មនុស្សយន្តចិនរត់ប្រកួតកីឡាម៉ារ៉ាតុងជាលើកទី១ក្នុងប្រវត្តិសាស្ត្រ
- ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៨:២៩ នាទី ព្រឹក

មនុស្សយន្តចិនជាង ២០ គ្រឿង បានចូលរួមរត់ប្រកួតកីឡាពាក់កណ្តាលម៉ារ៉ាតុង នៅរដ្ឋធានីប៉េកាំង។ នេះជាលើកទី១ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលរដ្ឋអំណាចចិនបានដាក់ឲ្យមនុស្សយន្ត រត់កីឡារយៈចម្ងាយ ២១ គីឡូម៉ែត្រ។ ព្រឹត្តិការណ៍នេះ ទាក់ទាញចំណាប់អារម្មណ៍ពិភពលោក ហើយក៏បង្ហាញអំពីមហិច្ឆតារបស់ចិនក្នុងការអភិវឌ្ឍបច្ចេកវិទ្យា។

មនុស្សយន្តរត់ប្រកួតកីឡាពាក់កណ្តាលម៉ារ៉ាតុង ជាការអួតសម្ញែងស្នាដៃអភិវឌ្ឍបច្ចេកវិទ្យារបស់ចិន។ នៅទីក្រុងប៉េកាំង ឆ្នាំ២០២៥នេះជាលើកទី១ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលមនុស្សយន្តចិន រត់ប្រណាំងលើផ្លូវជាមួយនឹងមនុស្សលោកធម្មតា។ តែជាវិធានការសុវត្ថិភាព គន្លងផ្លូវរត់កីឡាម៉ារ៉ាតុងនេះ ត្រូវពុះចែកជា ២ ម្ខាងសម្រាប់មនុស្ស ម្ខាងសម្រាប់មនុស្សយន្ត។
មនុស្សយន្ត យ៉ាងហោច ២០ គ្រឿង មកពីតំបន់បច្ចេកវិទ្យាផ្សេងៗគ្នានៃប្រទេសចិន បានចូលរួមប្រកួតរត់កីឡា ចម្ងាយ២១គីឡូម៉ែត្រ។ ក្នុងចំណោមមនុស្សយន្តដែលចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុងលើកនេះ មានទំហំ កម្ពស់ និងទម្ងន់ប្លែកៗពីគ្នា ដែលជារួម មានកម្ពស់ចន្លោះពី ៧៥សង់ទីម៉ែត្រ ទៅ ១ម៉ែត្រ ៨ តឹក ហើយទម្ងន់អាចមានរហូតដល់ ៨៨ គីឡូក្រាម។
ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ប្រចាំក្រុងប៉េកាំង លោក Cui Wenhao វិស្វករវ័យ២៨ឆ្នាំ នៃក្រុមហ៊ុនគ្រឿងយន្ត Noetic Robotics បាននិយាយស្មោះថា គ្រឿងម៉ាស៊ីនមនុស្សយន្តនេះ មិនសូវបានសាកល្បងជាសាធារណៈឲ្យអស់ពីសមត្ថភាពនោះទេ។ ម្ល៉ោះហើយ ព្រឹត្តិការណ៍ប្រកួតកីឡាម៉ារ៉ាតុងនេះ ជាឱកាសល្អដើម្បីឲ្យម៉ាស៊ីនមនុស្សយន្ត អាចសាកល្បងសន្ទុះកម្លាំង ថ្មអគ្គិសនី ម៉ូឌ័រ ហើយប្រព័ន្ធដំណើរការទូទៅរបស់វា។
ជាក់ស្តែង ក្នុងពេលដាក់ឲ្យដំណើរការរត់ប្រកួត មនុស្សយន្តខ្លះរត់ដួលបន្ទាប់ពីចេញដំណើរបានតែប៉ុន្មាននាទីប៉ុណ្ណោះ។ ឯខ្លះទៀត រត់ចេញពីគន្លងផ្លូវ និងបុករបាំងខណ្ឌចែកផ្លូវ ជាដើម។ ក៏ប៉ុន្តែ ក្រុមវិស្វករចិនដែលជាម្ចាស់ផលិតមនុស្សយន្តទាំងនោះ យល់ឃើញព្រមគ្នាថា គោលបំណងចូលរួមរត់ម៉ារ៉ាតុងនេះ ជាការធ្វើតេស្តសាកល្បងប្រព័ន្ធដំណើរការនិងពិសោធសមត្ថភាពរបស់ពួកមនុស្សយន្ត ហើយ វត្ថុបំណងជាអាទិភាព ក៏មិនមែនដើម្បីឈ្នះចាញ់នោះដែរ តែយ៉ាងហោចឲ្យតែពួកវារត់ទៅដល់ទីដៅកំណត់ ជាការប្រសើរណាស់ហើយ។
ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនេះ កាន់តែស្តែងឲ្យឃើញពីការបញ្ចូលមនុស្សយន្តទៅក្នុងសង្គមជីវិតមនុស្សជាក់ស្តែង ហើយក៏សម្តែងឲ្យឃើញជានិមិត្តរូបនៃមហិច្ឆតាអភិវឌ្ឍគ្រឿងយន្តបច្ចេកវិទ្យារបស់មហាអំណាចចិន។ រដ្ឋអំណាចចិនដែលកំពុងតែប្រកួតប្រជែកយ៉ាងមុខស្រួចជាមួយមហាអំណាចអាមេរិក នៅលើវិស័យបញ្ញាសិប្បនិមិត្ត បច្ចេកវិទ្យាព័ត៌មានវិទ្យា និងមនុស្សយន្ត៕
ដោយ៖ហេង ឧត្តម/ RFI ខេមរភាសា

© រក្សាសិទ្ធិដោយ thmeythmey.com