ADB ​៖ សេដ្ឋកិច្ចចិន នឹងកើនឡើង ៤,៧ភាគរយ នៅឆ្នាំ២០២៥
  • ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៧:២០ នាទី ល្ងាច
ADB ​៖ សេដ្ឋកិច្ចចិន នឹងកើនឡើង ៤,៧ភាគរយ នៅឆ្នាំ២០២៥
ភ្ញៀវទេសចរកម្សាន្តនៅ Jiefangbei ដែលជាតំបន់អាជីវកម្មនៅ Chongqing ភាគនិរតីនៃប្រទេសចិន ។ រូបភាព ៖ Xinhua

សេដ្ឋកិច្ចចិន ត្រូវបានគេព្យាករថា នឹងកើនឡើង ៤,៧ភាគរយ នៅឆ្នាំនេះ គាំទ្រដោយ ការជំរុញគោលនយោបាយ។ យ៉ាងណាមិញ ភាពមិនច្បាស់លាស់នៃពាណិជ្ជកម្មសកល អាចប៉ះពាល់ដល់ការនាំចេញរបស់ចិន។ នេះបើតាមទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ខែមេសា ឆ្នាំ២០២៥ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

TTN-Free-Banner-In-Article-PC

កំណើននេះ ​ត្រូវ​បាន​ព្យាករ​ក្នុង​កម្រិត​មធ្យម​ ធៀប​នឹង​ការ​កើន​ឡើង ៥ភាគរយ កាល​ពី​ឆ្នាំ​មុន ។ ភាពមិនច្បាស់លាស់ ដែលកើនឡើងនៅក្នុងប្រព័ន្ធពាណិជ្ជកម្មពិភពលោក ទំនងជា នឹងប៉ះពាល់ដល់តម្រូវការសកល និងដំណើរការនាំចេញរបស់ចិន។ សម្រាប់កំណើន សេដ្ឋកិច្ចចិននៅឆ្នាំក្រោយ ADB បានព្យាករកំណើនត្រឹម ៤,៣ភាគរយ ប៉ុណ្ណោះ។

«ការកើនឡើងនៃការគាំទ្រគោលនយោបាយ គួរតែជួយទប់ទល់នឹងការធ្លាក់ចុះ នៃ ទីផ្សារ អចលនទ្រព្យ និងការពន្យឺតកំណើននៃការនាំចេញ នៅពេលដែលការស្នើសុំពន្ធថ្មី របស់ អាម៉េរិកចូលជាធរមាន។»។ ប្រធាន ADB ប្រចាំប្រទេសចិន លោក Safdar Parvez បាន លើកឡើងដូច្នេះ ដោយបន្តថា គោលនយោបាយផ្តោតលើការជំរុញការប្រើប្រាស់ប្រជាជន គួរតែធ្វើឱ្យប្រសើរឡើងនូវតម្រូវការក្នុងស្រុក ដែលចាំបាច់ច្រើនដើម្បីទ្រទ្រង់កំណើន GDP របស់ចិន។

ការពង្រីកសារពើពន្ធរបស់ចិន ទំនងជានឹងជំរុញការវិនិយោគ ដោយជំរុញការរួមចំណែក​របស់ខ្លួន ចំពោះកំណើនសេដ្ឋកិច្ច។ គោលនយោបាយសារពើពន្ធពង្រីក នឹងផ្តល់អាទិភាព ដល់គម្រោងយុទ្ធសាស្ត្រជាតិ ការផលិតកម្រិតខ្ពស់ ការច្នៃប្រឌិតបច្ចេកវិទ្យា និងសហ គ្រា​សធុនតូច និងមធ្យម។ ស្របពេលការដាក់វិធានការនានាក្នុងវិស័យអចលនទ្រព្យ នឹង​បន្ត​លើកទឹកចិត្តដល់ការទិញលំនៅដ្ឋាន វាទំនងជានឹងបង្អាក់ការវិនិយោគទីផ្សារ អចលន​ទ្រព្យ​នៅឆ្នាំនេះ និងឆ្នាំក្រោយ។

អតិផរណាប្រទេសនេះ ត្រូវបានព្យាករថានឹងកើនឡើងបន្តិចទៅ ០,៤ភាគរយ នៅឆ្នាំនេះ និង ០,៧ភាគរយ នៅឆ្នាំ ២០២៦ ដោយតម្រូវការឯកជនទន់ខ្សោយ ​ទំនងជារក្សា​អតិ​ផរណាធ្លាក់ចុះ។ ការកើនឡើងទិន្នផលឧស្សាហកម្ម គួរតែកាត់បន្ថយសម្ពាធ​អតិផរណា​បន្ថែមទៀតនៅឆ្នាំ ២០២៥ និងឆ្នាំ២០២៦។

ហានិភ័យចំពោះទស្សនវិស័យភាគច្រើន ស្ថិតនៅលើការធ្លាក់ចុះ។ ជំហររបស់អាម៉េរិក ដែលកំពុងរីកចម្រើនលើពាណិជ្ជកម្មបរទេស ជាពិសេសជាមួយនឹងពន្ធថ្មី បានបង្កើន ភាព​មិនច្បាស់លាស់ និងហានិភ័យដល់ប្រទេសចិន និងទស្សនវិស័យសកល។

លើសពីនេះ វិស័យអចលនទ្រព្យអាចបង្កហានិភ័យ ប្រសិនបើវិស័យនេះ​មិនឆ្លើយតបទៅ​នឹងវិធានការគោលនយោបាយ។ ផ្ទុយទៅវិញ វិធានការគោលនយោបាយគាំទ្របន្ថែម ជាពិសេសដើម្បីកែលម្អទំនុកចិត្ត របស់វិស័យឯកជនឱ្យបានលឿន ជាងការរំពឹងទុក អាច​នាំឱ្យមានកំណើន GDP និងអតិផរណាខ្លាំងជាងការព្យាករ៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង