ពលរដ្ឋ​​គាំទ្រ ​លោក យូន ស៊ុកយោល ​ទម្លាក់​កំហុស​លើចិន​ថា​នាំ​ឲ្យ​កូរ៉េ​ខាងត្បូងចលាចល
  • ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៣:២៩ នាទី រសៀល
ពលរដ្ឋ​​គាំទ្រ ​លោក យូន ស៊ុកយោល ​ទម្លាក់​កំហុស​លើចិន​ថា​នាំ​ឲ្យ​កូរ៉េ​ខាងត្បូងចលាចល

នៅប្រទេស​កូរ៉េ​ខាងត្បូង មនោសញ្ចេតនា​ស្អប់​ខ្ពើម​ជន​ជាតិចិន កាន់តែ​ពុះកញ្ច្រោល​ ជាពិសេស ក្នុង​ចំណោម​បណ្តា​​​អ្នក​គាំទ្រ​ប្រធានាធិបតីធ្លាក់ពីតំណែង លោក យូន ស៊ុកយោល​។ ក្រៅ​ពីចោទប្រកាន់​ថា​ចិន​ជា​ប្រភព​នៃភាព​ចលាចលនៅក្នុងស្រុក​ អ្នក​ទាំងនោះបាន​សម្តែង​សកម្មភាព​ហិង្សា និង​គំរាម​ឲ្យ​ពលរដ្ឋ​ចិនចាកចេញពី​កូរ៉េ​ខាងត្បូង ទៀត​ផង​។​

TTN-Free-Banner-In-Article-PC

 «ពួក​ជន​ជាតិ​​ចិន និង​ពួក​ក្រហម​កុម្មុយនិស្ត​ ត្រូវ​ប្រាសព្រាត់ចេញទៅ» ជា​សម្រែក​របស់​ក្រុម​ពលរដ្ឋ​កូរ៉េ​ខាងត្បូង ដែល​ជាអ្នក​និយម​គាំទ្រ​គណបក្ស​អភិរក្សនិយម​ របស់​​លោក យូន ស៊ុកយោល អតីត​ប្រធានាធិបតីដែល​ទើបតែ​ធ្លាក់ពីតំណែង ពេល​ថ្មីៗ។ សម្រែក​និងពាក្យ​សម្តី​ហិង្សាបណ្តេញជនជាតិ​ចិន​ បានបង្ហើរ​ចេញមកពី​​បាតុករ​និស្សិត​មួយ​ក្រុម ដែល​ជាអ្នក​គាំទ្រ​លោក យូន​ ស៊ុកយោល យ៉ាង​ផ្កាប់​មុខ។  

មនោសញ្ចេតនាស្អប់ខ្ពើមជនជាតិចិន កាន់តែពុះកញ្ច្រោល​ក៏​ព្រោះតែ​មា​នការ​ជំរុញ​ជាខ្លាំង​ពី​សំណាក់​គណបក្ស​អភិរក្សនិយម ដែលតែងតែ​ថ្លែងវោហារសាស្ត្រ​នយោបាយ​ទម្លាក់​កំហុស​ទៅលើ​រដ្ឋអំណាច​ចិន​កុម្មុយនិស្ត។ 

ចំពោះ​ពួក​គេទាំងនោះដែលជាអ្នក​គាំទ្រ​លោក យោន ស៊ុកយោល, រដ្ឋាភិបាល​ក្រុង​​ប៉េកាំង​ជាប្រភព​នៃវិបត្តិ​នយោបាយ​​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ពោល​គឺ​​ទាំងភាព​ចលាចលក្នុង​ផ្ទៃប្រទេស​កូរ៉េ​ខាងត្បូង ចាប់តាំងពីខែធ្នូ​ ឆ្នាំ២០២៤រហូតមក​ រួម​ទាំង​ការ​ជំរុញ​លោក យូន ស៊ុកយោល ​ឲ្យជ្រុះ​ពី​កៅអី​ប្រធានាធិបតី ពីពេល​ថ្មីៗនេះទៀត​ គឺជា​កំហុស​និងជាស្នាដៃ​​របស់​ចិនទាំងស្រុង ហើយ​​រដ្ឋអំណាច​ក្រុង​ប៉េកាំង ជាអ្នក​ដឹកមុខ​ពីក្រោយ​ភាព​រញ៉េរញ៉ៃ​ក្នុង​សង្គម​កូរ៉េ។ ដោយសារតែ​យល់​ឃើញ​បែបនេះ ទើប​ពួក​គេ​ទាំងនោះ ធ្វើ​បាតុកម្ម​​នៅក្រុង​ស៊េអូល ​ត្រង់​ទីប្រជុំ​ជនដែល​មាន​ជនជាតិ​ចិន​រស់​នៅច្រើន និងនៅ​តាម​សង្កាត់​ដែល​មាន​ហាង​ភោជនីយដ្ឋាន​ចិន​ច្រើន​។

ចលនា​បាតុកម្មកាលពីចុង​សប្តាហ៍​ បណ្តាលឲ្យ​មាន​អំពើហិង្សា និង​មាន​អ្ន​ករង​របួស​ទៀត​ផង។​ នេះបើតាម​សេចក្តីរាយការណ៍​របស់​វិទ្យុ​បារាំង ដែល​មាន​អ្នក​ឆ្លើយ​ឆ្លងព័ត៌មា​នប្រចាំ​ក្រុង​សេអ៊ូល។

ប្រឈម​នឹង​សកម្មភាព​ហិង្សានេះ សហគមន៍​ចិន​នៅ​កូរ៉េខាងត្បូង ​កាន់តែព្រួយ​បារម្ភ​ពីសុវត្ថិភាព​។​ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំកូរ៉េខាងត្បូង​ បាន​សម្តែង​ក្តី​​ព្រួយបារម្ភ​ជាពន់ពេក​ចំពោះការ​កើនឡើង​​មនោសញ្ចេតនា​ស្អប់​ចិន​ នៅក្នុង​ស្រុក​កូរ៉េ​ខាងត្បូង។ ​លោកទូត​ចិន​ប្រចាំសេអ៊ូល ក៏​បាន​​​អំពាវនាវ​ឲ្យ​ពលរដ្ឋចិន​ ត្រូវ​ជៀសឲ្យ​ឆ្ងាយៗ​ពី​ក្រុម​បាតុករ​ទាំងនោះ។

​ជាការគួរ​ឲ្យ​កត់​សម្គាល់ កាលពីខែកុម្ភៈកន្លងទៅ​ មាន​បុរសម្នាក់ដែល​ជាអ្នក​គាំទ្រ​លោក យូន ស៊ុកយោល​ បាន​ព្យាយាម​ជម្នះ​សម្រុក​រត់​ចូល​ស្ថានទូត​ចិន​នៅ​សេអ៊ូល​។ ក្រោយ​ហេតុការណ៍នេះ​ អាជ្ញាធរ​​កូរ៉េ​ខាងត្បូង បាន​ប្រកាស​ពង្រឹង​សន្តិសុខ​បន្ថែម​ទៀត នៅ​បណ្តា​សង្កាត់​និងទី​ប្រជុំជន​ដែល​សម្បូរ​ជនជាតិ​ចិន​រស់​នៅ ដ្បិត​ថា ប្រជាជនចិន​​អាច​នឹង​ក្លាយជា​ជន​រងគ្រោះ​ព្រោះ​​អំពើហិង្សា​ផ្សេងៗ​៕

ដោយ៖ ហេង ឧត្តម (RFI ខេមរភាសា)


Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other