- ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:៣៩ នាទី ព្រឹក

រដ្ឋាភិបាល បានវាយតម្លៃថា ការដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើត តាមរយៈរថយន្តក្រុងឥតគិតថ្លៃ នៅក្នុងអំឡុងបុណ្យចូលឆ្នាំ បានជួយសន្សំថវិកាប្រមាណ ១,៧លានដុល្លារ ទុកឱ្យពលរដ្ឋទៅលេងស្រុកកំណើត។ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការចាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត នៅថ្ងៃទី ២១ ខែមេសា។
បើតាមប្រមុខរាជរដ្ឋាភិបាល ដែលទទួលបានរបាយការណ៍ពីអភិបាលរាជធានីភ្នំពេញ ពីថ្ងៃទី១២-១៧ ខែមេសា រថយន្តក្រុងឥតគិតថ្លៃ បានដឹកជញ្ជូនពលរដ្ឋ ចំនួន ៨៥ ៨៤៩នាក់ ទៅតាមបណ្តាខេត្ត។ បើគិតជាជើងទៅមក គឺសរុប ២ ២៥១ជើង។
សម្តេច ហ៊ុន ម៉ាណែត បន្ថែមដូច្នេះ៖ «បើគិតជាថវិកាដែលសន្សំ យើងគិតវាយ(តម្លៃ) ម្នាក់ជាមធ្យមថា៨ម៉ឺន(រៀល)ចុះមួយជើង គឺសន្សំ ១លាន ៧សែនដុល្លារ ចូលហោប៉ៅប្រជាពលរដ្ឋដើម្បីដើរលេងសប្បាយ។ [...]។ ពិតណាស់ យើងវាយ(តម្លៃ) ៨ម៉ឺន(រៀលក្នុងមួយជើង) កន្លែងខ្លះទៅ ទៅព្រៃវែងអី តិចជាង តែបើទៅបន្ទាយមានជ័យអាច ១០ម៉ឺនអីណោះ។ គេយកមធ្យម តែម្តង។»។
សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋពីក្រុងភ្នំពេញ ទៅតាមបណ្ដាខេត្ត និងពីបណ្តាខេត្តត្រឡប់មកភ្នំពេញវិញ ចាប់ពីថ្ងៃទី១២-១៧ ខែមេសា អំឡុងបុណ្យចូលឆ្នាំខ្មែរ៕
អ្នកសរសេរអត្ថបទ
កញ្ញា ខន ចំប៉ា ចូលរួមជាមួយសារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មានផ្នែកសង្គម និងគ្រប់គ្រងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មានតួនាទីជានិពន្ធនាយកា៕
