ទេសចរណ៍អំណាន២៥រាជធានី-ខេត្ត របស់លោក វណ្ណដេ ជួយជំរុញសកម្មភាពអានឱ្យកាន់តែផុសផុល
- ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី ព្រឹក

ភ្នំពេញ៖ ទេសចរណ៍អំណាន ចាប់ផ្ដើមចេញពីភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ កាលពីដើមឆ្នាំ២០២៥ ហើយឆ្ពោះទៅបណ្ដារាជធានី-ខេត្ត ទូទាំងប្រទេស។ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង ប្តេជ្ញាចិត្តនាំ «បណ្ណាល័យចល័ត» ឬ «ទេសចរណ៍អំណាន» របស់ខ្លួនទៅកាន់ ២៥ខេត្ត-រាជធានី-ខេត្ត ក្នុងរយៈពេលមួយឆ្នាំ ដើម្បីជំរុញការអានសៀវភៅនៅតាមទីសាធារណៈ។

អ្នកស្នេហាអំណានរូបនេះ សង្ឃឹមថា ទេសចរណ៍អំណានរបស់ខ្លួននឹងក្លាយជា គំរូសម្រាប់អ្នកស្រលាញ់សៀវភៅដទៃទៀត ហ៊ានបង្កើតរចលនាអានសៀវភៅ ។ គោលបំណងធំបំផុត របស់លោក វណ្ណដេ គឺចង់ឃើញយុវជនងាកមកចាប់អារម្មណ៍ ការអានជាសាធារណៈ ដើម្បីពង្រីកចំណេះដឹង។
ស្ថាបនិកទេសចរណ៍អំណានរូបនេះ បានលើកឡើងដូច្នេះ៖ «ខ្ញុំប្រើពាក្យថា ទេសចរណ៍អំណាន ព្រោះខ្ញុំនឹងដើរជុំវិញប្រទេសទាំង២៥រាជធានី-ខេត្ត ដើម្បីរុញច្រាន ការអានជាសាធារណៈឱ្យផុសផុលឡើង ឱ្យវាក្លាយជាតម្លៃនៃការពង្រីកចំណេះដឹងផ្ទាល់ខ្លួន ព្រោះខ្ញុំសង្កេតឃើញរូបភាពដែលឱ្យតម្លៃការអាន មិនសូវមានឡើយនៅក្នុងប្រទេសយើង»។
គោលបំណងសំខាន់ទីពីរ របស់ ស្ថាបនិកសាលាដូង ចង់កែទិដ្ឋភាពក្នុងសង្គមខ្មែរ ឱ្យចូលចិត្តការអាន ហើយនាំយកតម្លៃទាំងអស់នេះ ទៅបង្ហាញក្នុងបណ្ដាញសង្គមអនឡាញវិញ។ លោកចាត់ទុកថា ចលនានៃការបង្ហាញការអាន នឹងអាចទៅជំនួសឱ្យរឿងរ៉ាវឥតប្រយោជន៍មួយចំនួន លើបណ្ដាញសង្គមឱ្យបាត់បង់ ហើយសាធារណៈនឹងងាកមកឱ្យតម្លៃការអានកាន់តែច្រើន។

ទូកំណប់គំនិតដែលលោកបានដាក់ពង្រាយនៅខេត្តតាកែវ។ រូបភាព: Ouk VanDay-អ៊ុក វណ្ណដេ
