សហព័ន្ធកីឡាទោចក្រយាន នឹងរៀបចំការជិះកង់ពីភ្នំពេញទៅសៀមរាប លើកទី២
  • ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
សហព័ន្ធកីឡាទោចក្រយាន នឹងរៀបចំការជិះកង់ពីភ្នំពេញទៅសៀមរាប លើកទី២
រូបពីសហព័ន្ធកីឡាទោចក្រយាន

សហព័ន្ធកីឡាទោចក្រយានកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ពីភ្នំពេញ ទៅសៀមរាប លើចម្ងាយផ្លូវ ៣១០គីឡូម៉ែត្រ លើកទី២ នៅថ្ងៃទី៣១ ខែឧសភា។ ព្រឹត្តិការណ៍លើកទី២នេះ ក្នុងគោលបំណងផ្សព្វផ្សាយពីកីឡាទោចក្រយាន និងវិស័យទេសចរណ៍ នៅកម្ពុជា។

TTN-Free-Banner-In-Article-PC

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានរៀបរាប់ថា ព្រឹត្តិការណ៍នេះ ក៏មានគោលដៅរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងលើកកម្ពស់ការលេងកីឡាដើម្បីសុខភាព។ បើតាមលោក ចំរើន ព្រឹត្តិការណ៍ជិះកង់នេះ នឹងចេញដំណើរពីវិមានឯករាជ្យ ទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

«យើង រៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីបុព្វហេតុក្នុងវិស័យកីឡាទោចក្រយាន។ ទី២ គឺដើម្បីរៃអង្គាសថវិកា សម្ភារៈយកជូន ដល់មន្ទីរពេទ្យកុមារអង្គរ និងទី៣ គឺយើងធ្វើដើម្បីផ្សព្វផ្សាយទេសចរណ៍ គឺក្រុមកង់ទាំងអស់ ជួបជុំគ្នាហើយជិះកម្សាន្ដ ទៅខេត្តសៀមរាប ដោយការធ្វើដំណើរតាមរយៈកីឡាផង និងតាមរយៈសប្បុរសធម៌ផង។»។ អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះ។

គិតត្រឹមថ្ងៃទី២១ មេសា សហព័ន្ធកីឡាទោចក្រយានកម្ពុជា​ ទទួលបានអ្នកចុះឈ្មោះចូលរួមជិះកង់ពី ភ្នំពេញទៅសៀមរាប មានចំនួនជាង ១០០នាក់ ដោយក្នុងនោះ មាន៩នាក់ជាជនបរទេស។ សហព័ន្ធ នឹងបិទការចុះឈ្មោះ នៅថ្ងៃទី៣០ ខែមេសា។

លោក ចំរើន ក៏រំពឹងថា ចំនួនអ្នកចូលរួមព្រឹត្តិការណ៍នេះ នឹងកើនជាងលើកទី១។ អគ្គលេខាធិការរូបនេះ បានប្រាប់ថា៖«យើងរំពឹងថាអ្នកចុះឈ្មោះអាចឡើងដល់ ២០០នាក់ ហើយអ្នកចូលរួមផ្សេងទៀត នឹងអមដំណើរតាមខេត្ត ឬទីតាំងដែលគាត់រស់នៅ។ ពីមុនលើកទី១ យើងមានអ្នកចុះឈ្មោះជាង ២០០នាក់ ហើយអ្នកអមដំណើរជិត ៥០០នាក់។ យើងរំពឹងថាព្រឹត្តិការណ៍នេះ មានការចូលរួមអធិកអធម ហើយចូលរួមពីអ្នកជិះកង់ទាំងអស់ ដោយយើងមិនគិតថាអាជីព ឬមិនអាជីពអីទេ។»។ 

គួរបញ្ជាក់ផងដែរថា​ កាលពីថ្ងៃទី១ មិថុនា ឆ្នាំ២០២៤ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានរៀបចំព្រឹត្តិការណ៍នេះ ម្ដងរួចមកហើយ ដោយមានអ្នកចូលរួមសរុប ២៦០នាក់ ក្នុងនោះមាន ២០ភាគរយជាជនបរទេសមកពីរុស្ស៊ី បារាំង ហ្វីលីពីន និងវៀតណាម៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា