ម៉ាល់ឌីវ ហាមអ្នកកាន់លិខិតឆ្លងដែនអ៊ីស្រាអែលចូលប្រទេស
  • ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១០:០០ នាទី យប់
ម៉ាល់ឌីវ ហាមអ្នកកាន់លិខិតឆ្លងដែនអ៊ីស្រាអែលចូលប្រទេស
រូបភាព ៖ AFP

ម៉ាល់ឌីវ មិនអនុញ្ញាតឲ្យអ្នកកាន់លិខិតឆ្លងដែនអ៊ីស្រាអែល ចូលប្រទេសនោះទេ ដោយសារការចោទប្រកាន់របស់អ៊ីស្រាអែល ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិប៉ាឡេស្ទីននៅតំបន់កាហ្សា។

TTN-Free-Banner-In-Article-PC

ការិយាល័យរបស់ប្រធានាធិបតីម៉ាល់ឌីវ លោក Mohamed Muizzu បាននិយាយកាលពីថ្ងៃទី១៦ ខែមេសាថា លោកបានអនុម័តវិសោធនកម្មច្បាប់អន្តោប្រវេសន៍របស់ប្រទេស ដែលហាមប្រាមអ្នកកាន់លិខិតឆ្លងដែនអ៊ីស្រាអែលមិនឱ្យចូលទៅក្នុងប្រទេសអាស៊ីខាងត្បូង។ មុននេះ សភាម៉ាល់ឌីវបានអនុម័តបទប្បញ្ញត្តិថ្មីមួយនេះ។

«ការផ្តល់សច្ចាប័ននេះឆ្លុះបញ្ចាំងពីជំហរច្បាស់លាស់របស់រដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងអំពើឃោរឃៅ និងអំពើប្រល័យពូជសាសន៍ដែលអ៊ីស្រាអែលកំពុងប្រព្រឹត្តប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។ ប្រទេសម៉ាល់ឌីវបញ្ជាក់ឡើងវិញនូវសាមគ្គីភាពដែលមិនផ្លាស់ប្តូររបស់ខ្លួនជាមួយប្រជាជនប៉ាឡេស្ទីន»។ នេះបើតាមសេចក្តីថ្លែងរបស់ប្រធានាធិបតីម៉ាល់ឌីវ។ ការហាមប្រាមនេះ បានចូលជាធរមានភ្លាមៗ។ អ៊ីស្រាអែល​មិន​បាន​ប្រតិកម្មអ្វី​ទេជុំវិញរឿងនេះ។

ម៉ាល់ឌីវមានកោះផ្កាថ្មចំនួន ១១៩២កន្លែង ដែលមានទីតាំងយុទ្ធសាស្ត្រ និងជាគោលដៅទេសចរណ៍ដ៏ពេញនិយម ដោយមានប្រជាជនម៉ូស្លីមច្រើនលើសលុប។ លោកប្រធានាធិបតី Muizzu ក្នុងខែមិថុនា ឆ្នាំ២០២៤ បានអំពាវនាវឱ្យមានការហាមឃាត់ការចូល ទៅកាន់អ្នកកាន់លិខិតឆ្លងដែនអ៊ីស្រាអែល ដោយធ្វើតាមអនុសាសន៍របស់គណៈរដ្ឋមន្ត្រី។ ក្រោយ​មក​ក្រសួង​ការ​បរទេស​អ៊ីស្រាអែល​បាន​ណែនាំ​ពលរដ្ឋ​ខ្លួន​ឱ្យ​នៅ​ឆ្ងាយ​ពី​ប្រទេស​កោះមួយនេះ។

ទិន្នន័យរបស់រដ្ឋាភិបាលម៉ាល់ឌីវបានឱ្យដឹងថា វិស័យទេសចរណ៍ជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចម៉ាល់ឌីវ ដែលស្មើនឹង ២១ភាគរយនៃផលិតផលក្នុងស្រុកសរុប និងនាំមកនូវប្រាក់ចំណូលចំនួន ៥,៦ពាន់លានដុល្លារនៅឆ្នាំ២០២៤។ ប្រទេស​កោះ​នេះ​រំពឹង​ថា​នឹង​រក​ចំណូល​បាន​ប្រហែល ៥ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ។ ក្នុងចំណោមអ្នកទេសចរបរទេស ២១៤ ០០០នាក់ដែលបានទៅលេងម៉ាល់ឌីវក្នុងខែកុម្ភៈ មានតែ ៥៩នាក់ប៉ុណ្ណោះជាជនជាតិអ៊ីស្រាអែល។

សង្គ្រាមអ៊ីស្រាអែល-ហាម៉ាសបានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមប្រដាប់អាវុធដែលគ្រប់គ្រងតំបន់កាហ្សា ស្រាប់តែវាយឆ្មក់ចូលភាគខាងត្បូងអ៊ីស្រាអែល បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់​មក​អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការ​មួយ​នៅ​កាហ្សា​ជា​ការ​ឆ្លើយ​តប។ មន្ត្រីសុខាភិបាលហ្គាហ្សាបាននិយាយថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៥១ ០០០នាក់ត្រូវបានសម្លាប់ ប្រជាជនភាគច្រើននៃតំបន់នេះត្រូវបានផ្លាស់ទីលំនៅជាច្រើនដង ហើយតំបន់ធំៗត្រូវបានកាត់បន្ថយទៅជាគំនរបាក់បែកដោយការប្រយុទ្ធគ្នា។

អាហ្រ្វិកខាងត្បូងបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនៅចុងឆ្នាំ២០២៣ ដោយចោទប្រកាន់អ៊ីស្រាអែលថាបានរំលោភលើកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាស្តីពីការទប់ស្កាត់និងការដាក់ទណ្ឌកម្មនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍និងធ្វើសកម្មភាពក្នុងគោលបំណងបំផ្លាញប្រជាជនប៉ាឡេស្ទីននៅតំបន់កាហ្សា។ នៅក្នុងរបាយការណ៍ខែធ្នូ ឆ្នាំ ២០២៤ អង្គការលើកលែងទោសអន្តរជាតិក៏បានចោទប្រកាន់អ៊ីស្រាអែលថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់កាហ្សា។

អ៊ីស្រាអែលបានបដិសេធរាល់ការចោទប្រកាន់ ដោយទទូចថាខ្លួនគោរពច្បាប់អន្តរជាតិ និងមានសិទ្ធិការពារខ្លួនបន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាស់៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង