លោកតាឆ្កួតបាន​ធ្វើដំណើរទៅ​ប្រទេស​ឡាវ ជិះ​ម៉ូតូ​អាយុកាល​៥០ឆ្នាំ​ ចម្ងាយ២៨២៦គីឡូម៉ែត្រ
  • ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៨:០០ នាទី ព្រឹក
លោកតាឆ្កួតបាន​ធ្វើដំណើរទៅ​ប្រទេស​ឡាវ ជិះ​ម៉ូតូ​អាយុកាល​៥០ឆ្នាំ​ ចម្ងាយ២៨២៦គីឡូម៉ែត្រ

សៀមរាប៖ ខែ​មករា​កន្លងមក លោក លី ប៉េងហេង ហៅ​តា​ឆ្កួត បាន​ធ្វើ​ដំណើរ​កម្សាន្ត​ជិះ​ម៉ូតូទៅ​ប្រទេស​ឡាវ។ គាត់ជា​នាយក​សារមន្ទីរ វិមាន​សុខា នៅ​ខេត្ត​សៀមរា ដែល​ជា​សារមន្ទីរ​តាំងបង្ហាញ​វត្ថុ​បុរាណ ជា​ពិសេស​យាន​ជំនិះ។ ថ្ងៃ​ទី៣ ខែមករា ឆ្នាំ២០២៥នេះ គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក HONDA ប្រភេទ Benly 50S ចេញ​ពីក្រុងសៀមរាប​ទៅ ជាមួយ​ក្រុម Moto vintage Siem Reap ។ ម៉ូតូរបស់​គាត់​មាន​អាយុកាលជាង ៥០ឆ្នាំ។

TTN-Free-Banner-In-Article-PC

អ្នកចូលរួមទាំងអស់ ​មាន​១៦នាក់ ដែលមាន​ទោចក្រយានយន្ដ​ម៉ាក HONDA ៧គ្រឿង ម៉ាក KAWASAKI ១គ្រឿង និង​ត្រីចក្រយានយន្ដ​ម៉ាក OURAL ១គ្រឿង​ដែរ។ ថ្ងៃ​ដំបូង​ ពួកគាត់បាន​ជិះ​អស់ ៦០០គីឡូម៉ែត្រ ទៅដល់​ក្រុងប៉ាក់សេ​ នៅ​ប្រទេស​ឡាវ។ រយៈពេល៩ថ្ងៃ ពួកគាត់​បាន​ធ្វើ​ដំណើរ​​ទៅ​ស្ទឹងត្រែង ប៉ាក់សេ​ មឿងហ្វឿង និង វៀងច័ន្ទន៍ ហើយ​ត្រឡប់​ទៅ​វិញថ្ងៃ​ទី១១ ខែ​មករា។ ក្រុម​អ្នក​ស្រឡាញ់ យាន​បុរាណ​នេះ​បាន​ជិះ​អស់ ២៨២៦គីឡូម៉ែត្រ។

សារមន្ទីរ​ វិមាន​​សុខា នៅ​ក្រុង​សៀមរាប តាំង​វត្ថុ​បុរាណ​ជា​ច្រើន​មុខ ដូចជាយានជំនិះ​បុរាណ នាឡិកា​បុរាណ ឧបករណ៍​សោតទស្សន៍​បុរាណ និង​​វត្ថុ​បុរាណផ្សេងៗទៀតខ្លះៗដែរ។ សារមន្ទីរ​ វិមាន​សុខា បើក​រៀងរាល់​ថ្ងៃ ពី​ម៉ោង៨ព្រឹក ដល់​ម៉ោង​៥ល្ងាច។ វា​ស្ថិតនៅ​ផ្លូវ​លេខ២២ ភូមិ​ត្រពាំង​សេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ សំបុត្រចូល​មានតម្លៃ​ ១០០០០រៀល សម្រាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់ និង ២០០០០៛ សម្រាប់​ពលរដ្ឋ​បរទេស​ម្នាក់។ សូម​បញ្ជាក់​ថា ​សារមន្ទីរក៏មាន​ហាងកាហ្វេ​តុបតែងបែប​បុរាណ​មួយ​ដែរ។ ក្រៅ​ពី​នេះ​ក៏​អាច​ជួល​ទោចក្រយាន និង​ត្រីចក្រយាន​បានដែរ៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

នាយយ៉ាន