ប្រមុខទូតប៉ាគីស្ថានទៅក្រុងកាប៊ុល ក្រោយបណ្តេញពលរដ្ឋអាហ្វាហ្កានីស្ថាន ៨ម៉ឺននាក់
- ថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី យប់

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន បានអញ្ចើញទៅដល់ប្រទេស អាហ្វហ្កានីស្ថាន ថ្ងៃសៅរ៍ ទី១៩មេសា ដើម្បីសម្រុះសម្រួលការទូត និងបន្ធូរបន្ថយភាពតានតឹង។ ប្រទេសទាំង២ជួបភាពរំកាំរកូសនឹងគ្នាជាខ្លាំង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ បានបណ្តាញពលរដ្ឋអាហ្វាហ្កានីស្ថាន ប្រមាណ ៨៥ ០០០នាក់ ឲ្យចេញពីប្រទេសប៉ាគីស្ថាន ។ ថ្នាក់ដឹកនាំតាលីបង់សម្តែងក្តីបារម្ភជាខ្លាំងចំពោះបញ្ហានេះ។

លោក Ishaq Dar ឧបនាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងជាប្រមុខការទូត បានទៅដល់ទីក្រុងកាប៊ុល និងត្រូវទទួលជួបជាមួយនាយករដ្ឋមន្ត្រីអាហ្វហ្កានីស្ថាន លោក Hassan Akhunt។ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំប៉ាគីស្ថាននេះ បានធ្វើឡើងក្រោយពីប្រទេសទាំង២ជួបភាពតានតឹងនឹងគ្នាជាខ្លាំង។ ដ្បិតថា រដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ បានស្តីបន្ទោសប្រជាពលរដ្ឋអាហ្វហ្កានីស្ថានដែលកំពុងជ្រកកោនក្នុងប្រទេសប៉ាគីស្ថាន ថាជាប្រភពនៃអំពើជួញដូរគ្រឿងញៀន និងជួយទ្រទ្រង់អំពើភេរវកម្ម ហើយជាហេតុនៃឧក្រិដ្ឋកម្មផ្សេងៗជាច្រើនទៀត។
អាស្រ័យហេតុនេះហើយ ទើប អាជ្ញាធរប៉ាគីស្ថាន បានបើកយុទ្ធនាការទ្រង់ទ្រាយធំ បណ្តេញពលរដ្ឋអាហ្វាហ្កានីស្ថាន ប្រមាណ ៨៥ ០០០ នាក់ ចេញពីប្រទេស គ្រាន់តែរយៈពេលប្រមាណជា ២ សប្តាហ៍មកនេះ។ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃសុក្រ ទី១៨មេសា អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Tallal Chaudhry បានបង្ហាញទិន្នន័យទៅកាន់ក្រុមអ្នកកាសែត ថារដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ បានបញ្ចប់សុពលភាពនិងលុបចោលលិខិតស្នាក់នៅស្របច្បាប់របស់ជនជាតិអាហ្វហ្កានីស្ថាន ចំនួន ៨ ម៉ឺនកាតស្នាក់នៅ។ ចាប់ពីថ្ងៃទី១មេសាមក ជនជាតិអាហ្វហ្កានីស្ថាន ចំនួន ៨៤ ៨៦៩ នាក់ ត្រូវបណ្តេញចេញពីទឹកដីប៉ាគីស្ថាន ហើយប៉ាគីស្ថាននឹងបន្តយុទ្ធនាការបណ្តេញចេញជាបន្តបន្ទាប់ទៀត។ ចំណាត់ការបណ្តេញចេញ ត្រូវអនុវត្តគ្មានបង្អែរបង្អង់ និងពន្យារលើកពេលនោះឡើយ។ នេះបើតាមការសង្កត់ធ្ងន់របស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃប៉ាគីស្ថាន។
ទោះជាម្តេចក្តី ប៉ាគីស្ថានបានអនុញ្ញាតផ្តល់ពេលបន្ថែម ២ ខែទៀតតែប៉ុណ្ណោះ ចំពោះជនអន្តោប្រវេសន៍ ១លាន ៣សែននាក់ ដែលមានកាន់កាតស្នាក់នៅ ផ្តល់ដោយឧត្តមស្នងការជនភៀសខ្លួននៃអង្គការសហប្រជាជាតិ។ ស្ថាប័នអន្តរជាតិនេះ ក៏បានប្រតិកម្មរិះគន់អាជ្ញាធរប៉ាគីស្ថានចំពោះវិធានការបណ្តេញចេញជនជាតិអាហ្វហ្កានីស្ថាន ទាំងជាង ៨ ម៉ឺននាក់ ពីថ្មីៗនេះ ដោយបញ្ជាក់ថា ក្នុងចំណោមនោះ មានជិត៦០% ជាកូនក្មេង ហើយការបណ្តេញកូនក្មេងចេញទៅកាន់អាហ្វហ្កានីស្ថានដែលមិនឲ្យក្មេងៗរៀនសូត្របានខ្ពស់ ពិសេសក្មេងស្រី គឺជាឧក្រិដ្ឋកម្មរើសអើងភេទស្រី។ ជាការរំឭក កាលពីចុងឆ្នាំ២០២៣ ប៉ាគីស្ថាន ធ្លាប់បានបណ្តេញចេញប្រជាជនអាហ្វហ្កានីស្ថានចំនួន ៨ សែននាក់។
ប៉ាគីស្ថាន និង អាហ្វហ្កានីស្ថាន មានភាពចម្រូងចម្រាសជាមួយគ្នាច្រើនណាស់ ជុំវិញសំណុំរឿងក្រុមភេរវជន និងក្រុមប្រដាប់អាវុធអ៊ីស្លាមផ្តាច់ខ្លួន នៅតាមព្រំដែន។ ប្រទេសជិតខាងនឹងគ្នាទាំង ២ នេះក៏មានទំនាក់ទំនងការទូតដ៏ស្មុគស្មាញ។ ប៉ាគីស្ថាន ធ្លាប់បានទទួលស្គាល់ការដឹកនាំរបបតាលីបង់ កាលពីជំនាន់ទសវត្សរ៍១៩៩០ ក៏ប៉ុន្តែ រដ្ឋាភិបាលអ៊ីស្លាម៉ាបាដ មិនព្រមទទួលស្គាល់របបដឹកនាំតាលីបង់ថ្មីនេះទេ បើទោះបីជាប៉ាគីស្ថាននៅតែបន្តរក្សាទុកស្ថានទូតរបស់ខ្លួន នៅទីក្រុងកាប៊ុល ក៏ដោយក្តី។ របបតាលីបង់ថ្មីនេះ បានចូលក្តាប់អំណាច ក្រោយបណ្តេញកងទ័ពអាមេរិកចេញពីប្រទេស នៅឆ្នាំ២០២១។ ជាផ្លូវការ គ្មានប្រទេសណាទទួលស្គាល់របបដឹកនាំតាលីបង់នៅឡើយទេ បើទោះបីជាប្រទេសមួយចំនួន បន្តដាក់ស្ថានទូតនៅកាប៊ុលក្តី៕
ដោយ៖ហេង ឧត្តម/ RFI ខេមរភាសា

© រក្សាសិទ្ធិដោយ thmeythmey.com