- ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៤:៤០ នាទី រសៀល

ប្រធានធនាគារកណ្តាលអាម៉េរិក លោក Jerome Powell បាននិយាយថា ពន្ធនាំចូលកំពុងជំរុញសេដ្ឋកិច្ចចូលទៅក្នុងផ្លូវនៃកំណើនយឺត ភាពអត់ការងារធ្វើខ្ពស់ និងអតិផរណាខ្ពស់។
នៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយក្លឹបសេដ្ឋកិច្ចនៃទីក្រុងឈីកាហ្គោនៅថ្ងៃទី១៦ ខែមេសា ប្រធានធនាគារកណ្តាលអាម៉េរិក (Fed) លោក Jerome Powell បានលើកឡើងថា ការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ រួមទាំងពន្ធនាំចូលគឺមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្របច្ចុប្បន្នទេ។ នេះក៏ធ្វើឱ្យ Fed ប្រឈមមុខនឹងស្ថានភាពដែលមិនធ្លាប់មានពីមុនមកដែរ។
«ទាំងនេះគឺជាការផ្លាស់ប្តូរជាមូលដ្ឋាន។ យើងមិនមានបទពិសោធន៍ទំនើបណាមួយដើម្បីធ្វើមូលដ្ឋានយោងនោះទេ»។ លោក Powell ថ្លែងដូច្នេះ។ លោកបានទទួលស្គាល់ថា រហូតមកដល់ពេលនេះ ការដំឡើងពន្ធនាំចូលដែលបានប្រកាស គឺមានទំហំធំជាងការរំពឹងទុក ហើយថាភាពមិនច្បាស់លាស់ដែលអូសបន្លាយជុំវិញគោលនយោបាយពន្ធអាចបណ្តាលឱ្យខូចខាតសេដ្ឋកិច្ចរយៈពេលវែង។
គោលនយោបាយពន្ធរបស់លោក ត្រាំ កំពុងជំរុញសេដ្ឋកិច្ចឆ្ពោះទៅរកផ្លូវនៃកំណើនយឺត ភាពអត់ការងារធ្វើខ្ពស់ និងអតិផរណាខ្ពស់។ រឿងទាំងបីនេះ កើតឡើងក្នុងពេលតែមួយ។ នេះគឺជាស្ថានភាពដែល Fed មិនបានជួបប្រទះក្នុងរយៈពេលប្រហែល ៥០ឆ្នាំ។ លោកបានបន្ថែមថា៖ «ធនាគារកណ្តាលអាចរកឃើញខ្លួនឯងក្នុងស្ថានភាពលំបាក នៅគោលដៅពីរមានភាពមិនស្របគ្នា»។
ទីផ្សារភាគហ៊ុនអាម៉េរិកបានធ្លាក់ចុះ បន្ទាប់ពីការកត់សម្គាល់របស់លោក Powell ។ នៅពេលបិទការជួញដូរនៅថ្ងៃទី១៦ ខែមេសា សន្ទស្សន៍ Dow Jones បានថយចុះ ១,៧ភាគរយ, S&P 500 បានធ្លាក់ចុះ ២,៥ភាគរយ ហើយ Nasdaq Composite បានធ្លាក់ចុះ ៣,៥ភាគរយ។
ធនាគារកណ្តាល មានភារកិច្ចលើកកម្ពស់ការងារ និងគ្រប់គ្រងអតិផរណា។ លោក Powell បាននិយាយថា គោលនយោបាយពន្ធរបស់លោក ត្រាំ គំរាមកំហែងដល់គោលដៅទាំងពីរនេះ។ ទោះបីជាយ៉ាងណា យោងតាមទិន្នន័យចុងក្រោយនេះ សេដ្ឋកិច្ចអាម៉េរិកនៅតែស្ថិតក្នុងស្ថានភាពស្ថិរភាព។