«ម្យ៉ាងវិញទៀត ដោយសារតែប្រទេសយើងមានសន្តិភាពហើយ ដូច្នេះជំហានបន្ទាប់ គឺត្រូវពឹងលើធនធានមនុស្ស ប្រជាពលរដ្ឋត្រូវចាប់ផ្តើមងាកមកកាន់សៀវភៅអាន ដើម្បីពង្រីកចំណេះដឹងបន្ថែម ក្រៅតែពីការសិក្សានៅក្នុងថ្នាក់រៀន»។ នេះបើតាមសម្តីលោក វណ្ណដេ ដែលបានរៀបរាប់មកកាន់សារព័ត៌មានឌីជីថលថ្មីៗ កាលពីអំឡុងមីនាកន្លងមក។
ស្ថាបនិកសាលាដូងរូបនេះ បានធ្វើដំណើរចេញពីភ្នំគិរីរម្យកាលពីថ្ងៃទី៧ ខែមករា ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ជាមួយនឹងសៀវភៅរាប់រយចំណងជើង ដែលមានទៅដល់ជិត ១៦០០ក្បាល។ សៀវភៅទាំងនោះ មួយចំនួនធំគឺបានមកពីសប្បុរសជន ឯខ្លះទៀតជាសៀវភៅដែលលោកធ្លាប់អានកន្លងមក។
ទេសចរណ៍អំណាន ចប់មួយខេត្ត ចូលមួយខេត្តទៀត តាមរយៈឡានពណ៌ទឹក្រូចរបស់លោក វណ្ណដេ បានទៅខេត្តចំនួន១០រួចមកហើយ ក្នុងនោះរួមមាន ខេត្តព្រះសីហនុ កំពត កែប តាកែវ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ និងកំពង់ចាមជាដើម។

ពលរដ្ឋអានសៀវភៅនៅឆ្នេរខ្សាច់នាខេត្តកំពត។ រូបភាព: Ouk VanDay-អ៊ុក វណ្ណដេ
បណ្ណាល័យចល័តនេះ នឹងមកដល់រាជធានីភ្នំពេញនាដើមខែធ្នូខាងមុខនេះ មុននឹងចាកចេញទៅខេត្តកណ្តាល ដែលជាគោលដៅចុងក្រោយ របស់លោក វណ្ណដេ។ ស្ថាបនិកទេសចរណ៍អំណានអះអាងថា ថ្ងៃទី១មករា ឆ្នាំ២០២៦ ជាថ្ងៃបញ្ចប់នៃការវិលកង់ឡាន«បណ្ណាល័យចល័ត» រយៈពេលមួយឆ្នាំពេញរបស់ខ្លួន នៅទូទាំងប្រទេសកម្ពុជា។
លោក វណ្ណដេ បានប្រាប់ដូចេ្នះថា៖ «ទាក់ទងនឹងពេលវេលាសំចតនៅតាមបណ្តាខេត្តនីមួយៗវិញ វាអាស្រ័យទៅនឹងដង់ស៊ីតេប្រជាជន ទំហំខេត្ត និងចំនួនពលរដ្ឋជាក់ស្តែងពេលចុះដល់មូលដ្ឋាន។ ឧទាហរណ៍បើប្រៀបធៀបខេត្តកែបនិងខេត្តព្រៃវែង ខ្ញុំកំណត់ឱ្យខេត្តកែបចំនួន ៧ថ្ងៃ រីឯខេត្តព្រៃវែងវិញគឺចំនួន ១៣ថ្ងៃ ដោយសារតែទំហំខេត្ត និងចំនួនពលរដ្ឋទាំងពីរខេត្តនេះខុសគ្នា»។
បណ្ណាល័យចល័ត ធ្វើដំណើរទៅដល់ខេត្តណាមួយ សាធារណជនដែលស្ថិតនៅខេត្តនោះ អាចចូលរួមអានជាសេរីបាន។ ម្ចាស់បណ្ណាល័យ បើកចាប់ពីម៉ោង៣រសៀល រហូតដល់៩យប់ ពីថ្ងៃច័ន្ទដល់សុក្រ។ ចំណែក ថ្ងៃសៅរ៍និងអាទិត្យ បើកពីម៉ោង១០ព្រឹក រហូតដល់ ១០យប់។
