សិប្បកម្ម«ចង្កៀងគោមផ្ការំដួល» ត្រូវប៉ាន់ខ្លាំង នារដូវកាលចូលឆ្នាំថ្មី
  • ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២០ នាទី យប់
សិប្បកម្ម«ចង្កៀងគោមផ្ការំដួល» ត្រូវប៉ាន់ខ្លាំង នារដូវកាលចូលឆ្នាំថ្មី

ភ្នំពេញ៖  ជិត២០ឆ្នាំហើយដែលសិប្បកម្ម «គ្រួសារចង្កៀងខ្មែរ» ឈរជើងនៅលើទីផ្សារ​ក្នុងការផ្គត់ផ្គង់ចង្កៀងគោមផ្ការំដួលទៅឱ្យអតិថិជននៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេស។​ នារដូវកាលចូលឆ្នាំខ្មែរនេះ សិប្បកម្ម «គ្រួសារចង្កៀងខ្មែរ»មួយនេះ ទទួលបានការបញ្ជាទិញពីអតិថិជនយ៉ាងច្រើនរហូតដល់ជាង៣០០០គោម។ ចំនួននេះ គឺមានកំណើនខ្លាំង​ បើធៀបនឹងការលក់ប្រចាំខែ មានមធ្យមត្រឹម ២០០គោម ប៉ុណ្ណោះ។

TTN-Free-Banner-In-Article-PC

ចង្កៀងគោមផ្ការំដួលនេះ ជាគ្រឿងលំអរមួយប្រភេទ ដែលទទួលបានការពេញនិយមសម្រាប់ការតុបតែងគេហដ្ឋាន វត្តអារាម និងទីកន្លែងសាធារណៈ ឬទីកន្លែងកម្សាន្តនានា នៃការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។​ ការណ៍នេះ បានផ្តល់ឱកាសឱ្យអ្នកប្រកបមុខរបរនេះ ត្រូវប៉ាន់ និងរកចំណូលបានច្រើនផងដែរ។

ចង្កៀងគោមផ្ការំដួលរបស់សិប្បកម្ម «គ្រួសារចង្កៀងខ្មែរ»  មានវត្តមាននៅលើទីផ្សារតាំងពីឆ្នាំ២០០៧មកម្លេះ។  គ្រានោះ អាជីវកម្មប្រភេទនេះ​ មិនសូវមានអ្នករកទទួលទានប៉ុន្មានទេ​។ « ភាគច្រើនគេយកចង្កៀងគោមពីចិន ពីថៃ។ ឃើញឱកាសដូច្នេះ ក៏ខ្ញុំសម្រេច​ផលិតចង្កៀងគោមផ្ការំដួលនេះឡើង ដែលជាស្នាដៃរបស់ខ្មែរយើងសុទ្ធសាធ»។ លោក សែត ច័ន្ទថន ម្ចាស់សិប្បកម្ម «គ្រួសារចង្កៀងខ្មែរ» បាននិយាយបែបនេះមកកាន់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey)។​

លោក សែត ច័ន្ទថន សិប្បការនិងអាចីវករ ចង្កៀងគោមខ្មែរ។

សិប្បកម្ម ចង្កៀងគោមផ្ការំដួល មានទីតាំងនៅម្តុំចំការដូង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ​ក្រៅពីការធ្វើលក់រាយ សិប្បកម្មដែលមានសមាជិក​១៥នាក់ ក៏ផ្គត់ផ្គង់ចង្កៀងគោមទៅឱ្យអាជីវករលក់បន្តនៅតាមតេប៉ូនៅផ្សារ ហាងលក់គ្រឿងអគ្គីសនី និងហាងលក់គ្រឿងតុបតែងនានា ផងដែរ។

មកទល់សព្វថ្ងៃ សិប្បកម្មលក្ខណៈគ្រួសាររបស់អ្នកមានដើមកំណើតមកពីស្រុកសំរោង ខេត្តតាកែវ មានអាយុកាល១៨ឆ្នាំហើយ។ បើតាមលោក ច័ន្ទថន ជាប្រចាំ ​មានអតិថិជនតិច-ឆ្ងាយ បញ្ជាទិញចង្កៀងគោមផ្ការំដួល ពីសិប្បកម្ម «គ្រួសារចង្កៀងខ្មែរ» ប្រមាណ១០០ទៅ២០០គោមក្នុងមួយខែ​។​ ប៉ុន្តែ ចំនួនបញ្ជាទិញពីទីផ្សារនេះ មានសន្ទុះកើនឡើងខ្លាំង​​នៅក្នុងរដូវកាលបុណ្យជាតិនានា ពិសេសរដូវកាលបុណ្យចូលឆ្នាំខ្មែរតែម្តង។

ម្ចាស់សិប្បកម្ម«ចង្កៀងគោមផ្ការំដួល»វ័យជិត៤០ឆ្នាំរូបនេះ បានបញ្ជាក់ថា ៖ «​ ខ្ញុំធ្វើលក់ដូរជាប្រចាំទេ។ គ្រាន់តែរដូវកាលចូលឆ្នាំ​ មានគេបញ្ជាទិញ(កម៉្មង់)ច្រើន ដើម្បីតុបតែងលំអរ​ពេលធ្វើសង្ក្រាន្ត។ ចូលឆ្នាំនេះ មានគេបញ្ជាទិញច្រើនមែនទែនរហូត២០០០-៣០០០គោម ក្នុងរយៈពេលតែ១ខែ​»។ បើតាមលោក សែត ច័ន្ទថន ចង្កៀងគោមផ្ការំដួលមួយ មានតម្លៃចាប់ពី៣-៥ម៉ឺនរៀល។ តម្លៃនេះ វាអាស្រ័យទៅតាមទំហំចង្កៀងតូច ឬធំ។ ជាមួយគ្នានេះ លោកក៏ទទួលបានការបញ្ជាទិញចង្កៀងគោមផ្ការំដួលក្នុងទំហំធំ ពីម្ចាស់បុរីមួយចំនួនដែលលក់ក្នុងតម្លៃ៤០-៨០ម៉ឺនរៀលផងដែរ៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គង់ អារុណពុទ្ធីរិទ្ធ