- ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:២០ នាទី ព្រឹក

សៀមរាប៖ សហព័ន្ធសាក់យ័ន្តខ្មែរ បាននាំយកក្បួនសាក់យ័ន្តខ្មែរបែបបុរាណ ដោយអញ្ជើញចាស់ព្រឹទ្ធាចារ្យ សាក់យ័ន្ត មកចូលរួមផ្ទាល់ នាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ លោក សម្បត្តិ សក្ក គណៈកម្មការបច្ចេកទេសសហព័ន្ធខ្មែរសាក់យ័ន្ត បានរៀបរាប់ថា ការសាក់យ័ន្តខ្មែរ ត្រូវធ្វើតាមក្បួនខ្មែរ ដោយមុនសាក់ ត្រូវលើកខ័នថ្វាយគ្រូ ក្រោយសាក់រួចក៏ត្រូវលើកខ័នថ្វាយ ដើម្បីឲ្យគ្រូប្រសិទ្ធី។
ចំពោះការសាក់ ក៏សាក់ដោយដៃ ប្រើឧបករណ៍បុរាណ។ ការណ៍នេះ ពលរដ្ឋ និងទេសចរបរទេស និងបានស្វែងយល់អំពីវប្បធម៌សាក់យ័ន្តរបស់ខ្មែរ ឲ្យកាន់តែទូលំទូលាយថែមទៀត។
«យើងរៀបចំព្រឹត្តិការណ៍ចាក់យ័ន្តបែបបុកដៃបុរាណខ្មែរយើង ដើម្បីជូនមហាជនឱ្យដឹង និងស្គាល់សាក់យ័ន្តបុរាណ។ យើងមិនប្រើម៉ាស៊ីនទេ គឺបុកដៃតាមរបៀបបុរាណ។» នេះជាការបញ្ជាក់របស់លោក សម្បត្តិ សក្ក។
លោក ស៊ុន ផាត ព្រឹទ្ធាចារ្យនៃសហព័ន្ធខ្មែរសាក់យ័ន្ត លើកឡើងថាការសាក់ យ័ន្ដ បុរាណ ខ្មែរ ផ្ដោត សំខាន់ លើ ក្បួនខ្នាត រចនាប័ទ្ម ការ ប្រណិប័តន៍ ត្រណម និង អាគម ជា ចម្បង។ សាក់យ័ន្តនេះ ត្រូវទទួលតំណមពីគ្រូ និងរឿង មួយចំនួនដែលត្រូវបានហាមឃាត់ ដែលធ្វើឱ្យមនុស្សមានការផ្លាស់ប្តូរអត្តចរិត មកស្រគត់ស្រគំ ដោយឆ្លងកាត់ត្រណម។
ព្រឹទ្ធាចារ្យវ័យ ៧៩ឆ្នាំមកពី ខេត្តបាត់តំបងរូបនេះ បន្តថា រចនាបថនៃការសាក់យ័ន្តមាន៤ ប្រភេទ គឺ លក្ខណៈអក្សរ អក្ខរ អក្ខរលាយអក្សរ អក្ខរលាយអក្សរលាយជាមួយស្នាមគំនូរដូចជាត្រីកោណ មូលឬជ្រុង ខណៈដែល ការសាក់យ័ន្ត្របុរាណគឺមានបែបបទបច្ចេកទេសតាមរបៀបបុរាណ។
សហព័ន្ធខ្មែរសាក់យ័ន្ត បានបង្កើតនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ដែលគោលបំណងនៃការបង្កើតនេះ គឺដើម្បីប្រមូលផ្តុំរាល់ឯកសារ ចងក្រងឯកសារឡើងវិញ ផ្តល់ជូនលោកគ្រូដែលត្រូវការក្បួនខ្នាតបុរាណ និងចែករំលែកទៅមនុស្សជំនាន់ក្រោយ តាមរយៈការ បង្ហាត់បង្រៀន ។
សូមរម្លឹកថា ទីតាំងសាក់យ័ន្តខ្មែរ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ មានពលរដ្ឋច្រើនរូប បន្តចាប់អារម្មណ៍ និងចូលរួមសាក់យ័ន្តខ្មែរលើដងខ្លួនជាហូរហែ។ ទីតាំងសាក់យ័ន្តខ្មែរនេះ ស្ថិតក្នុងបរិវេណបន្ទាយយុទ្ធគុន នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រៀបចំដោយសហព័ន្ធខ្មែរសាក់យ័ន្ត ហើយការចាក់សាក់យ័ន្តនេះទៀតសោត បានរៀបចំទៅតាមរបៀបរបបបុរាណពីដើម ទៅតាមចំណេះជំនាញ៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា
លោក តុប វណ្ណារ៉ា (Top Vannara) ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែមករា ឆ្នាំ២០២៤ លោក តុប វណ្ណារ៉ា ចូលបម្រើការងារជាអ្នកហាត់ការនៅសារព័ត៌មានថ្មីៗ។ លោក តុប វណ្ណារ៉ា ជាអ្នកសារព័ត៌មានថ្មីៗ ដែលផ្តោតលើព័ត៌មានអប់រំ វប្បធម៌ និងផលិតវីដេអូតាមទូរស័ព្ទ។
