- ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៥:២០ នាទី ល្ងាច

លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ឆ្នាំនេះ ខេត្តកំពង់ធំ ទទួលបានជោគជ័យខ្ពស់ក្នុងការរៀបចំកម្មវិធីចូលឆ្នាំខ្មែរ និងកម្មវិធីសង្រ្កាន្ត។ ទេសចរជាតិ បានដើរកម្សាន្តតាមវត្ត តាមស្រុកនានា កើនជាងឆ្នាំ២០២៤ ទ្វេដង។
ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ បានចូលរួមលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០២៥ មានសរុបប្រមាណ 552,754 នាក់ ដែលមានភ្ញៀវជាតិ ចំនួន 552,350 នាក់ និងភ្ញៀវបរទេស ចំនួន 404 នាក់។ ភ្ញៀវទេសចរ ទស្សនាតាមគោលដៅទេសចរណ៍ប្រមាណ 13,565 នាក់។ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកលេងសង្រ្កាន្តនៅក្រុងស្ទឹងសែន មានប្រមាណ 205,200 នាក់។ ប្រជាពលរដ្ឋមកលេងតាមបណ្តាវត្តអារ៉ាមចំនួន ២៩៧វត្ត មានប្រមាណ 333,989 នាក់។
លោក នួន ផារ័ត្ន បានថ្លែងដូច្នេះ៖ «នេះជាភាពជោគជ័យធំធេងរបស់រដ្ឋបាលខេត្តក្នុងការរៀបចំ ដោយសារមានការរៀបចំំគ្រប់ទីកន្លែងតាមវត្តអារាម ស្រុក និងខេត្ត។ អ្វី ដែលយើងចង់បាន គឺអ្នកខេត្តកំពង់ធំ អាចលេងកម្សាន្តសប្បាយនៅក្នុងខេត្តរបស់យើង។ ពួកគាត់អាចកាត់បន្ថយការធ្វើដំណើរផង និងកាត់បន្ថយចំណាយផង។»
ក្រៅពីរៀបចំសង្ក្រាន្តសប្បាយនៅក្រុងស្ទឹងសែន រដ្ឋបាលខេត្តកំពង់ធំ ក៏បានរៀបចំទស្សនីយភាព «របាំកួយស្លដែក ឬសន្លុងជាន់ដែក» សម្ដែងដោយក្រុមសិល្បករ សិល្បការិនី មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ដែលត្រូវបានលើកយកមកសម្តែងនៅក្នុងឱកាសនៃពិធីសង្ក្រាន្តកំពង់ធំ ដើម្បីអនុញ្ញាតឱ្យយុវជនជំនាន់ក្រោយបានយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រខ្លួន ជាពិសេសភាពល្បីល្បាញនៃដាវដែកកំពង់ស្វាយ។
ប្រជាពលរដ្ឋជាច្រើន បានអបអរសាទរចំពោះជោគជ័យនៃការរៀបចំកម្មវិធីចូលឆ្នាំខ្មែរនៅខេត្តកំពង់ធំឆ្នាំ២០២៥នេះ។ ពួកគេសរសើរថា ខេត្តមានកម្មវិធីច្រើន ដែលនាំភាពរីករាយជូនប្រជាជនខុសពីឆ្នាំកន្លងមក៕
អ្នកសរសេរអត្ថបទ
ជម្រាបសួរមិត្តអ្នកអាន! នៅឆ្នាំ២០១៩ ខ្ញុំ សែម វណ្ណា (Sem Vanna) មានឱកាសចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ ផ្នែកផលិតវីដេអូ និងបទយកការណ៍។ បច្ចុប្បន្ន ខ្ញុំ ផ្ដោតលើព័ត៌មានបេតិកភណ្ឌ វប្បធម៌ និងសង្គម។ ក្រៅពីសរសេរព័ត៌មានសង្គមទូទៅ ខ្ញុំ ក៏បានចូលរួមផលិតវីដេអូឯកសារអំពីរមណីយដ្ឋានអង្គរផងដែរ៕