ផ្តួចផ្តើមសកម្មភាពអាន តែម្នាក់ឯង ប៉ុន្តែមិនឯកា
ទោះបីជាលោក វណ្ណដេ ធ្វើដំណើរចាកចេញពីភ្នំគិរីរម្យតែម្នាក់ឯងក៏ពិតមែន តែអ្វីដែលជំរុញទឹកចិត្តលោកមិនឱ្យបោះបង់នោះ គឺជាការគាំទ្រនិងការចូលរួមដ៏ច្រើនរបស់មហាជន។ ពួកគេ បានបរិច្ចាគជាសៀវភៅ និងថវិកា ដើម្បីឱ្យលោកយកមកទិញសៀរភៅ និងអ្នកខ្លះទៀតក៏ជួយ រៀបសៀវភៅ ទុកដាក់ក្នុងឡានផងដែរ។ មិនត្រឹមតែកត្តាមហាជនតែមួយមុខទេ លោក វណ្ណដេ បានបញ្ជាក់ថា តាំងពីចេញដំណើរមក លោកបានស្គាល់ និងជជែកជាមួយអ្នកស្នេហាអំណាន ជាច្រើនរូប នៅតាមបណ្តាខេត្ត ទៅលើចក្ខុវិស័យខាងមុខទៀត។
មិនត្រឹមតែប៉ុណ្ណោះ លោកបានជជែកជាមួយថ្នាក់ដឹកនាំ នៅតាមបណ្តាខេត្ត ពាក់ព័ន្ធនឹងការបង្កើតនូវរាល់សកម្មភាពទាំងឡាយណា ដែលជំរុញដល់ការអាន ដូចជាបិទវិថីមួយខ្លីដើម្បីអានសៀវភៅ ក្នុងមួយថ្ងៃឬ បីថ្ងៃក្នុងមួយខែជាដើម។

សិស្សានុសិស្សនិងពលរដ្ឋនៃខេត្តព្រៃវែងកំពុងអង្គុយអានសៀវភៅនៅតាមទីសាធារណៈ។ រូបភាព: Ouk VanDay-អ៊ុក វណ្ណដេ
គិតមកដល់ពេលនេះ បណ្ណាល័យចល័ត របស់លោក វណ្ណដេ គឺបានចាប់ផ្តើមអស់រយៈប្រមាណ៤ខែមកហើយ ដោយដំណើរការយ៉ាងរលូន ប៉ុន្តែអ្វីដែលជាក្តីបារម្ភរបស់លោកបំផុត គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ លោកបានរៀបរាប់បែបនេះ៖ «កត្តាម្យ៉ាងដែលធ្វើឱ្យ រូបខ្ញុំពិបាកនឹងទាយទុកមុន គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ ចំពោះបញ្ហាសុខភាពវិញ វាមិនមែនជាឧបសគ្គសម្រាប់ខ្ញុំឡើយ ព្រោះថាខ្ញុំប្រយ័ត្នប្រយែងណាស់ចំពោះសុខភាពរបស់ខ្លួនឯង»។
នេះមិនមែនជាលើកទីមួយឡើយដែលលោក វណ្ណដេ ជួយលើកកម្ពស់វិស័យអប់រំ ជាពិសេសលើការអានបែបនេះ។ លោក វណ្ណដេ ដែលគ្រប់គ្នាស្គាល់ថាជាស្ថាបនិកសាលាដូងនោះ បានផ្តល់ការសិក្សាឥតគិតថ្លៃដល់ក្មេងៗនៅលើភ្នំគិរីរម្យ។
សព្វថ្ងៃនេះ លោកបានផ្ទេរការងារគ្រប់គ្រងសាលាទាំងមូលទៅឱ្យក្រុមថ្មីគ្រប់គ្រងបន្ត ក្រោយលោកមើលឃើញពីភាពរឹងមាំសាលា ដែលបើកដំណើរការអស់រយៈពេល ៧ឆ្នាំ។ «រៀនចាកចេញដើម្បីឱ្យគេចេះគ្រប់គ្រងជំនួស រៀនចាកចេញដើម្បីឱ្យគេចេះធ្វើបន្ត ហើយយើងអាចទៅធ្វើអ្វីផ្សេងបាន»។ លោក វណ្ណដេ បានលើកឡើងដូច្នេះ ក្រោយពីលោកចាកចេញពីសាលា ហើយផ្តោតទៅលើទេសចរណ៍អំណាន។ យ៉ាងណាក៏ដោយ លោកនៅតែបើកកិច្ចប្រជុំ ជាមួយលោកគ្រូអ្នកគ្រូនៃសាលាដូង តាមប្រព័ន្ធអនឡាញមួយខែឬបីខែម្តង។
ចលនានៃជំរុញការអាន លេចឡើងយ៉ាងផុសផុលបន្តទៀត ទើបជាភាពជោគជ័យពិតប្រាកដ
សម្រាប់លោក វណ្ណដេ ភាពជោគជ័យរបស់លោក គឺមិនមែនបង្កើនចំនួនបណ្ណាល័យចល័ត រហូតដល់ ៥ ឬ ៦ឡាននោះទេ។ លោកចង់ឃើញអ្នកស្នេហាអំណានដទៃទៀត យកគំនិតជំរុញការអាន ទៅបង្កើតគម្រោងនិងសកម្មភាព ឱ្យលេចចេញជារូបរាងជាបន្តបន្ទាប់ ក្នុងគោលដៅឱ្យសាធារណជនអានសៀវភៅកាន់តែច្រើន ទើបជាជោគជ័យ។
នាពេលមុខ លោក វណ្ណដេ ចង់បង្កើតសន្និសីទកាសែតមួយ ដើម្បីផ្តល់តម្រុយឱ្យ មិត្តអ្នកអាន ចាប់ផ្តើមបង្កើតសកម្មភាពអានសៀវភៅ និងបញ្ជ្រាបឱ្យយល់ពី សកម្មភាពជំរុញការអានសៀវភៅ មិនមែនជាសកម្មភាពខុសច្បាប់ឡើយ។ ផ្ទុយទៅវិញ សកម្មភាពទាំងអស់នេះ ទទួលបានតែការគាំទ្រពីសាធារណជន ពីថ្នាក់ដឹកនាំ និងគ្រប់មជ្ឈដ្ឋានទៅវិញ។
ម្ចាស់បណ្ណាល័យចល័តសង្កត់ធ្ងន់បែបនេះ៖ «ខ្ញុំទទួលស្គាល់ចលនាអានសៀវភៅ មានភាពសកម្មខ្លាំងនៅដើមឆ្នាំ២០២៥ រួមទាំងថ្នាក់ដឹកនាំក៏ចាត់ទុសកម្មភាពនេះ វាជាការរួមចំណែកជួយដល់សង្គមជាតិផងដែរ»។
លោក វណ្ណដេ មានបំណងចង់កែច្នៃឡានចាស់ៗ ធ្វើជាបណ្ណាល័យបន្ថែម ហើយដាក់នៅតាមទីរួមខេត្តល្បីៗផងដែរ។ ក្នុងឡានចាស់ៗមួយគ្រឿង លោកប៉ាន់ស្មានថា អាចដាក់សៀវភៅប្រមាណ១៥០០ក្បាល។ ម្ចាស់ទេសចរណ៍អំណាន រូបនេះ ចង់ឱ្យយុវជនស្ម័គ្រចិត្ត ពិសេសសហភាពសហព័ន្ធយុវជនកម្ពុជា ឬហៅកាត់ថា ស.ស.យ.ក ប្តូរវេនគ្នា ក្នុងការរៀបចំសៀវភៅទីសាធារណឱ្យបណ្ណាល័យចល័តកាន់រីកដុះដាល។
«ខ្ញុំលើកទឹកចិត្តដល់យុវជន បើមានសៀវភៅត្រឹម ១០០ក្បាល ឬ២០០ក្បាល គឺចាប់ផ្តើមបង្កើតសកម្មភាពដាក់សៀវភៅអាននៅទីសាធារណបានហើយ កុំដកថយ ព្រោះថាខ្ញុំមិនអាចកំដរទាំង ២៥ខេត្ត-ក្រុង រហូតដល់ខ្លួនឯងចាស់នោះទេ។ ប៉ុន្តែខ្ញុំត្រូវតែឱ្យសកម្មភាពរបស់ខ្ញុំ ជាអ្នកធ្វើចលនាជំនួសរូបកាយខ្ញុំវិញ»។ នេះជាការលើកឡើងរបស់លោក វណ្ណដេ។
ផ្តើមចេញពីអ្នកចូលចិត្តអានសៀវភៅ លោក វណ្ណដេ ក៏សង្ឍឹមថាថ្នាក់ដឹកនាំនៅតាមបណ្តារាជធានី-ខេត្តទាំងអស់ អាចមានកញ្ចប់ថវិកា ក្នុងការរៀបចំសកម្មភាពទាំងឡាយណា ដែលជំរុញដល់ការអានជាសាធារណៈ។ លោកប្រាប់យ៉ាងដូច្នេះ៖ «បណ្ណាល័យ វាជាបន្ទាយហ្វឹកហាត់គំនិតនិងត្រិះរិះពិចារណា បើសិនជាចូលទៅក្នុងបណ្ណាល័យ គឺដូចជាចូលទៅក្នុងបន្ទាយធំរបស់ជីវិតអ៊ីចឹង»។
នាខែធ្នូខាងមុខនេះ លោក វណ្ណដេ នឹងចែកសៀវភៅទៅឱ្យសិស្សានុសិស្ស នៅភ្នំពេញទាំងអស់៤ ០០០ក្បាល ដោយក្នុងម្នាក់អាចទទួលបានចំនួនពីរក្បាល ដោយគ្រាន់តែបង្ហាញកាតសិស្សរបស់ខ្លួន។ លោកក៏អំពាវនាវ ឱ្យពលរដ្ឋដែលមានសៀវភៅ ឬសៀវភៅធ្លាប់អានរួច ចូលរួមបរិច្ចាគដាក់នៅទូកំណប់គំនិត ដែលលោកដាក់ពង្រាយនៅគ្រប់ខេត្តផងដែរ។
ចំពោះទូកំណប់គំនិតនេះដែរ លោក វណ្ណដេ គ្រោងនឹងដាក់ពង្រាយនៅទូទាំងប្រទេស ចំនួន១៥០ទូ ដោយក្នុងមួយខេត្តអាចមានប្រមាណ២ឬ៥ទូ អាស្រ័យទំហំខេត្តនីមួយៗ។
«ថ្ងៃនេះ ខ្ញុំឱ្យសៀវភៅអ្នក ថ្ងៃក្រោយ អ្នកឲសៀរភៅអ្នកដទៃ ដើម្បីរីកចម្រើនទាំងអស់គ្នា»។ ម្ចាស់ទេសចរណ៍អំណាន មានទស្សនបែបនេះ ដើម្បីលើកទឹកចិត្តឱ្យអ្នកដែលអានសៀវភៅរួច ចេះចែករំលែកសៀវភៅដែលខ្លួនបានទៅកាន់អ្នកដទៃ។
កន្លងមក លោក វណ្ណដេ ក៏ធ្លាប់បានបើកសាកល្បងទេសចរណ៍អំណាន សម្រាប់សាធារណជននៅទីក្រុងភ្នំពេញ ខេត្តកំពត និងខេត្តកែប កាលពីខែឧសភា ឆ្នាំ២០២៤៕
ដោយ៖ រិន ឧស្សាហ៍

© រក្សាសិទ្ធិដោយ thmeythmey.com