- ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី យប់

ប្រតិមាព្រះនារាយណ៍ផ្ទំពីសំរឹទ្ធមកពីប្រាសាទមេបុណ្យខាងលិច ក្នុងឧទ្យានបុរាណវិទ្យាអង្គរ ត្រូវបានដាក់ដំឡើងសម្រាប់តាំងពិព័រណ៍នៅចុងខែមេសា នៅសារមន្ទីរសិល្បៈអាស៊ីហ្គីមេ Guimet ក្នុងទីក្រុងប៉ារីស បន្ទាប់ពីការជួសជុលនៅមន្ទីរពិសោធន៍ Nantes Departmental Arc'Antique ក្នុងប្រទេសបារាំង។
ពិព័រណ៍មិនអចិន្ត្រៃយ៍ នៅសារមន្ទីរ សិល្បៈអាស៊ីហ្គីមេ ក៏មានតាំងបង្ហាញរូបចម្លាក់អំពីសំរឹទ្ធ ចំនួន ១២៦ ផ្សេងទៀត ដែលខ្ចីបន្ថែមពីសារមន្ទីរជាតិកម្ពុជា ដំណាក់កាលទី២។ ប្រតិមាព្រះនារាយណ៍ផ្ទំពីសំរឹទ្ធនេះ នឹងតាំងបង្ហាញនៅសារមន្ទីរ Guimet ក្នុងទីក្រុងប៉ារីសចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២៥នេះ។
តាមរយៈកំណាយនៅឆ្នាំ១៩៣៦ ដឹកនាំដោយអ្នកអភិរក្សជនជាតិបារាំង លោក ម៉ូរីស ហ្គ្លេស (Maurice Glaize) បានរកឃើញប្រតិមានេះ នៅក្នុងគំនររណ្តៅថ្មចំកណ្តាលតួប៉មប្រាសាទមេបុណ្យខាងលិច។ មជ្ឈមណ្ឌលស្រាវជ្រាវនិងជួសជុលរបស់សារមន្ទីរនៃប្រទេសបារាំង បានសន្និដ្ឋានថា ជាដំបូងគេវាយកំទេចប្រតិមាព្រះនារាយណ៍ផ្ទុំជាច្រើនបំណែក មុនពេលបញ្ចុះក្នុងដី ជាមួយនឹងបំណែកប្រតិមាផ្សេងទៀត។
បដិមានេះ មានប្រវែងជាង៥ម៉ែត្រ ប៉ុន្តែរូបសំណាក សល់តែផ្នែកខាងលើប៉ុណ្ណោះ និងដៃស្តាំទាំងពីរ (ព្រះវិស្ណុមានដៃ៤) និងតួខាងលើដែលនៅមានប្រវែងជាង២,២ម៉ែត្រ។ ចាប់ពីឆ្នាំ១៩៥០ គេយកតែដងខ្លួនប្រតិមាព្រះនារាយណ៍ផ្ទុំប៉ុណ្ណោះ មកតាំងបង្ហាញក្នុងសារមន្ទីរជាតិកម្ពុជា។ រីឯបំណែកប្រមាណជាង៤០ផ្សេងទៀតរបស់ប្រតិមានេះ បានរក្សាទុកក្នុងឃ្លាំងរបស់សារមន្ទីរ។
ប្រតិមាព្រះនារាយណ៍ផ្ទំពីសំរឹទ្ធមកពីប្រាសាទមេបុណ្យខាងលិច គឺជាប្រតិមាដ៏ធំមហិមាមួយ ក្នុងចំណោមប្រតិមាទេពសំខាន់ៗដ៏កម្រនៃព្រហ្មញ្ញសាសនា ក្នុងឥរិយាបថផ្ទុំសណ្តូកលើដងខ្លួនខាងស្តាំ និងមានព្រហស្តបួន។ ប្រតិមានេះ ទំនងជាសិតតាមព្រះរាជបញ្ជារបស់ព្រះមហាក្សត្រ គឺព្រះបាទ ឧទ័យាទិត្យាវរ្ម័នទី២ (គ.ស ១០៥០-១០៦៦) ដើម្បីតម្កល់នៅក្នុងប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅចំកណ្តាលបារាយណ៍ធំជាងគេនៅតំបន់អង្គរ។
