- ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ ម៉ោង ២:០០ នាទី រសៀល

Arsenal ទម្លាក់ក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid នៅវគ្គ៨ក្រុមចុងក្រោយ UEFA Champions League ក្រោយបន្តរកបានជ័យជម្នះ ២-១ នៅជំនួបជើងទី២ និងសរុបទាំងពីរជើង ៥-១។ Inter Milan បន្តដំណើរទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ស្មើ Bayern Munich ២-២ នៅជើងទី២ និងសរុបពីរជើង ៤-៣។ Arsenal ត្រូប៉ះ PSG និង Inter Milan ជួប Barcelona នៅវគ្គ១/២ផ្តាច់ព្រ័ត្រ។
នាជំនួបវគ្គ៨ក្រុមចុងក្រោយជើងទី២ នៅកីឡដ្ឋាន Bernabeu រាត្រីថ្ងៃទី១៦ ខែមេសា ក្រុមភ្ញៀវ Arsenal នៅតែឈ្នះម្ចាស់ផ្ទះ Real Madrid ២-១ ក្រោយទទួលបានជ័យជម្នះនៅជើងទី១ ក្នុងលទ្ធផល ៣-០។ ពីរគ្រាប់របស់ក្រុមកាំភ្លើងធំ សម្រេចបានដោយ Bukayo Saka (៦៥) និង Gabriel Martinelli (៩០+៣) ឯមួយគ្រាប់របស់អធិរាជស ធ្វើបានដោយ Vinicius Junior (៦៧)។
ជ័យជម្នះទាំងពីរជើង ៥-១ គ្រប់គ្រាន់ជួយក្រុមលោក Mikel Arteta ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខណ្ឌក្លិបកំពូលអឺរ៉ុប ដោយបន្តជួបក្រុមយក្សបារាំង PSG។ PSG បានទម្លាក់ក្រុមអង់គ្លេស Aston Villa ក្នុងលទ្ធផលទាំងពីរជើង ៥-៤។
ដោយឡែក Inter Milan ស្មើ Bayern Munich ២-២ នៅជើងទី២។ ដោយជើងទី១ ក្រុមអ៊ីតាលីបានយកឈ្នះក្រុមអាល្លឺម៉ង់ ២-១ ដូច្នេះសរុបទាំងពីរជើង Inter Milan ឈ្នះ Bayern Munich ៤-៣។
Inter Milan ត្រូវបន្តជួប Barcelona នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមរហស្សនាមអ្នកមានបុណ្យ ទម្លាក់ Dortmund នៅវគ្គ៨ក្រុមចុងក្រោយ បើទោះចាញ់នៅជើងទីពីរ ៣-១ ក៏ដោយ។ កាលពីជើងទី១ Barca ឈ្នះ ក្រុមអឺល្លឺម៉ង់ ៤-០។
ជំនួបជើងទី១ វគ្គ៤ក្រុមចុងក្រោយ នឹងធ្វើនៅរាត្រីថ្ងៃទី២៩ ខែមេសា និងជើងទី២ នឹងធ្វើនៅថ្ងៃទី៦ ខែឧសភា។ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តិទៅនៅរាត្រីថ្ងៃទី៣១ ខែឧសភា នាកីឡដ្ឋាន Allianz Arena ប្រទេសអាល្លឺម៉ង់៕
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។
