Liverpool និង Bayern កៀកលើកពាន ឯ Real-Barca និង Inter-Napoli ប្រទាញប្រទង់
  • ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៥:៥៩ នាទី ល្ងាច
Liverpool និង Bayern កៀកលើកពាន ឯ Real-Barca និង Inter-Napoli ប្រទាញប្រទង់

Liverpool និង Bayern Munich សុទ្ធតែមានឱកាសខ្ពស់ក្នុងការលើកពានលីគរៀងខ្លួន នៅមុខចប់រដូវកាលកាល។ ក្នុងចំណោមលីគកំពូលទាំង៥នៅអឺរ៉ុប ក្រុម Paris Saint-Germain ក្លាយជាម្ចាស់ជើងឯកមុនគេ ទាំងនៅសល់៦ប្រកួត​។ នៅ La Liga ម្ចាស់ការពារតំណែងជើងឯក Real Madrid កំពុងប្រដេញក្រុមកំពូលតារាង Barcelona ស្របពេល Inter Milan និង Napoli ស្មើពិន្ទុគ្នានៅលីគកំពូល Serie A។

TTN-Free-Banner-In-Article-PC

Liverpool ត្រូវការឈ្នះមួយប្រកួតទៀតប៉ុណ្ណោះ ពោលនៅសប្តាហ៍ទី៣៤ នោះពួកគេនឹងក្លាយជាម្ចាស់ជើងឯក Premier League រដូវកាល ២០២៤-២៥ នេះ។ រកបាន៧៩ពិន្ទុពីការប្រកួត៣៣លើក ក្រុមលោក Arne Slot ឈរកំពូលតារាង ដោយនាំមុខគូប្រជែង Arsenal ១៣ពិន្ទុ ខណៈនៅសល់៥ប្រកួតនឹងបញ្ចប់រដូវកាល។ ដោយឡែក ប្រសិនបើជំនួបសប្តាហ៍ទី៣៤ កាំភ្លើងធំចាញ់ នោះ ហង្សក្រហម លើកពានលីគកំពូលអង់គ្លេសជាលើកទី២០ ដោយស្វ័យប្រវត្តិតែម្តង។

នៅអាល្លឺម៉ង់ Bayern Munich កំពុងនាំមុខកំពូលតារាង Bundesliga ដោយរកបាន៧២ពិន្ទុ ពីការប្រកួត៣០លើក នាំមុខគូប្រជែង និងជាម្ចាស់ការពារតំណែងជើងឯក Bayer Leverkusen ៨ពិន្ទុ។ ដោយសារសល់៤ប្រកួតទៀតនឹងបញ្ចប់រដូវកាល។ ដូច្នេះតាមរយៈគម្លាតពិន្ទុនេះ ធ្វើឱ្យក្រុមដែលមានលោក Vincent Kompany ជាអ្នកចាត់ការទូទៅ មានភាគរយខ្ពស់ ដើម្បីគ្រងតំណែងជើងឯកលីគកំពូលអាល្លឺម៉ង់រដូវកាល ២០២៤-២៥នេះ។

ម្ចាស់ការពារតំណែងជើងឯក Real Madrid កំពុងតាមពីក្រោយក្រុមកំពូលតារាង Barcelona ដោយមានគម្លាត ៤ពិន្ទុ។ ឆ្លងកាត់ការប្រកួត៣២លើក ក្រុមរហស្សនាមអ្នកមានបុណ្យ រកបាន៧៣ពិន្ទុ ស្របពេលក្រុមអធិរាជស មាន៦៩ពិន្ទុ។ ក្រៅពី Real និង Barca ក្រុមលេខ៣ Atlético de Madrid ដែលមាន៦៣ពិន្ទុ ក៏នៅមានឱកាសប្រជែងពាន La Liga រដូវកាលនេះផងដែរ ខណៈការប្រកួតនៅសល់៦លើកទៀត។

នៅលីគកំពូលអ៊ីតាលីឯណោះវិញ ក្រុមកំពូលតារាង Inter Milan និងក្រុមលេខ២ Napoli សុទ្ធតែមាន៧១ពិន្ទុដូចគ្នា ពីការប្រកួត៣៣លើក ដោយខុសតែសំណល់គ្រាប់បាល់ប៉ុណ្ណោះ។ Inter Milan និង Napoli ឈ្នះ២១លើក ស្មើ៨ និងចាញ់៤លើកដូចគ្នានៅរដូវកាល ២០២៤-២៥នេះ។ នៅ Serie A ក្រុម Atalanta ដែលឈរលេខ៣បណ្តោះអាសន្នមាន៦៤ពិន្ទុ នៅមានឱកាសប្រជែងជើងឯកផងដែរ ស្របពេលការប្រកួតនៅសល់៥លើកទៀត។

PSG ជាក្រុមគ្រងជើងឯកលីគកំពូលមុនគេ ក្នុងចំណោមលីគកំពូលទាំង៥នៅអឺរ៉ុប ពោលគឺតាំងពីសប្តាហ៍ទី២៨ម្លេះ។ ក្រុមរហស្សនាមយក្សបារាំង ក្រោមការដឹកនាំរបស់លោក Luis Enrique អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ មិនទាន់ស្គាល់ចាញ់ឡើយ ក្នុងចំណោម២៩ប្រកួត ក្នុងនោះឈ្នះ២៥លើក និងស្មើ៥លើក មាន៧៧ពិន្ទុ នាំមុខ Olympique de Marseille ដែលនៅលេខ២ចំនួន ២២ពិន្ទុ។ Ligue 1 បារាំង ដែលមាន ១៨ក្រុម នៅសល់៥ប្រកួតទៀតនឹងបញ្ចប់រដូវកាលនេះ៕


អ្នកសរសេរអត្ថបទ

មុំ ពិទូរ្យ ការីនិពន្ធព័ត៌មាន​កីឡា​។​ ​ ​​​

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

មុំ ពិទូរ្យ