បើតាមសៀវភៅប្រវត្តិសាស្ត្រ «អាថ៌កំបាំងអង្គរភាគ២» ការរកឃើញបដិមាវិស្ណុផ្ទំនេះ មិនមែនជារឿងចៃដន្យទេ។ អ្នកភូមិអង្គរម្នាក់ បានសុបិនឃើញព្រះពុទ្ធមួយអង្គ មកពន្យល់សប្តិ ឲ្យទៅជីកព្រះអង្គចេញពីក្នុងដី ព្រោះព្រះអង្គថប់ដង្ហើមណាស់ ដូច្នេះក៏បានទៅប្រាប់អ្នកអភិរក្សជនជាតិបារាំងម្នាក់ ឲ្យទៅកម្ទេចថ្ម ហើយបានឃើញបំណែកបដិមាសំរឹទ្ធ យ៉ាងអស្ចារ្យផ្គាប់មុខចុះក្រោម មានគ្រឿងតុបតែងខ្លួន ព្រមទាំងដៃ និងគ្រឿងបំណែកផ្សេងៗផងដែរ។ បន្ទាប់មកទៀត គេក៏បានផ្គុំបានជារូបបដិមាវិស្ណុផ្ទំនេះឡើង។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី៧ ខែឧសភា បានថ្លែងថា គម្រោងនេះ មានបំណង ក្នុងការជួសជុល អភិរក្ស និងសិក្សាវិភាគ សមាសភាពផ្សំ លើប្រតិមាព្រះនារាយណ៍ថ្មី នៅវិទ្យាស្ថាន Centre de recherche et de restoration des musées de France (C2RMF) នៃប្រទេសបារាំង ដើម្បីឈ្វេងយល់បន្ថែម ពីបច្ចេកទេសដ៏ប៉ិនប្រសព្វ នៃការសិតលោហៈខ្នាតធំមហាសាល ក្នុងអារ្យធម៌ខ្មែរនាសម័យអង្គរ។
«លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ នឹងបោះពុម្ពផ្សាយ យ៉ាងទូលំទូលាយដើម្បីចែករំលែក ពីបទពិសោធន៍ និងទេពកោសល្យ ក្នុងការសិតលោហៈ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ»។ លោកស្រី ភឿង សកុណា បន្តដូច្នេះមុននឹងបន្ថែមថា ក្រៅពីការវិភាគបច្ចេកទេស ក្រុមអ្នកជំនាញ នឹងសាកល្បងផ្តុំបំណែកទាំង៣៩ ដែលបាន ដាច់ចេញពីដងខ្លួនអស់រយៈកាលជិត ១ ០០០ឆ្នាំមកហើយ និងរៀបចំផ្គុំតម្លើងជា 3D ដើម្បីបានដឹងពីទីតាំងនៃចំណែកទាំងនោះ៕
អ្នកសរសេរអត្ថបទ
ជម្រាបសួរមិត្តអ្នកអាន! នៅឆ្នាំ២០១៩ ខ្ញុំ សែម វណ្ណា (Sem Vanna) មានឱកាសចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ ផ្នែកផលិតវីដេអូ និងបទយកការណ៍។ បច្ចុប្បន្ន ខ្ញុំ ផ្ដោតលើព័ត៌មានបេតិកភណ្ឌ វប្បធម៌ និងសង្គម។ ក្រៅពីសរសេរព័ត៌មានសង្គមទូទៅ ខ្ញុំ ក៏បានចូលរួមផលិតវីដេអូឯកសារអំពីរមណីយដ្ឋានអង្គរផងដែរ៕
