មន្រ្តីក្រសួងឃោសនាការចិន សង្ឃឹមថាមានភាពយន្តចិនកាន់តែច្រើន មកថតនៅកម្ពុជា
  • ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៥៩ នាទី ព្រឹក
មន្រ្តីក្រសួងឃោសនាការចិន សង្ឃឹមថាមានភាពយន្តចិនកាន់តែច្រើន មកថតនៅកម្ពុជា

ភ្នំពេញ៖ លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការចិន និងជាអគ្គនាយកអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈមចិន សង្ឃឹមថាមានភាពយន្តចិនកាន់តែច្រើន មកថតនៅប្រទេសកម្ពុជា។ បន្ថែមពីនេះ លោកក៏ចង់ឃើញភាពយន្តកម្ពុជាទៅបញ្ចាំងនៅប្រទេសចិនវិញដែរ ដើម្បីបង្កើនភាពស្និតស្នាលរវាងប្រជាជននៃប្រទេសទាំងពីរ។
TTN-Free-Banner-In-Article-PC

នៅក្នុងពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោកស៊ី ជិនភីង ចូលចិត្ត» កាលពីថ្ងៃទី១៧ ខែមេសា លោក Shen Haixiong បានលើកឡើងថា កម្ពុជា និងចិន ជាមិត្តដែកថែប ដែលតែងជួយយកអាសាគ្នាទៅវិញមក។ ដោយឡែកនៅប៉ុន្មានឆ្នាំចុងក្រោយនេះ លោក បានកត់សម្គាល់ថា ប្រជាជននៃប្រទេសទាំងពីរកាន់តែស្និទស្នាល តាមរយៈជួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, ការនាំចូលទំនិញ, កំណើនទេសចរចិនមកកម្សាន្តកម្ពុជា និងភាពពេញនិយមនៃរឿងភាគចិននៅកម្ពុជា ជាដើម។ 

អនុរដ្ឋមន្រ្តីក្រសួងឃោសនាការចិនរូបនេះ បានដឹងថាប្រជាជនកម្ពុជាចូលចិត្តទស្សនារឿងភាគចិន។ ដូច្នេះ លោក Shen សង្ឃឹមថាមានភាពយន្តចិនកាន់តែច្រើន មកថតនៅប្រទេសកម្ពុជា ហើយមានភាពយន្តកម្ពុជាទៅបញ្ចាំងនៅប្រទេសចិនវិញ។ ការណ៍នេះ លោកយល់ថា វាធ្វើឱ្យទំនាក់ទំនង វប្បធម៌ និងប្រជាជននៃប្រទេសទាំងពីរកាន់តែមានភាពស្និតស្នាល។ 

លោក Shen បានថ្លែងបែបនេះថា៖« ខ្ញុំបានដឹងឮថា ប្រជាជនកម្ពុជាចូលចិត្តទស្សនារឿងភាគចិន។ ខ្ញុំសង្ឃឹមថាមានខ្សែភាពយន្តចិនមកថតនៅកម្ពុជាកាន់តែច្រើន ហើយក៏សង្ឃឹមភាពយន្តកម្ពុជាទៅបញ្ចាំងនៅប្រទេសចិនវិញដែរ ដើម្បីធ្វើឱ្យទំនាក់ទំនង វប្បធម៌ និងប្រជាជនកាន់តែមានភាពស្និតស្នាល»។ 

សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៧ កុម្ភៈ បានណែនាំឱ្យក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្យសិល្បៈ និងរដ្ឋបាលរាជធានី-ខេត្តទាំងអស់ សហការគ្នាក្នុងការផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍ សម្រាប់ថតភាពយន្ត ឬថតស្ប៉ត ទាំងក្នុងក្របខណ្ឌភាពយន្តជាតិ និងអន្តរជាតិ។ សម្រាប់ប្រមុខរាជរដ្ឋាភិបាល សិល្បៈភាពយន្ត និងស្ប៉តពាណិជ្ជកម្ម គឺជាមធ្យោបាយជំរុញការផ្សព្វផ្សាយកម្ពុជា នៅលើឆាកអន្តរជាតិបានលឿន និងមានប្រសិទ្ធភាព៕ 

អត្ថបទទាក់ទង








 

អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា