- ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១១:២៩ នាទី ព្រឹក

ព្រះខ័នរាជស្វាយរៀង មានឱកាសកាន់តែច្រើន សម្រាប់ការឈ្នះជើងឯកលីគកំពូលកម្ពុជា រដូវកាល២០២៤-២០២៥ ដោយសារតែពិន្ទុខ្ពស់ជាងគេ និងមានតែក្រុមភ្នំពេញក្រោន មួយប៉ុណ្ណោះ ដែលកំពុងប្រដេញពិន្ទុយ៉ាងប្រកៀកប្រកិត។ ចំណែកក្តីសង្ឃឹមប្រជែងជើងឯកលីគ រដូវកាលនេះ សម្រាប់ វិសាខា កាន់តែស្តើង បន្ទាប់ពីចាញ់ភ្នំពេញក្រោន លទ្ធផល ១-០ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Smart RSN។
ការប្រកួតលីគ រដូវកាល២០២៤-២០២៥ នៅសល់តែ ៤ប្រកួតទៀតប៉ុណ្ណោះ។ ក្នុងចំណោម ១១ក្រុម មាន៣ក្រុម ដែលមានឱកាសប្រជែងយកជើងឯក ក្នុងនោះព្រះខ័នរាជស្វាយរៀង មាន ៦៧ពិន្ទុ តាមពីក្រោយដោយភ្នំពេញក្រោន ៦៣ពិន្ទុ ខណៈ វិសាខា មានត្រឹមតែ៥៩ពិន្ទុ។
ក្នុងករណី ដែលវិសាខា ចាញ់ប្រកួតណាមួយក្នុងចំណោម ៤ប្រកួតនោះ ឬក៏ព្រះខ័នរាជស្វាយរៀង ឈ្នះ ២ប្រកួតបន្ថែមទៀត វិសាខា នឹងអស់ឱកាសប្រជែងជើងឯកលីគ ដោយសារតែគម្លាតពិន្ទុនៅឆ្ងាយពេក។
ការប្រកួតរវាងភ្នំពេញក្រោន និង វិសាខា រូបពី Cambodian Premier League
រីឯភ្នំពេញក្រោន ក្រុមនេះ កំពុងប្រដេញពីក្រោយយ៉ាងប្រកៀកប្រកិតជាមួយ ព្រះខ័នរាជស្វាយរៀង ដោយចាញ់តែ ៤ពិន្ទុប៉ុណ្ណោះ។ ក្នុងសប្ដាហ៍ទី២៨ នៃពានរង្វាន់ Cambodian Premier League នាថ្ងៃទី១៩ មេសា ភ្នំពេញក្រោន បានយកឈ្នះ វិសាខា លទ្ធផល ១-០ នៅកីឡដ្ឋាន Smart RSN។ ជោគជ័យនេះ ធ្វើឲ្យភ្នំពេញក្រោន នៅតែមានឱកាសច្រើនប្រជែងជើងឯក ខណៈ វិសាខា កាន់តែអស់សង្ឃឹម និងគ្រាន់តែអាចសម្លឹងរកជើងឯករង ឬចំណាត់ថ្នាក់លេខ៣ វិញ។
ចំណែក ព្រះខ័នរាជស្វាយរៀង ក្រុមនេះក៏មិនប្រហែសដែរ។ លោក Pep Munoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង យកចិត្តទុកដាក់ខ្លាំង ចំពោះ ៤ប្រកួតដែលនៅសល់ក្នុងលីគ ជាខ្លាំង ទោះបីជាក្រុមមមាញឹកក្នុងការប្រកួតអន្ដរជាតិ និងពានរង្វាន់សំខាន់ៗ ផ្សេងទៀតក៏ដោយ។ ក្នុងសប្ដាហ៍ទី២៨ នៃលីគកំពូលកម្ពុជា នាថ្ងៃទី២០ មេសា ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ លើក្រុមបឹងកេត នៅពហុកីឡដ្ឋានជាតិអូឡាំពិក លទ្ធផល ១-០។
កែវ សុខសិលា អ្នកចាំទីវិសាខា រូបពី Cambodian Premier League
ក្នុងសប្ដាហ៍ដដែលនេះ គិរីវង់សុខសែនជ័យ បានយកឈ្នះលើ សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ លទ្ធផល២-១ នៅកីឡដ្ឋានគិរីវង់។ ចំណែក ក្រុមដែលមានទីតាំងនៅខេត្តសៀមរាប អង្គរថាយហ្គឺរ បានចាញ់ណាហ្គាវើលដ៍ លទ្ធផល ១-០ នៅកីឡដ្ឋាន Akihiro Kato។ រីឯក្រុមកងយោធពលខេមរភូមិន្ទ ក្រុមទ័ពនេះ បានឈ្នះលើ ឡាយហ្វ ព្រះសីហនុ លទ្ធផល១-០ នៅកីឡដ្ឋានស្ដាតចាស់។
គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី២៨ ព្រះខ័នរាជស្វាយរៀង ឈរនៅចំណាត់ថ្នាក់លេខ១ មាន៦៧ពិន្ទុ។ រីឯភ្នំពេញក្រោន ចំណាត់ថ្នាក់លេខ២ មាន ៦៣ពិន្ទុ តាមពីក្រោយដោយ វិសាខា មាន៥៩ពិន្ទុ ចំណាត់ថ្នាក់លេខ៣។ រីឯក្រុមលេខ៤ អង្គរថាយហ្គឺរ មាន៤០ពិន្ទុ ស្មើគ្នាជាមួយណាហ្គាវើលដ៍ ដែលនៅចំណាត់ថ្នាក់លេខ៥។ បឹងកេត នៅចំណាត់ថ្នាក់លេខ៦ មាន៣៤ពិន្ទុ តាមពីក្រោយដោយ អាយ អេស អាយ ដង្កោសែនជ័យ លេខ៧ មាន ៣៣ពិន្ទុ។
កងយោធពលខេមរភូមិន្ទ ឈរចំណាត់ថ្នាក់លេខ៨ មាន ២៨ពិន្ទុ និងលេខ៩ គិរីវង់សុខសែនជ័យ មាន១៨ពិន្ទុ។ ចំណែកឡាយហព្រះសីហនុ នៅចំណាត់ថ្នាក់លេខ១០ មាន១៦ពិន្ទុ ខណៈសមាគមបាល់ទាត់ក្រសួងមហាផ្ទៃ នៅបាតតារាង មាន៥ពិន្ទុ៕
ការប្រកួតរវាងវិសាខា និងភ្នំពេញក្រោន រូបពី Cambodian Premier League
អ្នកសរសេរអត្ថបទ
