អង្គរសង្រ្កាន្ត ធ្វើឱ្យសៀមរាបជាប់លេខ២ ជាខេត្តដែលមានទេសចរទៅកម្សាន្តច្រើន​ជាងគេ
  • ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៣:២៩ នាទី រសៀល
អង្គរសង្រ្កាន្ត ធ្វើឱ្យសៀមរាបជាប់លេខ២ ជាខេត្តដែលមានទេសចរទៅកម្សាន្តច្រើន​ជាងគេ
លោកយាយលោកតា អ្នករស់នៅតំបន់អង្គរដើរប្រោសប្រស់ទឹកដល់ចៅៗជាយុវជនស្ម័គ្រចិត្ត និងអ្នកចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ ២០២៥ នៅបរិវេណភូមិខ្ញុំ ក្រោយពីរៀបចំពិធីស្រង់ព្រះ កាលពីថ្ងៃទី១៦មេសា៕

សៀមរាប៖ ខេត្តសៀមរាប ឈរនៅលំដាប់ទី២ ជាខេត្តមានទេសចរដើរកម្សាន្តច្រើនជាងគេ នា​​​ឱកាសពិធីបុណ្យចូលឆ្នាំថ្មី២០២៥ រយៈពេល៣ថ្ងៃ បន្ទាប់រាជធានីភ្នំពេញ។ រយៈ​ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ទេសចរ និងពលរដ្ឋជាង ២,៧៥លាននាក់ បានដើរលេង​កម្សាន្ត នៅខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ នេះបើតាមរបាយការណ៍​ទេសចរណ៍​ពី រដ្ឋបាលខេត្តសៀមរាប។

TTN-Free-Banner-In-Article-PC

ប្រភពដដែលបានបង្ហាញថា ក្នុងចំណោមទេសចរទាំងជិត៣លាននាក់នោះ មានទេសចរជាតិ និង​ពល​រដ្ឋ​ក្នុងខេត្តប្រមាណ ២ ៧៤០ ០០០នាក់។ ចំណែក ទេសចរបរទេស មាន​ប្រ​មាណ ១២ ៨១៨នាក់។ 

ទេសចរនាំគ្នាលេងកម្សាន្តនៅមុខផ្លូវចូលប្រាសាទអង្គរវត្ត នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ 

បើតាមស្ថិតិទេសចរណ៍របស់ក្រសួងទេសចរណ៍​ ថ្ងៃទី១នៃពិធីបុណ្យ​ចូល​ឆ្នាំខ្មែរ ខេត្តសៀមរាបទទួលទេសចរជាតិ និងពលរដ្ឋបានជាង ៧,៩សែននាក់ ក្នុងនោះ​ទេសចរបរទេសមានជាង៤,៥ពាន់នាក់។ ចំណែក ថ្ងៃទី២វិញ មានទេសចរជាតិ ​និងពលរដ្ឋ​​ ជាង ១,១លាននាក់ ក្នុងនោះ មានទេសចរបរទេស​ជាង ៤,២ពាន់នាក់។ ​រីឯថ្ងៃទី៣​ នៃអង្គរសង្ក្រាន្ត គឺមានទេសចរ​ជាតិ និងពលរដ្ឋជាង ៨សែននាក់ ក្នុងនោះបរទេសជាង ៤ពាន់នាក់ ផងដែរ។ 

គួរជម្រាប​ដែរថា រាជធានីភ្នំពេញនាំមុខគេ ដែលមានទេសចរ និងពលរដ្ឋ ដើរ​លេង​កម្សាន្តច្រើន​ជាងគេរហូតដល់ជាង ២,៨៦លាននាក់។ ​បន្ទាប់មក គឺសៀមរាប ខណៈ​ខេត្ត​កំពង់​ចាម ឈរនៅលំដាប់ទី៣ ដែលមានទេសចរជាង ២,៧៤ លាននាក់, ខេត្តព្រៃវែង ជាប់​លេខ​៤ មានទេសចរជាង ២,៣៩លាននាក់ និងទី៥ ខេត្តបាត់ដំបងមានជាង ១,៧៤លាននាក់ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ មកនេះ៕ 

អត្ថបទទាក់ទង

ទេសចរពិសេសយុវជននាំគ្នាមកលេងទឹក និងម្សៅ នៅជុំវិញតំបន់ផាប់ស្ទ្រីត ពេលរាត្រីចូលឆ្នាំ។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី