- ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ល្ងាច

ប្រាក់រៀល! ប្រាក់ដុល្លារ! ការទូទាត់រូបិយបណ្ណដែលមិនអនុវត្តតាមស្តង់ដាររួមនៅលើទឹកដីខ្មែរ ប្រៀបដូចជារឿងភាគឥណ្ឌាយ៉ាងដូច្នោះដែរ។ រឿងរ៉ាវចាក់សាំងនៅខេត្តកំពតដែលផ្ទុះពេញបណ្តាញសង្គម នារយៈពេលចុងក្រោយនេះ ក៏នាំឱ្យមានការជជែកវែកញែកច្រើនផងដែរ។ គ្រប់គ្នាប្រតិកម្មភ្លាម ប្រសិនដឹងថា ទីកន្លែងណាមិនទទួលការទូទាត់ «លុយជាតិ» ប៉ុន្តែការអនុវត្តជាក់ស្តែងនៅមានកម្រិតនៅឡើយ ដោយ «ដុល្លារ» នៅតែបន្តមានមុខប្រកួតប្រជែងគ្រប់សកម្មភាពទិញ-លក់ នៅកម្ពុជា។
មកដល់ពេលនេះ គឺមានរយៈពេល៤៥ឆ្នាំហើយ ដែលកម្ពុជាបានដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ក្រោយការដួលរលំនៃរបបខ្មែរក្រហម។ ជាង៤ទសវត្សរ៍ហើយ តែការចរាចរប្រាក់រៀល នៅមានកម្រិតនៅឡើយ បើប្រៀបធៀបនឹងការចាយប្រាក់ដុល្លារ បើទោះបីជាធនាគារជាតិនៃកម្ពុជា ប្រឹងប្រែងលើកទឹកចិត្តឱ្យពលរដ្ឋងាកមកប្រើប្រាស់ប្រាក់រៀលយ៉ាងណាក៏ដោយ។
ការដាក់ចេញនូវវិធានការនានាតាមរយៈគោលនយោបាយរូបិយវត្ថុ បានធ្វើតម្លៃប្រាក់រៀល មានស្ថិរភាពល្អប្រសើរនាជាង២ទសវត្សរ៍ចុងក្រោយនេះ។ ជាភាពជោគជ័យដែលលោកស្រី ជា សិរី ទេសាភិធនាគារជាតិនៃកម្ពុជា តែងតែអះអាងក្នុងវេទិកាសាធារណៈនានា ថា បានរួមចំណែកផ្លាស់ប្តូរការគិតរបស់អ្នកពាក់ព័ន្ធទាំងឡាយ ជាពិសេសពិសេសអាជីវករ និងអ្នកធ្វើធុរកិច្ចក្នុងស្រុកគ្រប់ប្រភេទ គ្រប់លំដាប់ថ្នាក់ ឱ្យទទួលយកការទូទាត់ថ្លៃទំនិញ-សេវាកម្មនានា ជាលុយរៀល ឱ្យបានទូលំទូលាយ ជំនួសដុល្លារអាម៉េរិក។
ការណ៍ដែលធនាគារជាតិប្រឹងប្រែងពង្រីកទំហំនៃការប្រើប្រាស់ប្រាក់រៀលនៅក្នុងចរន្តសេដ្ឋកិច្ចជាតិមកទល់សព្វថ្ងៃនេះ គឺដើម្បីសម្រេចឱ្យបាននូវការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព បរិយាបន្ន និងធន់ ក៏ដូចជាការលើកកម្ពស់អធិបតេយ្យភាព និងអត្តសញ្ញាណជាតិ។ ទាំងនេះ គឺជាផ្នែកយ៉ាងសំខាន់មួយក្នុងការជួយរដ្ឋាភិបាលឱ្យសម្រេចនូវចក្ខុវិស័យនៅឆ្នាំ២០៣០ ដើម្បីប្រែកម្ពុជាឱ្យក្លាយប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ហើយឈានទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឈប់ប្រើដុល្លារហើយងាកមកលើកតម្កើងលុយជាតិវិញ!