Powell បាននិយាយថា Fed នឹងមិនកែសម្រួលគោលនយោបាយភ្លាមៗទេ។ ពួកគេត្រូវការទិន្នន័យបន្ថែមទៀត ដើម្បីកំណត់ពីផលប៉ះពាល់នៃគោលនយោបាយថ្មីលើសេដ្ឋកិច្ច។
យ៉ាងណាមិញ អ្នកសេដ្ឋកិច្ចភាគច្រើនព្យាករថា ការកើនឡើងអតិផរណា ការកើនឡើងភាពអត់ការងារធ្វើ និងការធ្លាក់ចុះនៃកំណើន គឺគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ ជាពិសេសប្រសិនបើពន្ធគយត្រឡប់មកវិញចូលជាធរមានបន្ទាប់ពី ៩០ថ្ងៃ។ រហូតមកដល់ពេលនេះ លោក ត្រាំ បានប្រកាសពន្ធ ២៥ភាគរយលើអាលុយមីញ៉ូមនិងដែក។ ពន្ធ ២៥ភាគរយលើទំនិញពីម៉ិកស៊ិក និងកាណាដា, ពន្ធ ១៤៥ភាគរយលើការនាំចូលពីប្រទេសចិន, ពន្ធ ២៥ភាគរយលើរថយន្ត ឡាន និងគ្រឿងបន្លាស់រថយន្ត។ ដៃគូពាណិជ្ជកម្មទាំងអស់របស់អាម៉េរិក បច្ចុប្បន្នក៏ត្រូវបង់ពន្ធ ១០ភាគរយលើការលក់ទៅកាន់ប្រទេសផងដែរ។
«Jerome Powell ទើបតែបានផ្តល់ការព្រមានច្បាស់លាស់ដល់លោក ត្រាំ អំពីហានិភ័យនៃអតិផរណាខ្ពស់ និងកំណើនយឺត។ វាក៏ជាសេចក្តីថ្លែងការណ៍មួយដែល Fed នឹងមិនកាត់បន្ថយអត្រាការប្រាក់តាមការអំពាវនាវរបស់សេតវិមានឡើយ»។ លោក David Russell នាយកយុទ្ធសាស្រ្តទីផ្សារសកលនៅ TradeStation បញ្ជាក់បែបនេះ។
លោក ត្រាំ បាននិយាយម្តងហើយម្តងទៀតថា បរទេសនឹងបង់ពន្ធ។ ទោះជាយ៉ាងណាក៏ដោយប្រធាន Fed បានសង្កត់ធ្ងន់ថាវាមិនពិតទេ។ លោកពន្យល់ថា ពន្ធនាំចូលនឹងបង្កើនភាពអត់ការងារធ្វើ ខណៈសេដ្ឋកិច្ចធ្លាក់ចុះ។ លោក Russell ថា អតិផរណាទំនងជាកើនឡើងផងដែរ។ ម្យ៉ាងវិញទៀតបន្ទុកពន្ធនាំចូលផ្នែកខ្លះនឹងត្រូវបង់ដោយប្រជាជន។
អំឡុងទសវត្សឆ្នាំ ១៩៧០ និងដើមទសវត្សឆ្នាំ ១៩៨០ សេដ្ឋកិច្ចអាម៉េរិកបានជួបប្រទះនឹងរយៈពេលនៃភាពអត់ការងារធ្វើខ្ពស់ និងអតិផរណាខ្ពស់។ នៅពេលនោះ ប្រធាន Fed លោក Paul Volcker បានផ្តល់អាទិភាពដល់ការគ្រប់គ្រងអតិផរណា ដោយទទួលយកការខូចខាតសេដ្ឋកិច្ច។
ការព្យាករនាពេលបច្ចុប្បន្នជាច្រើនបង្ហាញថា សេដ្ឋកិច្ចអាម៉េរិកកំពុងឆ្ពោះទៅរកទិសដៅនោះ។ ប្រធានធនាគារកណ្តាល Chicago លោក Austan Goolsbee បាននិយាយកាលពីសប្តាហ៍មុននៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងញូវយ៉កថា គោលនយោបាយពន្ធរបស់លោក ត្រាំ កំពុងធ្វើឱ្យ Fed ស្ថិតក្នុងស្ថានភាពស្រដៀងគ្នា៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
