- ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១១:៣០ នាទី ព្រឹក

ចិន បានកោតសរសើរកម្ពុជា លើកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានចេញផ្សាយបែបនេះ នៅថ្ងៃទី១៨ ខែមេសា។ ទន្ទឹមនេះ ចិន នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងព្រំដែន លែ្បងឆ្លងដែនខុសច្បាប់ និងការជួញដូរគ្រឿងញៀនផងដែរ។
មួយរយៈចុងក្រោយ កម្ពុជា បានដាក់ចេញវិធានការជាច្រើន ដើម្បីបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មផ្សេងៗ។ នៅក្នុងខែកុម្ភៈ កន្លងមក កម្ពុជា បានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាថែមទៀត ដើម្បីទប់ស្កាត់បទល្មើសនៅក្នុងប្រទេស។
ជុំវិញសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាបែបនេះ មេដឹកនាំចិន លោក ស៊ី ជិនភីង បានសរសើរកម្ពុជា លើការប្រឹងប្រែង ដើម្បីទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
«ភាគីចិន បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្រ្កាបល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ជុំវិញដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនភីង ប្រធានាធិបតីចិន បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៨ ខែមេសា។
តាមសេចក្តីប្រកាសនោះ ភាគីចិន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីអនុវត្តច្បាប់ និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងព្រំដែន, ល្បែងឆ្លងដែនខុសច្បាប់, ការជួញដូរគ្រឿងញៀន, ការរត់ពន្ធមនុស្ស និងការក្លែងបន្លំ៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