សព្វថ្ងៃ ប្រាក់រៀលត្រូវបានប្រើប្រាស់នៅក្នុងក្របខណ្ឌមានដែនកំណត់មួយចំនួន ដូចជា ការបង់ពន្ធគ្រប់ប្រភេទជូនរដ្ឋ ការបើកប្រាក់បៀរវត្សមន្ដ្រីរាជការ ការទូទាត់ប្រាក់សេវាកម្មរបស់រដ្ឋ និងការទិញដូរក្នុងទំហំទឹកប្រាក់តូច នៅតាមទីផ្សារមួយចំនួន។ ប៉ុន្តែសម្រាប់ការកំណត់តម្លៃ ការទូទាត់ និងសន្សំ ភាគច្រើនលើសលុប គឺប្រើប្រាស់ជាលុយដុល្លារអាម៉េរិក។
ប្រាកដណាស់ នៅពេលដែលអាជីវករកំណត់តម្លៃទំនិញ-សេវាកម្មជាប្រាក់ដុល្លារអាម៉េរិកនោះ គេក៏អាចទូទាត់ជាប្រាក់រៀលបានដែរ ដោយគ្រាន់តែសេវាទូទាត់ជាប្រាក់រៀល អាចគិតថ្លៃខ្ពស់ជាងបន្តិច។ នេះជាទម្លាប់ទៅហើយរបស់ម្ចាស់អាជីវកម្មមួយចំនួនក្នុងស្រុក តែងតែគិតថ្លៃទំនិញជាប្រាក់ដុល្លារ និងកំណត់អត្រាប្តូរប្រាក់រៀលទាបជាងតម្លៃលើទីផ្សារ។ ករណីនេះ បានកើតឡើងជាហូរហែនៅក្នុងសង្គម-សេដ្ឋកិច្ចកម្ពុជា ព្រោះតែការឱ្យតម្លៃលើលុយបរទសជាជាងលុយជាតិរបស់ខ្លួន។
ការបន្តចាយដុល្លារក៏បាន ចាយប្រាក់រៀលក៏បានលើទំនិញតែមួយក្នុងទីផ្សារកម្ពុជាបែបនេះ ចង់មិនចង់វានៅតែបង្កជាបញ្ហាទៅទៀត ក៏ព្រោះតែគម្លាតនៃអត្រាប្តូរប្រាក់លើទីផ្សារនិងនៅលើមាត់ថៅកែ ឬមា្ចស់អាជីវកម្មដែលជាអ្នកកំណត់លើថ្លៃទំនិញ ឬសេវាកម្មនានារបស់ខ្លួន។ ដើម្បីបញ្ចប់រាល់បញ្ហា ដែលចេញពីអត្រាប្តូរប្រាក់រវាងរៀលនិងដុល្លារនេះ ហើយកុំឱ្យវាបន្តភាពរ៉ាំរ៉ៃដល់អនាគតនោះ គឺគួរណាស់ទាំងអាជីវករ ទាំងធ្វើធុរកិច្ចតូច-ធំទាំងឡាយ ត្រូវនាំគ្នាឈប់យកលុយដុល្លារធ្វើជាមធ្យាបាយទូទាត់លើថ្លៃទំនិញ-សេវាកម្ម ក្នុងស្រុក ដោយងាកមកប្រើប្រាស់និងឱ្យតម្លៃលុយជាតិយើងវិញ ចាប់ពីពេលនេះតទៅ។ ត្រង់ចំណុចនេះមានន័យថា គ្រប់តួអង្គទាំងអស់ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ត្រូវគិតតម្លៃនិងទទួលយកការទូទាត់ថ្លៃទំនិញក្នុងទីផ្សារ ជាប្រាក់រៀលសុទ្ធតែម្តង ដោយគ្មានឡើយនូវវត្តមានដុល្លារអាម៉េរិកក្នុងសកម្មភាពទូទាត់នៅក្នុងស្រុកបន្តទៀត។
