- ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី យប់

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានមេធាវី ៣រូប ស្ម័គ្រចិត្តការពារក្ដីឲ្យកីឡាករ-កីឡាការិនី ដែលរងការរំលោភបំពាន ជាពិសេសរងការបរិហារកេរ្ដិ៍ លើករណីណាមួយ។ នេះបើតាមលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។
លោក ខូវ ឆាយ បានបញ្ជាក់ថា ក្រុមមេធាវីស្ម័គ្រចិត្តគុនខ្មែរ មានភារកិច្ចដោះស្រាយ និងការពារក្ដីឲ្យអត្ដពលិក ក្នុងករណីមានការរំលោភបំពានធ្ងន់ធ្ងរពីអ្នកគាំទ្រ តាមរយៈការជេរប្រមាថ ឬគំរាមកំហែងជាដើម។
លោក ខូវ ឆាយ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី២១ ខែមេសា តាមតេលេក្រាមដូច្នេះ៖«យើង នឹងរៀបចំចងក្រងជាក្រុមមេធាវីស្ម័គ្រចិត្តមួយ ប្រចាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីជួយការពារក្ដីឲ្យ សហព័ន្ធកីឡាប្រដាល់គុនខ្មែរយើង ប្រសិនមានការប្ដឹងផ្ដល់ណាមួយ។»។
ទោះជាមានមេធាវីប្រចាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរក៏ដោយ លោក ខូវ ឆាយ នៅតែសំណូមពរឲ្យអ្នកគាំទ្របញ្ចេញមតិរិះគន់បែបស្ថាបនា និងមិនត្រូវប្រើពាក្យជេរប្រមាថ ដែលជាហេតុនាំឲ្យអត្ដពលិកបាក់ទឹកចិត្ត ឬកើតជាជម្លោះប្ដឹងផ្ដល់ឡើយ។
«ទោះជាយើងមានមេធាវីការពារក្ដីយ៉ាងណា ក្នុងនាមសហព័ន្ធ យើងមិនចង់មានក្ដីក្ដាំជាមួយបុគ្គលណាឡើយ។ យើងសង្ឃឹមថា ចាប់ពីពេលនេះទៅ នឹងមិនមានករណីជេរប្រមាថ ឬករណីណារំលោភបំពានធ្ងន់ធ្ង ទៅដល់កីឡាកររបស់យើងទេ ព្រោះក្នុងនាមសហព័ន្ធ យើងជាខ្មែរដូចគ្នា គឺយើងមិនចង់ឲ្យមានក្ដីក្ដាំជាមួយបុគ្គលណា ក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ យើងឡើយ។ យើង មិនចង់ឲ្យកីឡាករ-កីឡាការិនី ឬ បុគ្គលណាម្នាក់រងការជេប្រមាថ រហូតឲ្យកើតទៅជាការជេប្រមាថគ្នា។»។ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ បាននិយាយដូច្នេះ៕
អ្នកសរសេរអត្ថបទ
