- ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១:៣០ នាទី រសៀល

ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ លើ Madura United FC របស់ឥណ្ឌូណេស៊ី ដោយការប្រកួតទាំង ២ជើង មានគ្រាប់បាល់ ៦-៣ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFC Challenge League 2024-2025។ លោក Pep Munoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង សរសើរកីឡាកររបស់ខ្លួន ថាមានគុណភាពល្អ ដែលជាហេតុ ធ្វើឲ្យគ្រូបង្វឹករូបនេះ មានជំនឿចិត្តលើក្រុមថាអាចទៅវគ្គផ្ដាច់ព្រ័ត្រ តាំងពីចាប់ផ្ដើមប្រកួតពានរង្វាន់កម្រិតអាស៊ីមួយនេះ។ ចំណែកខ្សែបម្រើប្រយុទ្ធស្លាបឆ្វេង Gabriel Silva ប្រាប់ថា សមាជិកក្រុម កាន់តែមានទំនុកចិត្តប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយត្រូវស្វាគមន៍ FC ARKADAG មកពីតួកមេនីស្ថាន នៅថ្ងៃទី១០ ឧសភា ឆ្នាំ២០២៥។
ព្រះខ័នរាជស្វាយរៀង បានប្រកួតស្មើជាមួយ Madura United FC លទ្ធផល៣-៣ នៃការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFC Challenge League ជើងទី២ នៅកីឡដ្ឋាន Gelora Joko Samudro កាលពីថ្ងៃទី១៧ មេសា ឆ្នាំ២០២៥។ ដោយឡែក កាលពីជើងទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ព្រះខ័នរាជស្វាយរៀង បានឈ្នះក្រុមមកពីប្រទេសឥណ្ឌូណេស៊ីនេះ លទ្ធផល៣-០ កាលពីថ្ងៃទី១០ មេសា។ គ្រាប់បាល់សរុបទាំង២ជើង ព្រះខ័នរាជស្វាយរៀង ឈ្នះលើ Madura United FC ដោយលទ្ធផល ៦-៣។
កីឡាករ Bounphachan ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង រូបពី AFC
រីឯការប្រកួតជើងទី២ លើដីប្រទេសឥណ្ឌូណេស៊ី ក្រុមព្រះខ័នរាជស្វាយរៀង នៅតែធ្វើបានល្អជាងម្ចាស់ផ្ទះ ដោយបាននាំមុខ Madura United ១-០ នៅនាទី៥ បន្ទាប់ពី Bounphachan ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង បានបញ្ជូនបាល់ទៅឲ្យមិត្តរួមក្រុម Gabriel Silva ទាត់បញ្ចូលទីបានដោយជោគជ័យ។ នៅនាទី២៧ ក្រុមម្ចាស់ផ្ទះ វាយបកបាន១គ្រាប់ លទ្ធផល១-១ ដោយការតែតបាល់បញ្ចូលទី ពីកីឡាករ Pedro Monteiro បន្ទាប់ពីមិត្តរួមក្រុម លើកបាល់ជ្រុង។
នៅនាទី២៨ ការសប្បាយរបស់ក្រុមម្ចាស់ផ្ទះ បានស្ងាត់ទៅវិញ បន្ទាប់ពី Bounphachan របស់ព្រះខ័នរាជស្វាយរៀង ទាត់បញ្ចូលទី នាំឲ្យលទ្ធផល ២-១។ ចប់តង់ទី១ ព្រះខ័នរាជស្វាយរៀង នាំមុខ Madura United FC លទ្ធផល២-១។
ចូលដល់តង់ទី២ ការប្រកួតកាន់តែមានកម្ដៅ ដោយក្រុមម្ចាស់ផ្ទះ មានគ្រាប់បាល់ចាញ់ក្រុមព្រះខ័នរាជស្វាយរៀង។ ដូច្នេះ Madura United FC ត្រូវរកគ្រាប់បាល់ឲ្យឈ្នះព្រះខ័នរាជស្វាយរៀង យ៉ាងហោចណាស់ ៣គ្រាប់ឡើង ព្រោះដើម្បីឲ្យស្មើជាមួយនឹងជើងទី១ ដែលបានចាញ់ក្រុមមកពីកម្ពុជានេះ លទ្ធផល៣-០។ ទឹកចិត្តចង់ឈ្នះខ្លាំងរបស់កីឡាករ Madura United បានបង្ករជាកំហុសជាច្រើនលើកផងដែរ។
ចូលដល់នាទី៥៧ កីឡាករ មិន រតនៈ របស់ព្រះខ័នរាជស្វាយរៀង រកបានគ្រាប់ទី៣ សម្រាប់ក្រុម។ លទ្ធផលព្រះខ័នរាជស្វាយរៀង នាំមុខ ៣-១។ ១នាទីបន្ទប់ Andi Irfan របស់ Madura វាយបកបាន១គ្រាប់ លទ្ធផល ៣-២។ នៅនាទី៧៦ Andi Irfan បានស៊ុតចំបង្គោលទី ហើយឡងមកចំដៃ វីរៈ ដារ៉ា អ្នកចាំទីព្រះខ័នរាជស្វាយរៀង ចូលក្នុងសំណាញ់ទី នាំឲ្យលទ្ធផល ម្ចាស់ផ្ទះតាមស្មើ ៣-៣។
លោក Pep Munos គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បាននិយាយថា លទ្ធផលនេះ គឺមិនមែនក្រុមលោក បន្ធូបន្ថយពីរបៀបនៃការលេងទេ ព្រោះគោលដៅរបស់របស់ក្រុមព្រះខ័នរាជស្វាយរៀង គឺការឈ្នះគ្រប់ប្រកួត និងទៅឲ្យដល់ចុងបញ្ចប់ នៃពានរង្វាន់អន្ដរជាតិ ដែលខ្លួនបានចូលរួម។ គ្រូបង្វឹករូបនេះ បាននិយាយទាំងមានជំនឿចិត្តថា ក្រុមលោក គឺមានកម្រិតអាចប្រកួតប្រជែងជាមួយក្រុម ដែលមានកម្រិតអន្ដរជាតិបាន ដោយសារតែកីឡាករសុទ្ធតែមានសមត្ថភាព និងគុណភាព។
មិន រតនៈ កីឡាករព្រះខ័នរាជស្វាយរៀង រូបពី AFC
លោក Pep បាននិយាយថា៖«គោលដៅរបស់យើង ត្រូវតែព្យាយាមទៅឲ្យដល់ចុងបញ្ចប់ រាល់ពានរង្វាន់ទាំងអស់ ដែលយើងចូលរួម។ ខ្ញុំ ចង់បង្ហាញអ្នកទាំងអស់គ្នាពេលនេះ គឺយើងមានគុណភាពកីឡាករល្អ។ ពួកគេ មានការប្រកួតប្រជែងខ្ពស់។ ពួកយើង អាចមានការប្រកួតប្រជែងខ្ពស់ ជាមួយក្រុម ដែលយើងលេង សូម្បីតែការប្រកួតអន្ដរជាតិផងដែរ។ ខ្ញុំដឹងថា យើងអាចប្រកួតប្រជែងជាមួយក្រុមផ្សេងៗ ក្នុងព្រឹត្តិការណ៍ធំៗ។ ខ្ញុំដឹងតាំងតែពីចាប់ផ្ដើម ថាក្រុមយើង អាចប្រកួតប្រជែងបាន។»។
រីឯខ្សែបម្រើប្រយុទ្ធស្លាបឆ្វេងរបស់ព្រះខ័នរាជស្វាយរៀង Gabriel Silva ក៏បានលើកឡើងពីចំណាប់អារម្មណ៍ខ្លួន ដោយសប្បាយរីករាយ ដែលបានចូលរួមជួយក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League។ នេះ គឺជាលើកទី១ សម្រាប់កីឡាករជនជាតិប្រេស៊ីលរូបនេះ បានជួយក្រុមឲ្យឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងពានរង្វាន់កម្រិតទី៣ របស់ទ្វីបអាស៊ី។
ខ្សែបម្រើរូបនេះ បាននិយាយថា៖«ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលក្រុមបានទៅវគ្គផ្ដាច់ព្រ័ត្រ។ យើង នឹងបន្ដធ្វើឲ្យបានល្អសម្រាប់ប្រកួតបន្ទាប់ទៀត។»។
គួរបញ្ជាក់ផងដែរថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League 2024-2025 នឹងត្រូវធ្វើនៅថ្ងៃទី១០ ឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយក្រុមព្រះខ័នរាជស្វាយរៀង ត្រូវស្វាគមន៍ FC ARKADAG របស់តួកមេនីស្ថាន៕
អ្នកសរសេរអត្ថបទ