ចំពោះប្រតិបតិ្តការទូទាត់ថ្លៃទំនិញ-សេវាកម្មក្នុងប្រទេស គឺការប្រើប្រាស់រូបិយវត្ថុជាតិនេះ លែងពិបាកដូច២០ឆ្នាំមុនទៀតឡើយ។ ពោល បច្ចុប្បន្ន កម្ពុជាស្ថិតសម័យឌីជីថល ដែលប្រតិបត្តិការទូទាត់រាប់ចាប់តាំងពីថ្លៃទំនិញមានតម្លៃមួយពាន់រៀលរហូតដល់តម្លៃទំនិញរាប់សិនពាន់លានរៀល គឺសុទ្ធតែអាចទូទាត់តាមរយៈប្រព័ន្ធបាគង ឬ KHQR Code បានយ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាពថែមទៀត ដែលធនាគារជាតិនៃកម្ពុជា បានធ្វើទំនើបកម្មជាលំដាប់ក្នុងការសម្រួលដល់ការចរាចរប្រាក់រៀល ក្នុងគោលដៅជំរុញការប្រើប្រាស់រូបិយវត្ថុជាតិឱ្យបានទូលំទូលាយ។
កិច្ចប្រឹងប្រែងទាំងនេះ ក៏បានផ្លាស់ប្តូរទស្សនៈ «ចាយលុយរៀល ពិបាកជាងចាយដុល្លារ» ផងដែរ។ ការរួមគ្នាលើកកម្ពស់ប្រាក់រៀល មិនត្រឹមតែជួយរក្សាលំនឹងស្ថិរភាពសេដ្ឋកិច្ចជាតិបានកាន់តែប្រសើរនោះទេ តែវាការរួមគ្នាលើកតម្កើងជាតិថែមទៀត។ យើងត្រូវចាំថា ប្រាក់រៀលជាអត្តសញ្ញាណមួយរបស់ជាតិ។ ហើយប្រាក់រៀលក៏ជាមធ្យោបាយមួយ ដើម្បីរំលឹកដល់អ្នកជំនាន់ក្រោយ អំពីប្រវត្តិសាស្ត្រ វប្បធម៌ និងវីរបុរសរបស់ជាតិ តាមរយៈរូបភាពដែលត្រូវបានបោះពុម្ពលើក្រដាសប្រាក់រូបប្រភេទ។ ទាំងនេះហើយដែលថា ការចាយប្រាក់រៀលនាំមកនូវមោទកភាព និងសាមគ្គីជាតិ។
ចាយប្រាក់រៀលកាន់តែច្រើន សេដ្ឋកិច្ចជាតិកាន់តែធន់...
ការយកប្រាក់រៀល ដែលរូបិយវត្ថុជាតិ ធ្វើជាមធ្យាបាយទូទាត់គ្រប់សកម្មភាពដោះដូរទំនិញ-សេវាឱ្យបានទូលំទូលាយនៅក្នុងប្រទេស នោះវានឹងជួយពង្រឹងប្រសិទ្ធភាព អធិបតេយ្យភាព និងឯករាជ្យភាពនៃគោលនយោបាយរូបិយវត្ថុ។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងផ្ដល់ការគាំទ្រដល់ការស្តារ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចខ្មែរនាពេលអនាគតថែមទៀត។
តាមចក្ខុវិស័យរដ្ឋាភិបាល កម្ពុជានឹងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយឈានទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដូច្នេះ ការរួមគ្នាបង្កើនការប្រើប្រាស់ប្រាក់រៀលពីពេលនេះតទៅ ជាចំណែកមួយយ៉ាងធំក្នុងការជួយរដ្ឋាភិបាលសម្រេចបាននូវទិសដៅប្រកបដោយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងឈានទៅដល់ការចាកចេញពីប្រទេសដុល្លារូបនីយកម្មថែមទៀត។
ទិដ្ឋភាពរាជធានីភ្នំពេញពីលើអាកាស
