្រ្តីអាម៉េរិក នៅសប្តាហ៍ក្រោយ ជុំវិញពន្ធគយបដិការ។ កន្លងមក អាម៉េរិក បានព្យួរពន្ធគយបដិការរយៈពេល ៩០ថ្ងៃសិន សម្រាប់ឱ្យបណ្តាប្រទេសជាច្រើនចរចា៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
