- ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១០:២៩ នាទី យប់

ខ្សែប្រយុទ្ធ Alvaro Morata ប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ លក់នាឡិកាដៃម៉ាកល្បីរ៉ូលិក (Rolex) ក្នុងតម្លៃទាបល្មមទៅមិត្តរួមក្រុម កីឡាករ Nicolo Fagioli ដើម្បីយកទៅលក់បន្តយកប្រាក់ទៅដោះបំណុលល្បែង អំឡុងលេងនៅក្លិប Juventus។
កីឡាករ Fagioli មកដល់ពេលនេះក៏កំពុងតែស្ថិតក្រោមការស៊ើបអង្កេត ចំពោះការសង្ស័យជាប់ពាក់ព័ន្ធនឹងការលេងល្បែងស៊ីសង។ កន្លងមករូបគេបានស្វះស្វែងរកជំនួយពីមិត្តរួមក្រុម ក៏ដូចជាបើកអាជីវកម្មលក់នាឡិកាដៃប្រណិតជាមួយនឹងកីឡាករ Morata អតីតមិត្តរួមក្រុមនៅ Juventus ដែលគោលបំណងរបស់គេគឺដើម្បីរកបានលុយរហ័ស ក្នុងការបង្វិលសងបំណុលល្បែងរបស់គេឱ្យបានលឿន។
ខ្សែបម្រើសញ្ជាតិអ៊ីតាលី Fagioli បាននិយាយថា Morata បានលក់នាឡិកាដៃម៉ាករ៉ូលិកឱ្យខ្លួនក្នុងតម្លៃទាប ដែលរូបគេអាចយកទៅលក់បន្តក្នុងតម្លៃដើម ឬថ្លៃជាង ហើយអ្នកទាំង ២ បានធ្វើរឿងនេះអស់រយៈពេលជាង ១ឆ្នាំមកហើយ។
ដោយឡែកបើតាមការចុះផ្សាយមួយរបស់កាសែត BeIN Sports នៅលើការផ្ញើសារមួយរបស់ Fagioli ដែលដកស្រង់បានដោយអាជ្ញាធរគ្រប់គ្រងការស៊ើបអង្កេតលើករណីលេងល្បែងស៊ីសងរបស់កីឡាករអ៊ីតាលី ថា Morata ម្ចាស់ពាន Euro 2024 និងជាប្រធានក្រុមអេស្ប៉ាញ មិនជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតករណីនេះនោះទេ។
Fagioli ទៀតសោត កាលពីឆ្នាំ ២០២៣ ត្រូវបានហាមឃាត់ពីវិស័យបាល់ទាត់ ៧ខែ ពីសំណាក់សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) ជាផ្នែកនៃការស៊ើបអង្កេត លើករណីជាប់ពាក់ព័ន្ធនឹងល្បែងភ្លាល់ជាមួយអតីតមិត្តរួមក្រុម Sandro Tonali និង Nicolo Zaniolo។ មកដល់ពេលនេះ ខ្សែបម្រើវ័យ ២៤ឆ្នាំ បានបង្ហើបថារូបគេបានរងការគំរាមកំហែងពីសំណាក់មេក្រុមទុចរិត ជាម្ចាស់នៃខ្សែបណ្តាញល្បែងផ្ទាល់ ដែលនាំឱ្យគេខ្ចីប្រាក់មិត្តរួមក្រុម ដើម្បីសងបំណុល។
ការស៊ើបអង្កេត អមជាមួយនឹងការអះអាងតាមរយៈការសន្ទនាជាសម្ងាត់របស់ Fagioli បានបង្ហើបថាបំណុលដែលជាប់ជំពាក់មានទំហំប្រមាណ ៣លានដុល្លារ។
ទោះជាយ៉ាងណា បន្ទាប់ពីមានរឿងរ៉ាវទាក់ទងនឹងការសងបំណុលល្បែងរបស់ Fagioli បានផ្ទុះឡើងលើប្រព័ន្ធផ្សព្វផ្សាយ កីឡាករសញ្ជាតិអេស្ប៉ាញ Morata ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram បដិសេធថាខ្លួនមិនបានជួយដោះបំណុលកីឡាករវ័យ ២៤ឆ្នាំ ឡើយ។ Morata បានបញ្ជាក់ថារូបគេគ្រាន់តែជួយផ្តល់ជាយោបល់សម្រាប់អាជីពកីឡាករខ្សែបម្រើ ក្នុងនាមជាមិត្ត និងមិត្តរួមក្រុមដែលមានបទពិសោធន៍ច្រើនជាងតែប៉ុណ្ណោះអំឡុងនៅក្លិប Juventus៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា
