ពីទឹកក្រូចមួយដបក៏នាំចូល បច្ចុប្បន្ន កម្ពុជាមានរោងចក្រដំឡើងរថយន្តចំនួន៩កន្លែង
  • ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៤៧ នាទី ព្រឹក
ពីទឹកក្រូចមួយដបក៏នាំចូល បច្ចុប្បន្ន កម្ពុជាមានរោងចក្រដំឡើងរថយន្តចំនួន៩កន្លែង

ភ្នំពេញ៖ កម្ពុជា បានប្តូរពីប្រទេសដែលសូម្បីតែទឹកក្រូចមួយដបក៏នាំចូល រហូតមានរោងចក្រដំ​ឡើងរថយន្តរហូតដល់៩កន្លែង នៅក្នុងប្រទេស នាពេល​បច្ចុប្បន្ននេះ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ ក្នុងពិធីសម្ពោធ​ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ​ដំឡើង​គ្រឿង​បង្គុំរថយន្ត Ford ​របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក” នៅខេត្តពោធិ៍សាត់ ​នៅព្រឹកថ្ងៃទី២២ ខែមេសានេះ។

TTN-Free-Banner-In-Article-PC

ក្រៅពីបង្ហាញ​មោទកភាពចំពោះការ​អភិវឌ្ឍរបស់កម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ក៏មានជំនឿមុតមាំថា នៅក្នុងពេលខាងមុខ កម្ពុជា នឹងមានលទ្ធភាពនាំចេញរថយន្ត ទៅក្រៅប្រទេសបន្ថែមទៀត។ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ៖ «​សំខាន់ មានតែម Made In Cambodia មិនត្រឹមមានតែខោអាវទេ គឺមានទាំងឡាន ដាក់ VIN Number Cambodia ទៀត។ នេះជាមោទកភាពរបស់កម្ពុជា។ ដើមជំហានគីង្គក់ តែយើងយើងលោតទៅមុខ។ តក់ៗពេញបំពង់ កុំអាល់មើលងាយអ្នកតក់ៗពេញបំពង់ហ្នឹង។»។ 

ក្នុងចំណោមរោងកច្រដំឡើងរថយន្តទាំង៩ នៅកម្ពុជា មានរោងចក្រចំនួន ៦មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស។ សម្តេច ហ៊ុន ម៉ាណែត ឱ្យដឹងដូច្នេះ។

សម្រាប់សម្តេចនាយករដ្ឋម​ន្ត្រី ការរីកចម្រើនទាំងអស់នេះ គឺជាតឹកតាងបន្ថែម ដែលទាមទារឱ្យកម្ពុជា ត្រូវតែបន្តនូវការថែរក្សាសន្តិភាព សន្តិសុខ ព្រមទាំងការធានានូវគោលនយោបាយ លើកទឹកចិត្តដល់វិនិយោគិនដែលកំពុងបណ្តាក់ទុនរកស៊ីនៅកម្ពុជា៕


អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ខន ចំប៉ា