- ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១១:០៦ នាទី ព្រឹក

សម្តេច ហ៊ុន ម៉ាណែត បានប្រាប់ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន យកចិត្តទុកដាក់ចំពោះលើស្តង់ដារសុវត្ថិភាពយានយន្ត ពិសេសរថយន្តអគ្គិសនី និងរថយន្តកែច្នៃ។ ការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីសង្កេតឃើញករណីឆេះរថយន្ត កើតឡើងរឿយៗនៅកម្ពុជា ស្របពេលដែលការប្រើប្រាស់រថយន្តអគ្គិសនី(EV)កំពុងកើនឡើងនៅកម្ពុជា។
ពីពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក” នៅខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២២ ខែមេសានេះ ប្រមុខរាជរដ្ឋាភិបាល បារម្ភថា ប្រសិនបើករណីនេះ បន្តកើតឡើងញឹកញាប់នោះ វាមិនត្រឹមតែអាចប៉ះពាល់ដល់ជីវិត និងទ្រព្យសម្បត្តិម្ចាស់យានយន្តនោះទេ ប៉ុន្តែធ្វើឱ្យ អ្នកប្រើប្រាស់ បាត់ទំនុកចិត្តតែម្តង។
សម្តេច ហ៊ុន ម៉ាណែត លើកឡើងដូច្នេះថា៖ «បើសិនជាមានបញ្ហា ធ្វើឱ្យបាត់ទំនុកចិត្តទាំងអស់! អ៊ីចឹងខ្ញុំសុំថា ធ្វើម៉េច ស្តង់ដារបច្ចេកទេសនេះ គឺប្រយ័ត្នប្រយែង។ ហើយឡានអគ្គិសនី គឺសូមឱ្យ(ប្រយ័ត្ន) ព្រោះមានឡានគគោក តាមហ្វេសប៊ុក ឡានអគ្គិសនី បើកៗឆេះ។ តុកតុក(ក៏មានឆេះ) ព្រោះជួនកាលរឿងអាគុយ។ អ៊ីចឹងសូមឱ្យមានការត្រួតពិនិត្យបច្ចេកទេសឱ្យបានស្រួល។ រឿងហ្នឹងខាង(ក្រសួង)សាធារណការ ឥឡូវក្រសួងសាធារណការត្រួតពិនិត្យបច្ចេកទេសរថយន្ត។ កាលពីមុនយើងមានរថយន្ត(ប្រើ)ប្រេង, រថយន្ត Hybrid, ឥឡូវយើងមានរថយន្ត EV ពេលទៅឆៀក មិនស្រួលឆេះ សូមឱ្យមើល។ ព្រោះឡានច្នៃពិបាក!។»។
ទន្ទឹមនឹងបញ្ហានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏សង្កេតឃើញដែរអំពីកំណើនគួរឱ្យកត់សម្គាល់ នៃការប្រើប្រាស់ រថយន្តអគ្គិសនី (EV) នៅកម្ពុជា ក៏ប៉ុន្តែការប្រើប្រាស់ភាគច្រើន គឺនៅទីក្រុង ខណៈនៅតាមបណ្តាខេត្ត នៅមានតិចតួចនៅឡើយ ដែលមូលហេតុគឺអាចបណ្តាលមកពីស្ថានីយសាកថ្ម នៅតាមបណ្តាខេត្តនៅមានកម្រិត។
ក្នុងន័យនេះ សម្តេចនាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងរ៉ែ និងថាមពល គិតគូរពីការដាក់ពង្រាយបន្ថែមទៀត នូវស្ថានីយសាកថ្មរថយន្តអគ្គិសនី ប៉ុន្តែត្រូវធានាឱ្យបាន នូវស្តង់ដារគុណភាព និងសុវត្ថិភាព។
