ទស្សនាឥតគិតថ្លៃ! កម្ពុជា បញ្ចាំងភាពយន្តចិនចំនួន៥នៅរោងភាពយន្តឡេជេន និងអូឡាំព្យាម៉ល
  • ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៥:២៩ នាទី ល្ងាច
ទស្សនាឥតគិតថ្លៃ! កម្ពុជា បញ្ចាំងភាពយន្តចិនចំនួន៥នៅរោងភាពយន្តឡេជេន និងអូឡាំព្យាម៉ល

ភ្នំពេញ៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល ២ថ្ងៃ ប្រកបដោយជោគជ័យ។ កម្ពុជា-ចិន បានផ្លាស់ប្ដូរឯកសារចំនួន៣៧ ដោយគ្របដណ្តប់លើវិស័យជាច្រើន រួមមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខសកល ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ឧស្សាហកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ ជំនួយអភិវឌ្ឍន៍ ពន្ធគយ ចត្តាឡីស័ក សុខាភិបាល ទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយ។

TTN-Free-Banner-In-Article-PC


ចិន ក៏ជួយស្តារព្រះបរមរាជវាំងបុរាណនៅអង្គរ ក៏ដូចជាប្រាសាទព្រះវិហារ និងបេតិកភណ្ឌវប្បធម៌ដទៃទៀត, ការបង្កើតយន្តការដើម្បីសម្រួលដល់ការផ្លាស់ប្តូរទៀងទាត់រវាងនាយកដ្ឋានកិច្ចការយុវជន និងសហភាពសហព័ន្ធយុវជន នៃប្រទេសទាំងពីរ និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ រវាងធនាគារខួរក្បាល និងទីក្រុងសម្ព័ន្ធមេត្រីភាព ក្នុងគោលបំណងលើកកម្ពស់មិត្តភាពកម្ពុជា-ចិន។ 

ជាមួយគ្នានេះ ក្រសួងវប្បធម៌ សហការជាមួយ គណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី និងបណ្ណសាភាពយន្តចិន ចាក់បញ្ចាំងភាពយន្តចិនល្បីៗ ចំនួន៥ ចំណងជើង នៅរោងភាពយន្តឡេជេន អូឡាំព្យាម៉ល ជូនទស្សនិកជនទស្សនាដោយសេរី។ ពិធីបើកនេះ ត្រូវបានធ្វើឡើង នៅសាលសន្និសីទចតុមុខ ក្រោមវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការចិន ។

លោកស្រី ភឿង សកុណា បានថ្លែងថា៖ «កម្ពុជា និងចិន មានទំនាក់ទំនងជាប្រពៃណីដែលបានចាប់ផ្ដើមរាប់ពាន់ឆ្នាំមកហើយ ហើយក៏មានវប្បធម៌អរិយធម៌ដ៏ចំណាស់និងអស្ចារ្យរៀងៗខ្លួនផងដែរ។ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ បានឈានដល់កម្រិតដ៏សំខាន់មួយគឺ“សហគមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិន”» ។ 

រដ្ឋមន្រ្តីក្រសួងវប្បធម៌ ថ្លែងថា ទំនាក់ទំនងកម្ពុជា-ចិន បានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀតគឺ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដោយបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ក្នុងនោះវិស័យវប្បធម៌ក៏ត្រូវបានលើកកម្ពស់ ពិសេសការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

សូមរម្លឹកថា ក្នុងទស្សនកិច្ចនេះ លោក ស៊ី បានចូលថ្វាយបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី និងបានជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៕ 


អ្នកសរសេរអត្ថបទ

លោក តុប វណ្ណារ៉ា  (Top Vannara) ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែមករា ឆ្នាំ២០២៤ លោក តុប វណ្ណារ៉ា ចូលបម្រើការងារជាអ្នកហាត់ការនៅសារព័ត៌មានថ្មីៗ។ លោក តុប វណ្ណារ៉ា ជាអ្នកសារព័ត៌មានថ្មីៗ ដែលផ្តោតលើព័ត៌មានអប់រំ វប្បធម៌ និងផលិតវីដេអូតាមទូរស័ព្ទ។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

តុប វណ្ណារ៉ា