- ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៥:៥៩ នាទី ល្ងាច

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា ដែលជាថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ ពលរដ្ឋកម្ពុជាជាច្រើនបានធ្វើដំណើរកម្សាន្ត នៅតាមរមណីយដ្ឋាននានានៅទូទាំងប្រទេស។ ដោយឡែកភ្នំឱរ៉ាល់ ដែលជាភ្នំខ្ពស់ជាងគេនៅកម្ពុជា ទទួលបានភ្ញៀវទេសចរចំនួន៧៩នាក់ប៉ុណ្ណោះ នៅថ្ងៃចូលឆ្នាំខ្មែរកន្លងទៅ។
ភ្នំឱរ៉ាល់ បានក្លាយជាកន្លែងទេសចរណ៍បែបផ្សងព្រេងដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោក ឈឺន ឈីម ប្រធានសហគមន៍ភ្នំឱរ៉ាល់ បានបញ្ជាក់ថា ទេសចរទៅកម្សាន្តនៅភ្នំឱរ៉ាល់ចំនួន៧៩នាក់ គឺកើនឡើងបើធៀបនឹងឆ្នាំ២០២៤ ដែលទទួលបានទេសចរ ៤៤នាក់ប៉ុណ្ណោះ។
ជាមួយគ្នានេះ តំបន់ទេសចរណ៍ភ្នំឱរ៉ាល់ គឺពឹងផ្អែកលើកំណើនទេសចរ ដើម្បីធ្វើឱ្យសហគមន៍ភ្នំឱរ៉ាល់មានការអភិវឌ្ឍន៍ជាងមុន និងជួយពលរដ្ឋក្នុងសហគមន៍មានប្រាក់ចំណូលបន្ថែមបាន។ បច្ចុប្បន្ន សហគមន៍ភ្នំឱរ៉ាល់ កំពុងខិតខំ អភិវឌ្ឍតំបន់ទេសចរណ៍ភ្នំឱរ៉ាល់ឱ្យកាន់តែស្រស់ស្អាត និងមានសេវាកម្មច្រើនជាងនេះផងដែរ។
ដើម្បីរក្សាសោភ័ណភាពស្រស់ស្អាត និងខៀវស្រងាត់ នៅភ្នំឱរ៉ាល់ ប្រធានសហគមន៍ភ្នំឱរ៉ាល់ សំណូមពរដល់ភ្ញៀវទេសចរ ដែលបានទៅកម្សាន្តលេងទាំងអស់ ចូលរួមថែក្សាបរិស្ថាន អនាម័យទាំងអស់គ្នា។
សូមជម្រាបថា ភ្នំឱរ៉ាល់ ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ស្ថិតនៅចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីទីរួមខេត្ត ។ ដើម្បីទៅដល់ភ្នំឱរ៉ាល់ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមគោយន្តពីភូមិស្រែកិន៣ ទៅដល់ជើងភ្នំប្រមាណ ១២គីឡូម៉ែត្រ និងធ្វើដំណើរថ្មើរជើងឡើងពីរដំណាក់ ទើបដល់កំពូលភ្នំ៕
អ្នកសរសេរអត្ថបទ
កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២ កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។ បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥ ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។