«ត្រូវធ្វើម៉េចពង្រាយ ប៉ុន្តែត្រូវគិតគូរអំពីស្តង់ដារគុណភាព សុវត្ថិភាព! ត្រូវធ្វើម៉េច ធានាឱ្យបាន ដូចហ្គារ៉ាស់សាំងអ៊ីចឹង! ក្រុមហ៊ុនខ្លះគាត់មានដេប៉ូ ច្រើន បើគ្រប់គ្រងមិនបាន ដេប៉ូខ្លះ គេលែងចូលបណ្តោយ!។ ចាក់មិនស្រួលខូចឡាន។ តែ EV ដូចគ្នាដែរ ធ្វើមិនស្រួល ដាក់មិនស្រួលឆេះស្ថានីយ។»។ សម្តេច ហ៊ុន ម៉ាណែត ជំរុញបែបនេះ មុននឹងប្រាប់ទៅក្រុមហ៊ុនឯកជន ដែលមានបំណងដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនីដោយខ្លួនឯង ត្រូវគិតគូរពីការធានាសុវត្ថិភាព និងត្រូវសហការជិតសិទ្ធ ជាមួយក្រសួងរ៉ែ និងថាមពល ដែលទទួលខុសត្រូវលើបច្ចេកទេស ដើម្បីចៀសវាងហានិភ័យ ឬគ្រោះថ្នាក់ជាយថាហេតុ។
ក្រៅពីបញ្ហារថយន្តអគ្គិសនី ប្រមុខរាជរដ្ឋាភិបាល ក៏បានប្រាប់ ឱ្យក្រសួងរ៉ែ និងថាមពល សហការជាមួយស្ថាប័នពាក់ព័ន្ធ ពិនិត្យបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធនឹងការផ្គត់ផ្គង់ថាមពលអគ្គិសនី ស្របតាមស្តង់ដារថាមពលស្អាត (Clean Energy) ដើម្បីបំពេញតម្រូវការ ក្នុងការនាំចេញ នាំចូល។ ប្រមុខរាជរដ្ឋាភិបាល ក៏លើកទឹកចិត្តឱ្យគិតគូរ ដល់ការធ្វើពិពិធភាពក្នុងវិស័យថាមពលស្អាតនេះផងដែរ ដើម្បីធានានូវនិរន្តរភាពនៃការផ្គត់ផ្គង់ថាមពល។
យោងតាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនី ក្នុងឆ្នាំ២០២៤ កម្ពុជា មានតម្រូវការប្រើប្រាស់អគ្គិសនីក្នុងអានុភាព ៥, ០៤៤ មេហ្កាវ៉ាត់ ស្នើនឹងថាមពល ១៩ ៤១៩,២៤ គីឡូវ៉ាត់ម៉ោង ក្នុងនោះប្រភពថាមពលកកើតឡើងឡើងវិញ ឬថាមពលស្អាត មានអានុភាព ២ ៦៧២ មេហ្កាវ៉ាត់ ស្មើនឹង ៦១,១១ ភាគរយ។ កាលពីឆ្នាំ២០២៤ កម្ពុជា បន្តនាំចូលអគ្គិសនី ប្រមាណ ១៣ភាគរយ ពីប្រទេសថៃ ឡាវ និងវៀតណាម ដើម្បីបង្គ្រប់តម្រូវការក្នុងស្រុក។
បើតាម សម្តេច ហ៊ុន ម៉ាណែត កម្ពុជា នឹងបង្កើនការប្រើប្រាស់ថាមពលកកើតឡើងឡើងវិញ រហូតដល់ ៧០ភាគរយ ក្នុងឆ្នាំ២០២៣០ ខណៈឆ្នាំ២០២៥ កម្ពុជា ប្តេជ្ញាសម្រេចឱ្បបាននូវអព្យាក្រឹតកាបូនក្នុងឆ្នាំ ២០៥០។
សូមរំឭកថា កាលពីខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ គណៈរដ្ឋមន្ត្រី បានអនុម័តគម្រោងអភិវឌ្ឍន៍វិស័យអគ្គិសនីនៅកម្ពុជា ចំនួន២៣ គម្រោង សម្រាប់ឆ្នាំ២០២៤-២០២៩ ដែល មានទុនវិនិយោគសរុបទៅដល់ ៥ ៧៩០ លានដុល្លារអាម៉េរិក។ គណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា គម្រោងវិនិយោគវិស័យអគ្គិសនីនេះ គឺធ្វើឡើងដើម្បីដោះស្រាយបញ្ហាប្រឈមខ្វះប្រភពអគ្គិសនី ដោយសារការផ្លាស់ប្តូរសភាពការណ៍ នៃការអភិវឌ្ឍគម្រោងប្រភពអគ្គិសនីដែលបានគ្រោងទុក៕
អ្នកសរសេរអត្ថបទ
កញ្ញា ខន ចំប៉ា ចូលរួមជាមួយសារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មានផ្នែកសង្គម និងគ្រប់គ្រងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មានតួនាទីជានិពន្ធនាយកា៕