កន្លងមកទាំងអ្នកជំនាញស្ថាប័នជាតិ និងអន្តរជាតិ តែងតែព្យាយាមពន្យល់អំពីសារសំខាន់នៃប្រើប្រាស់រូបិយវត្ថុជាតិ រួមទាំងគុណវិបត្តិនៃការប្រើប្រាស់ដុល្លារ ឬដុល្លារូបនីយកម្មនៅកម្ពុជា។ មានន័យថា ការចូលរួមប្រើប្រាស់ប្រាក់រៀលពីគ្រប់មជ្ឈដ្ឋាន នឹងធ្វើឱ្យរដ្ឋទទួលបានចំណូលបន្ថែមពីបោះពុម្ពរូបិយវត្ថុ។ លើសពីនេះ ការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ នឹងធ្វើឱ្យធនាគារជាតិនៃកម្ពុជា កាន់តែពង្រឹងបាននូវប្រសិទ្ធភាពនយោបាយរូបិយវត្ថុ ក្នុងការចាត់វិធានបង្ក ឬទប់ស្កាត់នូវហានិភ័យនានាពីកត្តាខាងក្រៅមកលើសេដ្ឋកិច្ចកម្ពុជា។
ដោយឡែកក្នុងទិដ្ឋភាពសង្គមវិញ ការណ៍ដែលយើងគ្រប់គ្នាប្រើប្រាស់តែរូបិយវត្ថុ នោះវាកាត់គម្លាតរវាងអ្នកមាននិងក្រ។ ដូច្នេះ មិនថាអ្នករស់នៅជនបទក្តី អ្នករស់នៅតាមទីក្រុងក្តី គឺប្រើប្រាស់លុយជាតិតែមួយ ដែលមានតម្លៃស្មើគ្នាទៅតាមប្រភេទក្រដាសប្រាក់នីមួយៗ។
លើសពីនេះ ការចាយលុយរៀល នឹងជួយបង្កើនសុខុមាលភាពសង្គមបានថែមទៀត។ ជួយត្រង់ថាការចាយលុយរៀលកាន់តែទូលំទូលាយ នឹងអនុញ្ញាតឱ្យរាជរដ្ឋាភិបាល គ្រប់គ្រងថវិកាជាតិបានកាន់តែប្រសើរ ដោយកាត់បន្ថយការពឹងផ្អែកលើបំណុលបរទេស តាមរយៈការបោះផ្សាយមូលបត្ររដ្ឋជាប្រាក់រៀល (រដ្ឋខ្ចីលុយពីប្រជាជនខ្លួនឯង) ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា៖ សាលារៀន ផ្លូវថ្នល់ និងមន្ទីរពេទ្យ...ជាដើម។
ក្នុងន័យនេះ ប្រសិនបើគ្រប់ម្ចាស់អាជីវកម្មនិងអតិថិជនធ្វើការទូទាត់ការទិញ-លក់ជាប្រាក់រៀលតែមួយនោះ ពួកគេមិនចាំបាច់ខ្វល់ខ្វាយពីប្រភេទរូបិយបណ្ណផ្សេងៗគ្នាក្នុងការទូទាត់ឡើយ ព្រមទាំងកាត់បន្ថយហានិភ័យពីការប្រែប្រួលអត្រាប្ដូរប្រាក់ផងដែរ។
ក្នុងបរិបទនេះ ការបង្កើនការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល គឺជារឿងចាំបាច់ ដែលគួរពិចារណាក្នុងការអនុវត្តឱ្យបានតឹងរឹង។ ដើម្បីឱ្យលុយរៀលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងជាមោទកភាពរបស់ជាតិខ្មែរមូល រដ្ឋាភិបាលចាំបាច់ត្រូវដាក់ចេញនូវវិធានការបន្ថែមទៀត ក្នុងការបង្កើនទំនុកចិត្តរបស់សាធារណជនមកលើលុយរៀល៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច កសិកម្ម និងផលិតវីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕
