អេមីរ៉ាតអារ៉ាប់រួមជាប្រទេសដំបូងគ្រោងប្រើ AI ដើម្បីសរសេរច្បាប់
  • ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៨:២៩ នាទី ព្រឹក
អេមីរ៉ាតអារ៉ាប់រួមជាប្រទេសដំបូងគ្រោងប្រើ AI ដើម្បីសរសេរច្បាប់
សភាអេមីរ៉ាតអារ៉ាប់រួម។ រូបភាព ៖ Reuters

អេមីរ៉ាតអារ៉ាប់រួមគ្រោងនឹងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតច្បាប់ថ្មី ក៏ដូចជាវាយតម្លៃ និងកែប្រែច្បាប់ដែលមានស្រាប់។ នេះជាគម្រោងមួយក្នុងចំណោមផែនការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា AI ដែលប្រទេសឈូងសមុទ្រមួយនេះបានវិនិយោគរាប់ពាន់លានដុល្លារដើម្បីអភិវឌ្ឍ។

TTN-Free-Banner-In-Article-PC

ការបង្កើតច្បាប់ដោយប្រើ AI ជាជំនួយ គឺមិនទាន់មានសោះឡើយនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ រដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួមហាក់កំពុងព្យាយាមប្រើប្រាស់ AI ឱ្យមានប្រសិទ្ធភាព រាប់ចាប់ពីការកែទម្រង់របាយកាណ៍ថវិកាជាតិ រហូតដល់ការកែលម្អសេវាសាធារណៈ។ ទោះយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់បានប្រើប្រាស់ AI ខ្លាំងក្លា ដើម្បីផ្លាស់ប្តូរច្បាប់ដែលមានស្រាប់ទាំងស្រុងនោះទេ។ 

លោក Sheikh Mohammad bin Rashid Al Maktoum នាយករដ្ឋមន្ត្រីអេមីរ៉ាតអារ៉ាប់រួមបាននិយាយនៅលើបណ្តាញផ្សព្វផ្សាយរបស់រដ្ឋថា ៖«ប្រព័ន្ធនីតិប្បញ្ញត្តិថ្មីដែលដំណើរការដោយ AI នឹងផ្លាស់ប្តូររបៀបដែលយើងបង្កើតច្បាប់ ធ្វើឱ្យដំណើរការកាន់តែលឿន និងត្រឹមត្រូវជាងមុន»។

កាលពីសប្តាហ៍មុន គណៈរដ្ឋមន្ត្រីរបស់អេមីរ៉ាតអារ៉ាប់រួមបានអនុម័តការបង្កើតស្ថាប័នថ្មីមួយ គឺការិយាល័យបណ្តុំគំនិតអ្នកច្បាប់ ដើម្បីត្រួតពិនិត្យការបង្កើតច្បាប់ដែលដំណើរការដោយ AI ។

ក្នុង​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាលអេមីរ៉ាត​អារ៉ាប់រួម​បាន​វិនិយោគ​យ៉ាង​ច្រើន​ក្នុង​វិស័យ AI។ កាលពីឆ្នាំមុន ប្រទេសនេះបានបង្កើតមូលនិធិវិនិយោគបច្ចេកវិទ្យា MGX ដោយចាប់ដៃគូជាមួយ BlackRock និង Microsoft ដើម្បីចាប់ផ្តើមមូលនិធិវិនិយោគហេដ្ឋារចនាសម្ព័ន្ធ AI ដែលមានតម្លៃជាង ៣០ពាន់លានដុល្លារ។ ក្រុមប្រឹក្សាភិបាលរបស់ MGX ក៏រួមបញ្ចូលអ្នកជំនាញ AI ផងដែរ។

លោក Sheikh Mohammad បាននិយាយថា AI នឹងស្នើឱ្យធ្វើបច្ចុប្បន្នភាពជាទៀងទាត់ចំពោះច្បាប់។ រដ្ឋាភិបាលរំពឹងថា AI នឹងបង្កើនល្បឿនដំណើរការនីតិប្បញ្ញត្តិ ៧០ភាគរយ។

ទោះជាយ៉ាងណា យោងទៅតាមអ្នកស្រាវជ្រាវ ការធ្វើបែបនេះក៏ប្រឈមមុខនឹងបញ្ហា និងហានិភ័យជាច្រើនផងដែរ ចាប់តាំងពី AI ធ្វើអោយអ្នកប្រើប្រាស់យល់ច្រឡំ

ទៅជាភាពលំអៀងដោយសារតែទិន្នន័យបញ្ចូល។ មានការងឿងឆ្ងល់ផងដែរថាតើ AI នឹងបកស្រាយច្បាប់ដូចមនុស្សដែរឬទេ?

«ខណៈពេលដែលគំរូ AI គួរឱ្យចាប់អារម្មណ៍ ពួកគេអាចយល់ច្រឡំ និងទទួលរងពីបញ្ហានៃការអាន និងការមិនផ្លាស់ប្តូរ»។ លោក Vincent Straub អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford ព្រមានបែបនេះ ដោយបន្តថា ៖«យើង​មិន​អាច​ទុក​ចិត្ត​ពួក​គេ​បាន​ទេ»។

បើតាមលោក Straub វាហាក់ដូចជាអេមីរ៉ាតអារ៉ាប់រួមកំពុងបោះជំហានមួយបន្ថែមទៀត ពីការមើលឃើញ AI ជាជំនួយការ ដែលជាឧបករណ៍សម្រាប់ជួយ ចាត់ថ្នាក់ និងកែសម្រួល ទៅជាឧបករណ៍ដែលអាចធ្វើការទស្សន៍ទាយបាន។

យោងតាមលោក Keegan McBride សាស្ត្រាចារ្យនៅវិទ្យាស្ថានអ៊ិនធឺណិត Oxford បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត អេមីរ៉ាតអារ៉ាប់រួមមានរចនាសម្ព័ន្ធអភិបាលកិច្ចត្រឹមត្រូវក្នុងការធ្វើឌីជីថលរបស់រដ្ឋាភិបាលយ៉ាងរហ័ស និងទូលំទូលាយ។

លោក McBride បានប្រាប់កាសែត Financial Times ថា ៖«ពួកគេអាចវិវឌ្ឍន៍បានលឿន ហើយពួកគេអាចពិសោធន៍ជាមួយអ្វីៗបាន។ រដ្ឋាភិបាលកំពុងប្រើប្រាស់ AI នៅក្នុងដំណាក់កាលជាច្រើននៃការធ្វើច្បាប់ ប៉ុន្តែទំហំនៃការរួមបញ្ចូលគំនិត AI បែបនេះ​​ គឺមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសណាមួយទ។ បើនិយាយពីមហិច្ឆតា អេមីរ៉ាតអារ៉ាប់រួមគឺស្ថិតនៅលំដាប់កំពូល»។

វាមិនទាន់ច្បាស់ថាតើប្រព័ន្ធ AI មួយណាដែលរដ្ឋាភិបាលអេមីរ៉ាត់អារ៉ាប់រួមនឹងប្រើប្រាស់ ប៉ុន្តែអ្នកជំនាញនិយាយថា ពួកគេប្រហែលជាត្រូវបញ្ចូលប្រព័ន្ធជាច្រើនជាមួយគ្នា។ ទោះយ៉ាងណាក៏ដោយ ការកំណត់កម្រិត និងការត្រួតពិនិត្យរបស់មនុស្សគឺសំខាន់បំផុត។

លោកស្រី Marina De Vos អ្នកវិទ្យាសាស្ត្រកុំព្យូទ័រនៅសកលវិទ្យាល័យ Bath បាននិយាយថា AI អាចបង្កើតបាននូវគំនិតចំលែកដែលមានន័យសម្រាប់ម៉ាស៊ីន ប៉ុន្តែគ្មានន័យទាំងស្រុងនៅពេលអនុវត្តចំពោះសង្គមមនុស្សទេ៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង