រឿងចាក់សាំង សម្តេច ហ៊ុន ម៉ាណែត ស្នើឱ្យបញ្ចប់ការវែកញែក ព្រោះមានតែចាញ់-ចាញ់!
  • ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១១:០៤ នាទី ព្រឹក
រឿងចាក់សាំង សម្តេច ហ៊ុន ម៉ាណែត ស្នើឱ្យបញ្ចប់ការវែកញែក ព្រោះមានតែចាញ់-ចាញ់!

«រឿងនេះ វាមិនគួរជារឿងសោះ បើសិនជាយើងចេះយោគយល់គ្នា។ រឿងតិចតួចនិយាយគ្នាទៅ មិនត្រូវចូលអ្នកទី៣ ទី៤ តាមហ្វេសប៊ុកឡើយ។»។ នេះជាការលើកឡើង​របស់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជុំវិញការបន្តវែកញែក របស់អ្នកប្រើប្រាស់បណ្តាញសង្គម រកអ្នកខុស និងអ្នកត្រូវ ករណីចាក់សាំង។ 

TTN-Free-Banner-In-Article-PC

សម្តេច ហ៊ុន ម៉ាណែត ស្នើឱ្យបញ្ចប់ការវែកញែកទៅ ព្រោះរឿងនេះ គ្មានអ្នកណាឈ្នះនោះទេ។ ផ្ទុយទៅវិញ វាមានតែបន្សល់ទុកនូវស្លាកស្នាមល្អក់កករ ក្នុងចិត្ត រាប់សិបឆ្នាំ រវាងភាគីនៅក្នុងករណីនេះ។

ពីពិធីសម្ពោធដាក់ឱ្បប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត នៅព្រឹកថ្ងៃទី ២១ ខែមេសានេះ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះ៖ «រឿងនេះ វាមិនគួរជារឿងសោះ បើសិនជាយើងចេះយោគយល់គ្នា។ ខ្វះខាតអីយើងនិយាយគ្នាទៅ។ បើសិនជានិយាយជាមួយ(អ្នកនេះ)មិនត្រូវ យើងនិយាយជាមួយ(អ្នកនោះ)ទៅ។ ហើយអំពាវនាវ សុំឱ្យចប់ទៅ [...] ហើយអ្នកដែលចូលរួមវិភាគរឿងចាក់សាំង រឿងលុយអីនេះ ខ្ញុំសុំថា គួរបញ្ចប់ទៅ គ្មានអ្នកឈ្នះទេ!។»។

សម្រាប់ប្រមុខរាជរដ្ឋាភិបាល ចង់ឃើញប្រជាពលរដ្ឋខ្មែរ ចេះយោគយល់គ្នា អធ្យាស្រ័យ និងជជែកគ្នាដោះស្រាយបញ្ហា ក្នុងស្មារតីវិជ្ជមាន ក្នុងនាមជាខ្មែរ។ ពីវេទិកាដដែល សម្តេច នាយករដ្ឋមន្ត្រី បានឆ្លៀតអំពាវនាវឱ្យជនរួមជាតិ រួបរួមគ្នា បង្កើតផ្នត់គំនិតវិជ្ជមាន ធ្វើសកម្មភាពក្នុងស្មារតីវិជ្ជមាន ដើម្បីបង្កើនសមិទ្ធផលវិជ្ជមានសម្រាប់ជាតិ និងខ្លួនឯង នៅក្នុងឆ្នាំថ្មីនេះ។

ទន្ទឹមនឹងនេះសម្រេ ហ៊ុន ម៉ាណែត ក៏អំពាវនាវឱ្យមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តខិតខំបំពេញភារកិច្ច និងបម្រើពលរដ្ឋឱ្យបានល្អ ក៏ដូចជាបន្តដោះស្រាយបញ្ហាពលរដ្ឋ ដោយភ្ជាប់ជាមួយការពន្យល់បានច្បាស់លាស់ ចៀសវាងការយល់ច្រឡំ។

សម្តេច ហ៊ុន ម៉ាណែត បន្ថែមដូច្នេះ «កន្លែងខ្លះ គឺដោយសារការមិនពន្យល់ រឿងវាមិនអ៊ីចឹង តែដោយសារការមិនពន្យល់ច្បាស់លាស់ វាទៅជារឿងផ្សេង។ ធ្វើឱ្យមានការយល់ច្រឡំ! រឿងតូចក្លាយទៅជារឿងធំ។ រឿងដែលអាចបញ្ចប់បានក្នុងរយៈពេល១នាទី ឬ១០នាទី ក្លាយទៅជារឿងមួយជីវិត ដែលអពមង្គល។ នេះហើយគឺជាអ្វីដែលយើងមិនចង់ឱ្យមាន។»៕


អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ខន ចំប៉ា