- ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១១:៣២ នាទី ព្រឹក

ក្លិបភ្នំពេញក្រោន និងវិសាខា ព្រមព្រៀងគ្នា លើកពេលប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ ដើម្បីជាការគោរពវិញ្ញាណក្ខន្ធខ្សែការពារ ទេស សម្បត្តិ ដែលទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២០ ខែមេសា។
តាមរយៈសេចក្តីប្រកាសរបស់ផេកផ្លូវការ Hun Sen Cup-ពានរង្វាន់សម្តេច ហ៊ុន សែន នៅថ្ងៃទី២២ ខែមេសា ជំនួបជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាង ភ្នំពេញក្រោន ទល់ វិសាខា ដែលគ្រោងធ្វើនៅថ្ងៃទី២៣ ខែមេសា ត្រូវលើកពេលទៅធ្វើនៅថ្ងៃទី៣០ ខែមេសាវិញ។
ការលើកពេលនេះ កើតឡើងដោយសារ កីឡាករ ទេស សម្បត្តិ ខ្សែការពារគោព្រៃកម្ពុជា និងក្លិបវិសាខា បានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ ក្រោយជិះម៉ូតូធ្លាក់ទឹកស្ទឹង នៅចំណុចស្ទឹងក្នុងភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការពន្យារពេលនេះ ធ្វើឡើងដោយមានការព្រមព្រៀងគ្នារវាងក្លិបភ្នំពេញក្រោន ក្លិបវិសាខា និង គណៈកម្មការរៀបចំការប្រកួតផងដែរ។
បើតាមសេចក្តីប្រកាសរបស់ក្លិបភ្នំពេញក្រោន ពួកគេយល់ព្រមពន្យារពេលប្រកួត ដោយយល់ថាការបាត់បង់ធនធានកីឡាករ ទេស សម្បត្តិ បានធ្វើឱ្យក្លិប សមាជិកកីឡាករទាំងអស់ ព្រមទាំងគ្រួសារសព ស្ថិតក្នុងស្ថានភាពសោកសៅ។
«ក្នុងស្ថានភាពដ៏សោកសៅនេះ យើងខ្ញុំសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សម្រាប់ការប្រកួតរវាងក្រុមភ្នំពេញក្រោន និងវិសាខា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃពុធ ទី២៣ ខែមេសានេះ នឹងត្រូវលើកពេលប្រកួតទៅថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ ខាងមុខវិញ»។ នេះជាសំណេររបស់ក្លិបភ្នំពេញក្រោនលើផេកផ្លូវការរបស់ខ្លួន។ ក្លិបបន្ថែមថា បាល់ទាត់មានអត្ថន័យលើសពីការប្រកួតប្រជែង ពោលគឺប្រៀបបានទៅនឹងគ្រួសារដ៏ធំមួយ ដូច្នេះនេះគឺជាពេលវេលាដែលត្រូវគិតអំពីការរួបរួមគ្នា និងចែករំលែកការលំបាកជាមួយគ្នា។
ជុំវិញការពន្យារពេលប្រកួតនេះ ទាំងក្លិបភ្នំពេញក្រោន និងវិសាខា បានពិចារណាយ៉ាងល្អិតល្អន់ មុនជូនដំណឹងទៅគណៈកម្មការរៀបចំការប្រកួត ដើម្បីស្នើសុំផ្លាស់ប្តូរពេលវេលាប្រកួតនេះ ក្នុងគោលបំណងជាការគោរពដល់វិញ្ញាណក្ខន្ធរបស់កីឡាករ ទេស សម្បត្តិ៕
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។
