- ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១២:១៩ នាទី រសៀល

ភ្នំពេញ៖ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លើកឡើងថា ក្រសួងមិនមានការពង្រីករចនាសម្ព័ន្ធនោះទេ និងបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត។ រដ្ឋមន្រ្តីរូបនេះ លើកឡើងដូច្នេះ ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងកិច្ចការនារី» នាព្រឹកថ្ងៃទី២១ មេសានេះ។
ព្រឹកនេះ ក្រសួងមុខងារសាធារណៈ និងក្រសួងកិច្ចការនារី សហការរៀបចំសិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងកិច្ចការនារី» ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
នាសិក្ខាសាលាខាងលើ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានឱ្យដឹងថា ក្រសួងបានដឹកនាំកិច្ចប្រជុំ ៩លើក ជាមួយថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស ដោយបានពិនិត្យ វិភាគមុខងារ និងរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី។
ជាក់ស្ដែង ក្រោយពិនិត្យ និងវិភាគមុខងាររួច ក្រសួងកិច្ចការនារី មិនមានការពង្រីករចនាសម្ព័ន្ធនោះទេ និងបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត។ លោកស្រី បន្តដូច្នេះ៖«ក្រសួងកិច្ចការនារី បានសហការជិតស្និទ្ធជាមួយនឹងក្រុមការងារបច្ចេកទេស គាំទ្រសង្គមកិច្ចនៃក្រសួងមុខងារសាធារណៈ បានរៀបចំរបាយការណ៍វឌ្ឍនភាព ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការ ស្របតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល»។
បើតាមលោកស្រីរដ្ឋមន្រ្តីកិច្ចការនារី ក្រុមការងារបច្ចេកទេសបានសិក្សា ស្វែងយល់ លើក្របខណ្ឌច្បាប់ គោលនយោបាយជាតិតាមវិស័យ លិខិតបទដ្ឋានពាក់ព័ន្ធ មេរៀន បទពិសោធ ឧត្តមានុវត្តន៍ និងករណីសិក្សាដែលជាធាតុចូល សម្រាប់ការពិភាក្សាសម្រួចមុខងាររបស់ក្រសួង និងអង្គភាពក្រោមឱវាទផងដែរ។ ការធ្វើបែបនេះ ដើម្បីចៀសវាងការត្រួតស៊ីគ្នា លើមុខងារ និងសកម្មភាពរបស់ក្រសួង និងស្ថាប័នផ្សេងទៀត។
ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ មិនមែនជារឿងថ្មីនោះទេ តែជាការបន្តអនុវត្តការងារក្នុងបរិបទការងារថ្មី ដែលក្រសួង ស្ថាប័ននីមួយៗ គឺជាម្ចាស់នៃការងារ សំដៅដល់ការសម្រេចគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល។ ចំពោះកិច្ចការវិភាគមុខងារនេះ ក្រសួងមុខងារសាធារណៈ មានភារកិច្ចជាអ្នកជួយសម្របសម្រួល តាមដានការអនុវត្ត និងផ្តល់ការគាំទ្រទាំងក្របខណ្ឌបច្ចេកទេស ឬការបំពេញបន្ថែមនានាតាមការចាំបាច់របស់ក្រសួង ស្ថាប័ននីមួយៗ។
សូមបញ្ជាក់ថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនេះ ត្រូវបានចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងទិសដៅលើកកម្ពស់ដំណើរការនៃក្រសួង ស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងក្របខណ្ឌនៃការបំពេញមុខងារ និងបេសកកម្មរបស់ខ្លួន៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕
