- ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:២៩ នាទី យប់

លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានផ្លាស់វេនអាស៊ាន នៅថ្ងៃទី១៨ ខែមេសា បានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗនៅមីយ៉ាន់ម៉ា ក្រោយជជជែកជាមួយរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា និងរបបសឹក។ បើតាមមេដឹកនាំម៉ាឡេស៊ី ការអំពាវនាវរកបទឈប់បាញ់នេះ ធ្វើឡើងក្រោមហេតុផលដឹកជញ្ជូនជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព។
ពីទីក្រុងបាងកក នៅថ្ងៃទី១៧ ខែមេសា លោក លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានផ្លាស់វេនអាស៊ាន បានជជែកជាមួយលោក Mahn Win Khaing Than នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ និងជួបជជែកដោយផ្ទាល់ ជាមួយលោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា។
ក្រោយពិភាក្សាជាមួយភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា លោក អាន់វ៉ា បានអំពាវនាវរកបទឈប់បាញ់ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលបានរងគ្រោះដោយសារគ្រោះរញ្ជួយដីក្នុងកម្រិតធ្ងន់ធ្ងរ។
«ខ្ញុំបានលើកឡើងនៅចំពោះមុខគាត់ (លោក មីន អ៊ុងឡាំង) ពីភាពចាំបាច់នៃការបញ្ឈប់អំពើហិង្សា, ការបញ្ឈប់ជម្លោះប្រដាប់អាវុធថ្មី ឬសកម្មភាពយោធា ដ្បិតវាជាមធ្យោបាយតែមួយគត់ ក្នុងការដឹកជញ្ជូនជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព»។ លោក អាន់វ៉ា បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី១៨ ខែមេសា ដោយបន្ថែមថា នៅពេលថ្មីៗនេះ មេដឹកនាំយោធា បានលើកលែងទោសចំនួន ៤៨០០នាក់។ ត្រង់ចំណុចនេះ លោក អាន់វ៉ា បានចាត់ទុកជាជំហានវិជ្ជមានមួយ។
ក្នុងគ្រោះរញ្ជួយដីកម្រិត ៧,៧រិចទ័រ មីយ៉ាន់ម៉ា មានអ្នកស្លាប់យ៉ាងហោចណាស់ ៣៧០០នាក់ និងអ្នករបួសជាច្រើននាក់។ ទោះរងផលវិបាកដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសក្តី ជម្លោះប្រដាប់អាវុធនៅមីយ៉ាន់ម៉ា បន្តកើតមាន ដែលធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅប្រជាជនរងគ្រោះ។
កន្លងមក រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា បានចោទរបបសឹកថា នៅតែបន្តវាយប្រហារ បើទោះរបបសឹកបានសន្យាអនុវត្តបទឈប់បាញ់រយៈពេល ២០ថ្ងៃ នៅថ្ងៃទី២ ខែមេសាក្តី។ ការប្រកាសរបស់របបសឹក ធ្វើឡើងក្រោយចិនទទូចឱ្យមានការការពារដល់ក្រុមដឹកជញ្ជូនជំនួយមនុស្សធម៌៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
