- ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៣:០២ នាទី រសៀល

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត អះអាងថា បាន«វះកាត់» ការបែងចែកតួនាទី របស់ក្រសួងចំនួន២ កាលពីមុនចូលឆ្នាំខ្មែរ ដើម្បីពន្លឿននីតិវិធី និងប្រសិទ្ធភាពការងារ ក្រោយក្រសួងទាំង២ បានជួបប្រជុំចរចាគ្នា ជិត១ឆ្នាំ នៅតែគ្មានលទ្ធផល។ យ៉ាងណាសម្តេច នាយករដ្ឋមន្ត្រី មិនបានបញ្ជាក់ឈ្មោះក្រសួងទាំង២ទេ គឺបានត្រឹមហៅឈ្មោះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប៉ុណ្ណោះ។
នៅពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នាព្រឹកថ្ងៃទី២១ ខែ មេសា ប្រមុខរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា ការវះកាត់នូវតួនាទី និងភារកិច្ចនៅក្នុងក្រសួងទាំង២ គឺចំណាយពេលត្រឹមតែ ២ម៉ោងប៉ុណ្ណោះ។
សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ ៖ «មុនចូលឆ្នាំនេះ ខ្ញុំហៅវះកាត់ក្រសួងពីរ។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន (រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ជជែកគ្នា! អត់មានខុសទេ នៅក្នុងបទដ្ឋានតួនាទីនិងភារកិច្ច មានប្រទាក់ក្រឡាគ្នាខ្លះៗ ប៉ុន្តែញែកវាអត់ដាច់។ អ៊ីចឹង ត្រូវវះកាត់ឱ្យដាច់។ អ៊ីចឹងយើងវះកាត់ហើយ។ អង្គុយជជែកគ្នាតែម្តង ហៅរដ្ឋមន្ត្រីទាំង២ មកប្រាប់ខ្ញុំ ឥឡូវការងារមួយហ្នឹង ក្រសួងមួយណា មានប្រទាក់ក្រឡាខ្ពស់ជាងគេ? ហើយដល់ពេលវះកាត់ហើយ ត្រូវសហការគ្នា បែងចែកគ្នាយ៉ាងម៉េច? វះកាត់! ប្រជុំដឹកនាំជិតមួយឆ្នាំ អត់ចេញ! ខ្ញុំហៅវះកាត់ប្រហែលពីរម៉ោង ដាក់ផាំង ដាច់ផាច់! ឆ្នាំថ្មីអាចធ្វើការងារបាន។»។
ជុំវិញការលូកដៃអន្តរាគមន៍ក្នុងការបែងចែកតួនាទី និងភារកិច្ច នៅក្នុងក្រសួងនេះ ប្រមុខរាជរដ្ឋាភិបាល ក៏ដឹងខ្លួនដែរថា ច្បាស់ជាមានមន្ត្រីរិះគន់ ប៉ុន្តែសម្តេច ខ្លាចការរិះគន់ និងការស្តីបន្ទោសពីពលរដ្ឋច្រើនជាង ថាអាណត្តិរបស់ខ្លួន មន្ត្រីរដ្ឋធ្វើការយឺត គ្មានលទ្ធផល។
សម្តេច ហ៊ុន ម៉ាណែត ពន្យល់បន្ថែម៖ «ខ្ញុំគ្មានពេលវេលាអង្គុយចាំទេ! ខ្ញុំចង់បានលទ្ធផល។[...] ខ្ញុំសុខចិត្តឱ្យមន្ត្រីបន្ទោសខ្ញុំថា ខ្ញុំលូក(ដៃ) ប៉ុន្តែខ្ញុំអត់ឱ្យប្រជាពលរដ្ឋមកបន្ទោសខ្ញុំថាធ្វើការយឺត អត់លទ្ធផលទេ។»។
ក្រៅពីនេះ នាយករដ្ឋមន្ត្រី បានបង្ហើបឱ្យដឹងថា នឹងមានការកែសម្រួលនីតិវិធីពាណិជ្ជកម្ម ពាក់ព័ន្ធនឹងការនាំចេញ នាំចូល ទំនិញ ដើម្បីឱ្យដំណើរការពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗ មានភាពងាយស្រួល និងឆាប់រហ័ស៕
អ្នកសរសេរអត្ថបទ
