សោកស្ដាយ! ផ្សោតពណ៌ផ្កាឈូក១ក្បាលត្រូវបានប្រទះឃើញងាប់ នៅដែនសមុទ្រខេត្តកំពត
  • ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១:០០ នាទី រសៀល
សោកស្ដាយ! ផ្សោតពណ៌ផ្កាឈូក១ក្បាលត្រូវបានប្រទះឃើញងាប់ នៅដែនសមុទ្រខេត្តកំពត
រូបភាព៖ ហ្វេសប៊ុក «ផែសមុទ្រ PheSamout Camping»

ភ្នំពេញ៖ ផ្សោតឃ្លាចពណ៌ផ្កាឈូកឈ្មោល ១ក្បាល ត្រូវបានអ្នកនេសាទ ប្រទះ​ឃើញ​ងាប់​អណ្ដែត​នៅកណ្ដាលសមុទ្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត។ នេះបើតាមព័ត៌មាន​ដែល​ទទួល​​​បានពី លោក លី ធារិទ្ធ ពលរដ្ឋរស់នៅក្នុងតំបន់។ 

TTN-Free-Banner-In-Article-PC

លោក លី ធារិទ្ធ បានបញ្ជាក់នៅថ្ងៃទី១៨ ខែមេសានេះថា ផ្សោតដែលងាប់នេះមានទម្ងន់​ប្រហែ​ល ៥០គីឡូក្រាម និងប្រវែង១,៩៨ម៉ែត្រ។ សត្វដ៏កម្រនេះ បានងាប់នៅកណ្ដាល​សមុទ្រ ហើយត្រូវបានប្រជានេសាទប្រទះឃើញ និងបានអូសយកមកទុកនៅជិតឆ្នេរដូង ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី១៧ ខែមេសា។

មកទល់ពេលនេះ គេមិនទាន់អាចសន្និដ្ឋានថា វាងាប់ដោយសារអ្វីនោះទេ ប៉ុន្តែសាកសព​របស់​វា ត្រូវបានមន្រ្តីជំនាញនៃរដ្ឋបាលជលផល កប់ចោលរួចហើយ។ ទន្ទឹមនោះ ពួកគេក៏​បានយកសំណាក ដើម្បីធ្វើកោសល្យវិច័យ រកមូលហេតុនៃការងាប់ផងដែរ។ នេះបើតាម លោក លី ធារិទ្ធ ដោយលោកបញ្ជាក់ដូច្នេះថា៖« មកទល់ពេលនេះ គេអត់ទាន់ដឹងថាងាប់​ដោយសាអ្វី​ទេ ព្រោះគាត់ (មន្រ្តីជំនាញរដ្ឋបាលជលផល) ទើបតែមកយកសំណាក ដើម្បី​កោសល្យវិច័យ រកមូលហេតុ។ ផ្សោតនេះ គេបានយកទៅកប់រួចហើយ តាំងពីថ្ងៃទី១៧ មេសាម្ល៉េះ។»។ 

ផ្សោត​ពណ៌​ផ្កាឈូក​ ជា​ប្រភេទ​មាន​ដោយ​កម្រ និង​បាន​ចុះបញ្ជី​ក្រហម IUCN។ តំបន់​សមុទ្រក្នុងភូមិសាស្រ្តខេត្តកំពត មានផ្សោតឃ្លាចពណ៌ផ្កាឈូកប្រហែល ៤០​ទៅ ៤៦​ក្បាល។ លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ប្រាប់​សារព័ត៌មានឌីជលថ្មីៗ កាលពីឆ្នាំ២០២៣៕ 


អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា