អាជ្ញាធរ រកឃើញ ក្រុមហ៊ុនទឹកស្អាតមួយ នៅកំពង់ឆ្នាំង ចាក់ដីចូលទន្លេសាប
  • ថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៥:២៩ នាទី ល្ងាច
អាជ្ញាធរ រកឃើញ ក្រុមហ៊ុនទឹកស្អាតមួយ នៅកំពង់ឆ្នាំង ចាក់ដីចូលទន្លេសាប
ក្រុមហ៊ុនទឹកស្អាតមួយ នៅកំពង់ឆ្នាំងចាក់ដីចូលទន្លេសាប។ រូបពី អាជ្ញាធរទន្លេសាប

ភ្នំពេញ៖ លោក ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប រួមជាមួយមន្ត្រីជំនាញ និងមន្ត្រីមូលដ្ឋាន បានរកឃើញករណីចាក់ដីចូលក្នុងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្ត ភូមិទី១ សង្កាត់ខ្សាម និងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
TTN-Free-Banner-In-Article-PC

បើតាមការចេញផ្សាយរបស់អាជ្ញាធរទន្លេសាប កាលពីថ្ងៃទី១៩មេសា ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តបានចុះពិនិត្យដល់ទីតាំងជាក់ស្តែង ដោយឃើញក្រុមហ៊ុនទឹកស្អាតមួយ ជាអ្នកចាក់ដីចូលទន្លេ។ មន្ត្រីជំនាញ ក៏បានប្រជុំពិភាក្សាដោះស្រាយករណីក្រុមហ៊ុនទឹកស្អាត ដែលចាក់ដីបំពានចូលទន្លេសាបនេះ វាផ្ទុយនឹងច្បាប់ ហើយបង្កផលប៉ះពាល់លំហូរទឹកធម្មជាតិ។ 

អាជ្ញាធរទន្លេសាបបានសង្កត់ធ្ងន់បែបនេះ៖ «បញ្ហានេះ ជាបទល្មើស ដែលមានចែងក្នុងបទបញ្ញត្តិនៅក្នុងមាត្រា ១២ និងមាត្រា ៣៦ នៃច្បាប់ ស្តីពីការគ្រប់គ្រងធនធានទឹកនៅកម្ពុជា»។ 

មាត្រា១២ បានចែងថា ការលុបទន្លេ ស្ទឹង ព្រែក អូរ បឹងបួ ប្រឡាយ អាងទឹក និងអាងធម្មជាតិ តម្រូវឱ្យមានការសុំអាជ្ញាប័ណ្ណទឹក ឬលិខិតអនុញ្ញាត។ បែបបទ នៃការសុំនេះ នឹងមានចែងនៅក្នុងអនុក្រឹត្យ។ ចំណែក មាត្រា៣៦ ចែងថា អ្នករំលោភលើលក្ខខណ្ឌនានា ដែលមានកំណត់ក្នុងអាជ្ញាប័ណ្ណទឹក និងសង់សំណង់ធារាសាស្ត្រដោយគ្មានអាជ្ញាប័ណ្ណទឹក ត្រូវពិន័យ២០០ ០០០ រៀល ទៅ ២ ០០០ ០០០រៀល។ រីឯ អ្នកប្រើប្រាស់ទឹកដោយគ្មានសុំអាជ្ញាប័ណ្ណទឹក ឬលិខិតអនុញ្ញាត ក្នុងករណីច្បាប់តម្រូវឱ្យមាន ត្រូវពិន័យ២ ០០០ ០០០រៀល ទៅ៥ ០០០ ០០០រៀល ឬដាក់ពន្ធនាគារ១ខែ ទៅ៦ខែ។ 

ជាមួយនេះដែរ អង្គប្រជុំក៏បានសម្រេចរៀបចំកិច្ចប្រជុំពិភាក្សាលម្អិតជាលក្ខណៈបច្ចេកទេសនៅសប្តាហ៍ក្រោយជាមួយក្រសួង ស្ថាប័នជំនាញ ដើម្បីឱ្យក្រុមហ៊ុន មានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាត បម្រើសេចក្តីត្រូវការប្រចាំថ្ងៃ របស់ប្រជាជនក្នុងខេត្តកំពង់ឆ្នាំង ដោយបញ្ចៀសហេតុផលប៉ះពាល់ជាអវិជ្ជមានដល់លំហូរទឹកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេសាប៕

 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី