សំណុំរឿងនុយក្លេអ៊ែរ៖ អាមេរិក និង អ៊ីរ៉ង់ ចរចាជាលើកទី២ នៅអ៊ីតាលី
- ថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៧:៤៩ នាទី ល្ងាច

សហរដ្ឋអាមេរិក និងអ៊ីរ៉ង បានចាប់ផ្តើមកិច្ចចរចាដ៏ចម្រូងចម្រាស ជាលើកទី២ ជុំវិញបញ្ហានុយក្លេអ៊ែរ នៅព្រឹកថ្ងៃសៅរ៍ ទី១៩មេសា ក្នុងប្រទេសអ៊ីតាលី។ ទន្ទឹមនឹងកិច្ចចរចារវាងវ៉ាស៊ីនតោននិងតេហេរ៉ង់ នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តអាមេរិក បានគំរាមបាញ់ប្រហារលើមូលដ្ឋានផលិតថាមពលនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អ៊ីរ៉ង់ក៏ប្រតិកម្មថាខ្លួនត្រៀមខ្លួនស្រេចដើម្បីវាយបកវិញយ៉ាងចាស់ដៃ។

ប្រមុខការទូតអ៊ីរ៉ង់ លោក Abbas Araghchi និង ប្រេសិតពិសេសអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff បានជួបគ្នានៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដើម្បីចរចាជាលើកទី២ ជុំវិញសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលមានអូម៉ង់ជាអន្តរការីជួយសម្រុះសម្រួលកិច្ចពិភាក្សា ដ៏ចម្រូងចម្រាស់រវាងភាគីទាំងទ្វេ។ ការចរចាលើកនេះ ធ្វើឡើងនៅនិវេសនដ្ឋានរបស់ឯកអគ្គរដ្ឋទូតអូម៉ង់ នាព្រឹកថ្ងៃសៅរ៍ ទី១៩មេសា ពោលគឺមួយសប្តាហ៍ក្រោយពីជំនួបលើកទី១ នៅប្រទេសអូម៉ង់។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានបង្ហោះសារតាមបណ្តាញសង្គម X ថាការចរចាឆ្ពោះទៅរកកិច្ចព្រៀមព្រៀងរវាងភាគីទាំង២ អាចនឹងជួបឧបសគ្គច្រើន ពីព្រោះរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅតែទាមទារឲ្យរដ្ឋាភិបាលតេហេរ៉ង់បញ្ឈប់រាល់សកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ដែលផ្ទុយនឹងឆន្ទៈរបស់អ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយរបស់បណ្តាសារព័ត៌មានមួយអន្តរជាតិជាច្រើន។
ចំណែកឯ អ៊ីស្រអែលដែលជាសត្រូវសួពួជរបស់អ៊ីរ៉ង់វិញ បានចោទប្រកាន់អ៊ីរ៉ង់ថាមានបំណងផលិតអាវុធនុយក្លេអ៊ែរ ព្រមទាំងបានគំរាមបាញ់កម្ទេចមូលដ្ឋានផលិតកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ក៏ប៉ុន្តែ រដ្ឋាភិបាលតេហេរ៉ង់ បានច្រានចោលការចោទប្រកាន់នេះ ហើយអ៊ីរ៉ង់ក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីវាយបកវិញយ៉ាងចាស់ដៃ។ ដោយឡែក រដ្ឋាភិបាលតេហេរ៉ង់បានអះអាងថាគម្រោងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាគម្រោងថាមពលស៊ីវិល តែប៉ុណ្ណោះ។
បើយោងតាមនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ថា AIEA អ៊ីរ៉ង់ទំនងជាអាចនឹងមានអាវុធនុយក្លេអ៊ែរ នាពេលឆាប់ៗខាងមុខ។ នេះបើតាមបទសម្ភាសរបស់លោក ក្នុងកាសែតបារាំង Le Monde បានចេញផ្សាយកាលពីថ្ងៃពុធ ទី១៦មេសា។
តែយ៉ាងណាក៏ដោយ ពីទីក្រុងរ៉ូម ប្រមុខការទូតអ៊ីរ៉ង់វិញបានអះអាងថា គ្មានការចរចាអំពីសំណុំរឿងនុយក្លេអ៊ែរ នៅប្រទេសអ៊ីតាលី ដូចដែលបណ្តាសារព័ត៌មានបានលើកឡើងនោះឡើយ។ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតអំពីការពិភាក្សាលើកនេះទេ។ ចំពោះការចរចាអំពីបញ្ហាកម្មវិធីនុយក្លេអ៊ែរវិញ គ្រោងនឹងពិភាក្សាគ្នា នៅថ្ងៃសៅរ៍ សប្តាហ៍ក្រោយ នៅប្រទេសអូម៉ង់ ហើយ អ្នកជំនាញអាមេរិកនិងអ៊ីរ៉ង់ នឹងចាប់ផ្តើមពិភាក្សាគ្នាអំពីបញ្ហាបច្ចេកទេសក្នុងកម្មវិធីនុយក្លេអ៊ែរ នៅថ្ងៃពុធ ទី២៣មេសា ខាងមុខ។
តាមបណ្តាញសង្គម X រដ្ឋមន្រ្តីការបរទេសអូម៉ង់ បានបង្ហោះសារថាការចរចាអំពីកម្មវិធីនុយក្លេអ៊ែរ នៅទីក្រុងរ៉ូមនេះ ភាគីអាមេរិកស្នើសុំអ៊ីរ៉ង់កុំឲ្យផលិតអាវុធនុយក្លេអ៊ែរ ជាដាច់ខាត។ ចំណែកភាគីអ៊ីរ៉ង់ស្នើសុំឲ្យអាមេរិកដកទណ្ឌកម្មចេញពីអ៊ីរ៉ង់។ តែជាជំហររបស់រដ្ឋាភិបាលតេហេរ៉ង់ គឺភាគីអ៊ីរ៉ង់ចង់បានកិច្ចព្រមព្រៀងមួយប្រកដោយភាពត្រឹមត្រូវ យុត្តិធម៌ និងសមធម៌ ហើយបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន សម្រាប់គម្រោងថាមពលស៊ីវិល៕
ដោយ៖ហេង ឧត្តម/ RFI ខេមរភាសា

© រក្សាសិទ្ធិដោយ thmeythmey.com