កម្ពុជា រំពឹងលើការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀតពីចិន រួមទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធ
  • ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១២:២០ នាទី រសៀល
កម្ពុជា រំពឹងលើការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀតពីចិន រួមទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធ
រូបភាព ៖ STPM

កម្ពុជា រំពឹងលើការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀតពីចិន រួមទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅពេលលោកប្រធានាធិបតី ស៊ី​ ជិនភីង បំពេញទស្សនកិច្ចនៅថ្ងៃទី១៧ ខែមេសា នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច ៣ ប្រទេសនៅអាស៊ីអាគ្នេយ៍។

TTN-Free-Banner-In-Article-PC

កម្ពុជា ដែលជាប្រទេសនាំចេញសម្លៀកបំពាក់ និងស្បែកជើងដ៏សំខាន់ទៅកាន់អាម៉េរិកនោះ ត្រូវបានរងការវាយប្រហារដោយពន្ធគយ ៤៩ភាគរយ ដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ។ នេះជាអត្រាខ្ពស់បំផុតមួយនៅទូទាំងពិភពលោក មុនពេលពន្ធភាគច្រើនត្រូវបានផ្អាករហូតដល់ខែកក្កដា ឆ្នាំ២០២៥។

កម្ពុជា ជាដៃគូជិតស្និទ្ធរបស់ចិន ដែលបានបណ្តាក់ទុនរាប់ពាន់លានដុល្លារក្នុងគម្រោងនានា រួមទាំងផ្លូវថ្នល់ និងអាកាសយានដ្ឋាន ហើយក៏ជាម្ចាស់បំណុលធំជាងគេរបស់ប្រទេសកម្ពុជាផងដែរ។

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានប្រាប់សារព័ត៌មាន Reuters នៅមុនថ្ងៃការមកដល់របស់ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅទីក្រុងភ្នំពេញថា៖« យើងរំពឹងថានឹងមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផងដែរ»។

ជុំវិញការរំពឹងថាទីក្រុងប៉េកាំង នឹងប្រកាសការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ព្រែកជីកហ្វូណនតេជោ ១៨០គីឡូម៉ែត្រ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលធំបំផុត រដ្ឋាភិបាលកម្ពុជា ធ្លាប់អះអាងថា ចិននឹងជួយសាងសង់ព្រែកជីកនេះ។

យ៉ាងណាមិញ រហូតមកដល់ពេលនេះ ចិនមិនបានធ្វើការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុសាធារណៈលើគម្រោងនេះទេ ខណៈទីក្រុងភ្នំពេញបានផ្លាស់ប្តូររបាយការណ៍របស់ខ្លួនស្តីពីការចូលរួមរបស់ចិនពី ១០០ភាគរយទៅ ៤៩ភាគរយនៃការចំណាយសរុប ដែលប៉ាន់ស្មានថាមានចំនួន ១,៧ពាន់លានដុល្លារអាមេរិក ជិត៤ភាគរយនៃផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់កម្ពុជា។

ដំណើរទស្សនកិច្ចរបស់លោក ស៊ី មកកាន់កម្ពុជា គឺជាផ្នែកមួយនៃការធ្វើដំណើរដែលបានគ្រោងទុកជាយូរមកហើយ ត្រូវបានគេមើលឃើញថាជា ការទាក់ទាញប្រជាប្រិយមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុតដោយពន្ធគយរបស់អាម៉េរិក។ មុនមកកម្ពុជា ​លោក​ ស៊ី ​ធ្វើ​ទស្សនកិច្ច​នៅ​​ម៉ាឡេស៊ី និង​វៀតណាម ដែល​និន្នាការប្រឆាំង​នឹង​គម្រោងព្រែកជីកហ្វូណន​តេជោ។

យោងតាម Reuters ដែលទទួលទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលកម្ពុជា ទីក្រុងប៉េកាំងមិនបានចុះហត្ថលេខាលើប្រាក់កម្ចីថ្មីដល់កម្ពុជាក្នុងឆ្នាំ២០២៤ នោះទេ ពោលគឺផ្ទុយស្រឡះពីឆ្នាំមុនៗដែលខ្លួនផ្តល់ប្រាក់កម្ចីដល់ប្រទេសរាប់រយលានដុល្លារ។ ការ​ធ្លាក់​ចុះ​នៃ​ការ​ផ្តល់​មូលនិធិ​បាន​កើត​ឡើង​នៅ​ពេល​​ចិន​បាន​កាត់​បន្ថយ​ការ​វិនិយោគ​នៅ​បរទេស​ជារួម ​ស្រប​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ស្រុក​។

កម្ពុជា និងចិន តែងតែអះអាងថាជា​មិត្តដែកថែប ទោះបីជាមានភាពតានតឹងនាពេលថ្មីៗនេះលើមជ្ឈមណ្ឌលឆបោកនៅកម្ពុជា ដែលមួយចំនួនត្រូវបានគ្រប់គ្រងដោយជនជាតិចិន។  កាល​ពី​ដើម​ខែ​មេសា ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​សមយុទ្ធ​យោធា​រួម​នៅ ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ដែល​ជា​កន្លែង​​អាម៉េរិក​បារម្ភ​អាច​នឹង​ក្លាយ​ជា​មូលដ្ឋាន​យោធារបស់​ចិន៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង